កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ប្រធានស.ស.ស.ក ៖ គួរចេះថ្លឹងថ្លែង មុននឹងផ្សព្វផ្សាយ ដើម្បីកុំឱ្យប៉ះពាល់កិត្តិយសជាតិ នាស៊ីហ្គេម
03, May 2023 , 8:59 am        
រូបភាព
លោក ហ៊ុយ  វណ្ណៈ  ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ « ស.ស.ស.ក» រូបភាពពីរបស់សារព៏ត៌មានថ្មីៗ  ពីលោក ងាវ ចន្ទ័គ្រិស្នា..
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ « ស.ស.ស.ក» រូបភាពពីរបស់សារព៏ត៌មានថ្មីៗ ពីលោក ងាវ ចន្ទ័គ្រិស្នា..
ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា «ស.ស.ស.ក» បានបញ្ជាក់ថា ព្រឹត្តិការកីឡាស៊ីហ្គេមគឺជាទំនួលខុសត្រូវរបស់ពលរដ្ឋគ្រប់គ្នា ដើម្បីបង្ហាញទៅកាន់ប្រទេសដៃគូ ក៏ដូចជាអន្តរជាតិថាខ្មែរអាចធ្វើបាន ក្នុងនាមជាម្ចាស់ផ្ទះ។ អ្នកសារព័ត៌មានជើងចាស់ខាងលើ សង្កត់ធ្ងន់ថា ពលរដ្ឋ និងអ្នកសារព័ត៌មាន គួរចេះថ្លឹងថ្លែង មុននឹងផ្សព្វផ្សាយអ្វីមួយ ដើម្បីកុំឱ្យប៉ះពាល់កិត្តិយសជាតិ នាស៊ីហ្គេមនេះ។




លោក ហ៊ុយ  វណ្ណៈ  ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ « ស.ស.ស.ក» រូបភាពពីរបស់សារព៏ត៌មានថ្មីៗ  ពីលោក ងាវ ចន្ទ័គ្រិស្នា front
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដូចតទៅ




 
កញ្ញា៖ សុង សុធាវី៖ ស្របពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ តើលោកនឹងចូលរួមបែបណាពីវិស័យសារព័ត៌មាន? 
 
លោក ហ៊ុយ វណ្ណៈ៖ សូមអរគុណ សារព័ត៌មានថ្មីៗ ចំពោះកិច្ចសម្ភាស ទាក់ទងនឹងព្រឹត្តិកាណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម  ដែលកម្ពុជារៀបចំកម្មវិធី នាឆ្នាំនេះ! នេះជារឿងសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់! មិនថាតែសម្រាប់ កីឡាករ ពាណិជ្ជករ ប្រជាជនទូទៅ ពិសេសវិស័យសារព័ត៌មានផ្ទាល់តែម្តង ដែលនេះជាឱកាសកសាងកិត្តិយស សម្រាប់ជាតិយើង និងបង្ហាញពីសមត្ថភាពជាតិ ថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់។ សមត្ថភាពគ្រប់គ្រាន់គឺរួមផ្សំគ្នា ទាំងហេដ្ឋារចនាសម្ព័ន្ធ , អ្នកជំនាញផ្នែកបច្ចេកទេស, កីឡាករ, ពោលគឺគ្រប់យ៉ាង ដែលទាក់ទងនឹងការរៀបចំកីឡាកំរិតអន្តរជាតិនេះ។ 
 
កញ្ញា សុង សុធាវី៖ តើទិដ្ឋភាពស៊ីហ្គេមនឹងផ្តល់ផលវិជ្ជមានអ្វីខ្លះ សម្រាប់ជាតិខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំហ្នឹង?
 
លោក ហ៊ុយ វណ្ណៈ៖ នៅក្នុងឆ្នាំនេះ យើងមានព្រឹត្តិការណ៍សំខាន់បី រួមមានអង្គរសង្រ្កាន្ត នារយៈពេលមុន ហើយពេលនេះជាព្រឹត្តិការណ៍ស៊ីហ្គេម និងបន្តិចទៀតជាព្រឹត្តិការណ៍សំខាន់បំផុត គឺបោះឆ្នោតជាតិ! ទិដ្ឋភាពច្រើនណាស់ បានទៅលើផលប្រយោជន៍ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប្រព្រឹត្តទៅបានដោយជោគជ័យ និងប្រកបដោយកិត្តិយសសម្រាប់ជាតិ។ ខ្ញុំគិតថាផ្នែកពាក់ព័ន្ធទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ ក្នុងការចូលរួម ដោយធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍ដ៏សំខាន់នេះទទួលបានលទ្ធផលឈ្នះៗ និងកិត្តិយសជាតិ។ 
 

លោក ហ៊ុយ  វណ្ណៈ  ប្រធាន ស.ស.ស.ក  ក្នុងបទសម្ភាស ជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់សារព៏ត៌មានថ្មីៗ ពីលោក ងាវ ចន្ទ័គ្រិស្នា
 
កញ្ញា សុង សុធាវី៖ បើផ្នែកទាំងអស់ពិតជាសំខាន់! តើគេអាចយកលក្ខខណ្ឌប្រទេសមួយ ទៅប្រៀបធៀបនឹងប្រទេសមួយទៀតបានទេ ពិសេសការរិះគន់លើប្រទេសដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម?
 
លោក ហ៊ុយ វណ្ណៈ៖ ផ្នែកទាំងអស់ពិតជាសំខាន់ យើងអត់អាចយកកម្ពុជា​ ទៅប្រៀបធៀបជាមួយប្រទេសនេះ ឬ លក្ខខណ្ឌនៃការរៀបចំរបស់ប្រទេសនោះទេ ក៏ដូចជាកំរិតនៃប្រព័ន្ធផ្សព្វផ្សាយនៅផ្នែកណាមួយទេ។  ផ្ទុយទៅវិញគេត្រូវគិតលើទិដ្ឋភាពរួមគ្នាតែម្តង ហើយខ្ញុំសុំទាញការចាប់អារម្មណ៍បន្តិចដែរ ដោយយើងទទួលស្គាល់ថា មនុស្សភាគច្រើនរំពឹងទៅលើតែលទ្ធផលឈ្នះ ចាញ់គ្នា!  ​តើប្រទេសនេះបានមេដាយអ្វីខ្លះ? តើប្រទេសនោះបានមេដាយប៉ុន្មាន? យើងទទួលស្គាល់ថា លទ្ធផលគឺជាផ្នែកមួយហើយ តែលើសពីនេះ កីឡាស៊ីហ្គេមមានកងរង្វង់ហ្នឹង ប្រែថាសាមគ្គី។ អ៊ីចឹងហើយ ទើបយើងឃើញមានការខិតខំរបស់គណៈកម្មការរៀបចំកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ លើកទី៣២នេះ ដែលកម្ពុជាយើងគឺជាម្ចាស់ផ្ទះ។ 
 
កញ្ញា សុង សុធាវី៖ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ តើមានការរួមគ្នាបែបណាខ្លះតាមការមើលឃើញរបស់លោក?
 
លោក ហ៊ុយ វណ្ណៈ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះមានការដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ហើយក្នុងនោះក៏មានការចូលចូលពីគ្រប់ក្រសួងពាក់ព័ន្ធ។ រីឯ ចំពោះខ្ញុំ ក្រៅពីប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខ្ញុំក៏ជាសមាជិកអចិន្រ្តិយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការផ្សព្វផ្សាយកម្មវិធីនេះដែរ។  អ៊ីចឹង ទាំងហ្នឹងមិនត្រឹមតែជាកីឡាទេ តែលើសពីកីឡា ហើយរឿងដ៏សំខាន់គឺការផ្សព្វផ្សាយពីកម្ពុជាយើង។ អ៊ីចឹង រឿងស៊ីហ្គេមជារឿងរបស់យើងតែម្តង ហើយផ្នែកណាក៏សំខាន់ដែរ។ ផ្នែកឯកជន ដែលត្រូវចូលរួមតាមរយៈរូបភាពណាមួយក្នុងកម្មវិធីនេះ គឺជារឿងសំខាន់។ អ៊ីចឹង គណៈកម្មការដែលរៀបចំព្រឹត្តិការណ៍នេះក៏កាន់តែសំខាន់សំខាន់, គណៈកម្មការអូឡាំពិក, ហើយវិស័យសារព័ត៌មានយើងរឹតតែសំខាន់។ អ្នកទាំងអស់គ្នា ត្រូវបង្ហាញពីទិដ្ឋភាពរួម មិនថាពីជ្រុងណាទេ ដែលបង្ហាញពីសមត្ថភាពជាតិ សក្តានុពលជាតិ ។ល។ ចេញពីកីឡាស៊ីហ្គេមនេះ  តែមិនគួរផ្សាយពីភាពមិនល្អណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិទៅកាន់ឆាកអន្តរជាតិឡើយ។ ជារួមយើងត្រូវថ្លឹងថា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ តើយើងត្រូវរំលេចអ្វីដែលជាភាពចាំបាច់ ដែលយើងត្រូវផ្សព្វផ្សាយពីសមត្ថភាពជាតិ?  ដែលក្នុងនាមកម្ពុជាយើងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះផ្ទាល់តែម្តង៕  
 

Tag:
 បទសម្ភាសវិស័យកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com