ជាតិ
លោក ទៀ សីហា ឈរឈ្មោះតំណាងរាស្រ្តលេខរៀងទី៣មណ្ឌលសៀមរាប
02, May 2023 , 8:59 pm        
រូបភាព
អភិបាលខេត្តសៀមរាប លោក ទៀ សីហា។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
អភិបាលខេត្តសៀមរាប លោក ទៀ សីហា។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានឈ្មោះក្នុងបញ្ជីបេក្ខភាពឈរឈ្មោះ​តំណាងរាស្រ្តនីតិកាលអាណត្តិទី៧។ លោកឈរឈ្មោះនៅលេខរៀងទី៣ នៃមណ្ឌលខេត្តសៀមរាប ក្នុងចំណោមបេក្ខភាពទាំង៦នាក់។

 
ក្រោយកាន់តំណែងជាអភិបាលខេត្តសៀមរាបរយៈពេលជិត៥ឆ្នាំ (ឡើងកាន់តំណែងថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨) លោក ទៀ សីហា ដែលជាកូនសម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មានឈ្មោះ ក្នុងបញ្ជីបេក្ខភាពតំណាងរាស្រ្តនីតិកាលទី៧ គណបក្សប្រជាជនកម្ពុជា នាមណ្ឌលខេត្តសៀមរាប។ លោកឈរឈ្មោះនៅលេខរៀងទី៣ បន្ទាប់ពីសម្ដេច ទៀ បាញ់ នៅលេខរៀងទី១ និងលោក សៀង ណាំ ឈរនៅលេខរៀងទី២។ 
 
ចំណុចនេះបានបង្ហាញថា លោក ទៀ សីហា នឹងលាលែងចេញពីតំណែងអភិបាលខេត្ត ប្រសិនបើ​គណបក្សប្រជាជនកម្ពុជាដណ្ដើមកៅអីបាន៣ នៅថ្ងៃបោះឆ្នោតជាតិខាងមុខ។ 
 
ជុំវិញករណីនេះ នាយករដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈ បានឱ្យដឹងថា នេះជាសេចក្ដីសម្រេច របស់គណៈចាត់តាំងបក្ស ក៏ដូចជាក្រុមការងារចុះជួយខេត្តសៀមរាប។ «តាមពិតទៅវាជារឿងធម្មតា ថ្ងៃក្រោយទៅ សម្ដេចពិជ័យនឹងផ្តល់ឱកាសក្នុងការជាក្រុមការងាររបស់ឯកឧត្តមអភិបាលខេត្ត ប្រសិនថ្ងៃ ក្រោយទៅគាត់ផ្លាស់ការងារទៅក្រុងភ្នំពេញ គាត់នៅតែជាក្រុមការងារចុះមកខេត្តសៀមរាបជួយមើល ជួយតម្រង់ទិស ដូចសម្ដេចពិជ័យបានធ្វើកន្លងមក»។ នេះជាការលើកឡើងរបស់លោក លី វណ្ណៈ ជាមួយសារព័ត៌មានថ្មីៗ។
 
ចំពោះបេក្ខភាពបន្តជាអភិបាលខេត្តជំនួសលោក ទៀ សីហា មិនទាន់មានការបញ្ជាក់នៅឡើយ។ លោក លី វណ្ណៈ អះអាងថា នេះជាការសម្រេចរបស់ថ្នាក់លើ ដែលនឹងប្រជុំសម្រេចនាដំណាក់កាលបន្ទាប់។ 
 
យ៉ាងណា បេក្ខភាពដែលគេមើលឃើញថាអាចនឹងឡើងជាអភិបាលខេត្តជំនួសនោះ គឺលោក ប្រាក់ សោភណ្ឌ ដែលបច្ចុប្បន្នជាអភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តសៀមរាប។ លោកជាកូនប្រុសរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស។ 
 
លោក ប្រាក់ សោភណ្ឌ ឡើងកាន់តំណែងជាអភិបាលរងនៅខែកុម្ភៈ ឆ្នាំ២០២២ ជំនួសលោក ង៉ាន់ ភិរុណ ដែលប្ដូរការងារ ទៅក្រសួងមហាផ្ទៃ។ នៅថ្ងៃទី២៩ ឧសភា កន្លងទៅថ្មីៗនេះ លោក ប្រាក់ សោភណ្ឌ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា តែងតាំងជាអនុប្រធាន​នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ នេះជាសញ្ញាបើកផ្លូវទៅរកតំណែងជា​អភិបាលខេត្តនាថ្ងៃខាងមុខ។ យ៉ាងណា មានតែថ្នាក់លើប៉ុណ្ណោះដែលអាចកំណត់ពីតួនាទីនេះបាន ដែលពលរដ្ឋខេត្តសៀមរាបកំពុងរង់ចាំមើល៕


លោក ប្រាក់ សោភណ្ឌ ត្រូវបានតែងតាំងជាអនុប្រធាននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
 


© រក្សាសិទ្ធិដោយ thmeythmey.com