កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់នារីស៊ីហ្គេម៖ ចំណោមគ្រូទាំង៨ក្រុម ម៉ាឡេស៊ីប្រើគ្រូស្រី ក្រៅពីនោះប្រុសទាំងអស់
02, May 2023 , 4:57 pm        
រូបភាព
អ្នកស្រី Soleen Al-Zoubi គ្រូក្រុមស្ត្រីម៉ាឡេស៊ី។ រូបភាព៖ Cambodia2023
អ្នកស្រី Soleen Al-Zoubi គ្រូក្រុមស្ត្រីម៉ាឡេស៊ី។ រូបភាព៖ Cambodia2023
ការប្រកួតកីឡាបាល់ទាត់នារីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែឧសភា។ ក្នុងចំណោមក្រុមចូលរួមទាំង៨ប្រទេស មានតែម៉ាឡេស៊ីប៉ុណ្ណោះដែលប្រើគ្រូបង្វឹកស្ត្រីដើម្បីដឹកនាំក្រុម ឯ៧ក្រុមទៀតសុទ្ធតែបុរស។



វិញ្ញាសាបាល់ទាត់នារីមានប្រទេសចូលរួមចំនួន៨ ដោយចែកជាពីរពូល A និង B។ ពូល A ក្នុងនោះមានម្ចាស់ការពារតំណែងជើងឯកវៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី និងពូល B មាន ថៃ ឡាវ សិង្ហបុរី និងម្ចាស់ផ្ទះកម្ពុជា។
  
រូបភាព៖ Cambodia2023

អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគ្រូបង្វឹកក្រុមទាំង៨ មានតែម៉ាឡេស៊ីប៉ុណ្ណោះដែលមានគ្រូបង្គោលជាស្ត្រី ក្រៅពីនោះបុរសទាំងអស់ រួមទាំងម្ចាស់ផ្ទះកម្ពុជាផង។ 
អ្នកស្រី Soleen Al-Zoubi សញ្ចាតិហ្សកដានី ត្រូវបានតែងតាំងជាគ្រូក្រុមស្ត្រីម៉ាឡេស៊ីនៅឆ្នាំ២០២២​ រហូតបច្ចប្បន្ន។ មុនការតែងជាគ្រូម៉ាឡេស៊ី អ្នកស្រី Al-Zoubi ជានាយកសហព័ន្ធកីឡាបាល់ទាត់នារីហ្សកដានី (JFA) ចន្លោះឆ្នាំ២០២០ ដល់២០២២។
 
ដោយឡែក ក្រុម៧ទៀតដែលមានគ្រូបង្គោលជាបុរសរួមមានថៃ លោក Naruphol Kaenson, លោក Karim Bencherifa គ្រូសង្ហបុរី, លោក Vongmisay Soubouakham គ្រូបង្វឹកឡាវ, លោក Mai Đức Chung គ្រូវៀតណាម, លោក Alen Stajcic គ្រូហ្វីលីពីន, លោក Tin Myint Aung គ្រូមីយ៉ាន់ម៉ា គ្រូកម្ពុជាលោក ប្រាក់ វុទ្ធី។
  
រូបភាព៖ Cambodia2023

ការប្រកួតបើកឆាក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ចំនួន៤គូតែម្តង ដោយពូល A មានការជួបគ្នារវាងវៀតណាមជាមួយម៉ាឡេស៊ី នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង៤រសៀល ស្របពេលការជួបគ្នាពូល B រវាងថៃ និងសិង្ហបុរី នៅកីឡដ្ឋាន Smart RSN នឹងធ្វើនៅម៉ោងតំណាយគ្នា។
 
ដោយឡែកនៅម៉ោង៨យប់ ក្រុមនារីកម្ពុជាត្រូវទទួលឡាវនៅជំនួបដំបូ៏ងពូល B នៅកីឡដ្ឋាន Smart RSN ខណៈ ហ្វីលីពីនជួបមីយ៉ាន់ម៉ា នៅកីឡដ្ឋានស្តាតចាស់៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com