កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ បាល់ទះបុរស បាល់ទាត់នារី និងការប្រកួតកីឡាផ្សេងទៀតរបស់កម្ពុជានាថ្ងៃនេះ
03, May 2023 , 9:21 am        
រូបភាព
ទីលានប្រកួតកីឡាបាល់ទះនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ទីលានប្រកួតកីឡាបាល់ទះនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ដោយ: រួបរួម
ឈានចូលថ្ងៃទី៣ ខែឧសភា នេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បន្តដំណើរការ ដោយម្ចាស់ផ្ទះកម្ពុជា មានវត្តមានក្នុងការប្រកួតជាច្រើនវិញ្ញាសា ក្នុងនោះមានបាល់ទះបុរស និងបាល់ទាត់នារី ផងដែរ។

 
នាវេលាម៉ោង៧យប់ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ត្រូវបើកការប្រកួតរបស់ខ្លួន ដោយស្វាគមន៍សិង្ហបុរី សម្រាប់វគ្គចែកពូល។ ជំនួបនេះ ធ្វើឡើងក្រោយការប្រកួតជាបន្តបន្ទាប់រវាង ម៉ាឡេស៊ី និងថៃ, ហ្វីលីពីន និងឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា និងវៀតណាម ដែលចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។
 
 
សម្រាប់ការបាល់ទាត់ផ្នែកនារីវិញ កម្ពុជាប្រកួតលើកដំបូងរបស់ខ្លួននៅក្នុងពូល B ដោយត្រូវប៉ះឡាវ នាវេលាម៉ោង៨យប់ នៅកីឡដ្ឋានស្មាត អ.អេស.អិន ក្រោយការតទល់គ្នារវាងថៃ និងសិង្ហបុរី។ រីឯជំនួបពូល A រៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ សម្រាប់បាល់ទាត់បុរសវិញ បណ្តាក្រុមនៅពូល B បន្តដំណើរការប្រកួតរបស់ខ្លួននៅកីឡដ្ឋានព្រីនស៍ ចាប់ពីម៉ោង៤រសៀលទៅ។
 
ក្រៅពីនេះ ក្រុមកីឡាករហុកគីកម្ពុជា ស្វាគមន៍ថៃ នាវេលាម៉ោង៤ និង៤៥នាទី រសៀលនៅទីលានសួនដាយណូស័រ (ជ្រោយចង្វារ) សម្រាប់វគ្គជម្រុះតាមពូល មុនពេលក្រុមនារី ស្វាគមន៍សិង្ហបុរី នាវេលាម៉ោង៦ល្ងាច។ កីឡាឧបសគ្គ ផ្តើមការប្រកួតជម្រុះនៅមជ្ឈមណ្ឌលជ្រោយចង្វារ ដោយកម្ពុជាចូលរួមទាំងជាក្រុម និងឯកត្តជនបុរស-នារី។
 
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កីឡាអុកចត្រង្គ ផ្តើមជម្រុះជុំទី១ លើវិញ្ញាសា ១ទល់១ រយៈពេល៦០នាទី ទាំងបុរស និងនារី។ រីឯកីឡាទូកក្តោង បន្តការប្រកួតថ្ងៃទីពីររបស់ខ្លួននៅខេត្តព្រះសីហនុ ទាំងវិញ្ញាសាបុរស នារី និងចម្រុះ។
 
សម្រាប់កីឡាគ្រីឃីតវិញ ការប្រកួតប្រព្រឹត្តទៅនៅទីលាន AZ Group ផ្លូវ៦០ម៉ែត្រ ដោយផ្តើមរវាងជំនួបម៉ាឡេស៊ី និងថៃ សិង្ហបុរី និងហ្វីលីពីន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com