កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីឧបសគ្គកម្ពុជាមិនទទួលបានល្អឡើយ ខណៈ យិន ពិសី រងរបួសកជើង
03, May 2023 , 11:15 am        
រូបភាព
កីឡាការិនី យិន ពិសី នៃប្រភេទកីឡាឧបសគ្គ ចាប់ផ្តើមមិនល្អនោះឡើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅទីលានប្រកួត OCIC ជ្រោយចង្វា នាព្រឹកថ្ងៃទី២ ខែឧសភា នេះ។

 
ពិសី បានរងរបួសកជើង ក្រោយរបូតដៃធ្លាក់ពីឧបករណ៍ឧបសគ្គ នាអំឡុងការប្រកួតជុំទីពីរ។ ទោះសម្រក់ទឹកភ្នែក  តែ ពិសី អះអាងថានឹងមិនបោះបង់ការប្រកួតនៅជុំបន្តបន្ទាប់នោះឡើយ។
 
 
កីឡាឧបសគ្គ (Obstacle Race) ជាប្រភេទកីឡាដ៏ថ្មីមួយសម្រាប់កម្ពុជា ហើយជាលើកដំបូងបំផុតដែលកម្ពុជាបង្ហាញវត្តមានក្នុងការប្រកួតប្រជែងថ្នាក់តំបន់នេះ។
 
សម្រាប់វិញ្ញាសាឯកត្តជនផ្នែកនារី អត្តពលិកកម្ពុជាទាំងពីររូប គឺ យិន ពិសី និងទូច ស្រីតូច សុទ្ធតែធ្វើមិនបានល្អ ហើយបញ្ចប់ចំណាត់ថ្នាក់ចុងក្រោយគេ ជាមួយនឹងថិរវេលា ០២:០០.០០០ ដូចគ្នា។ 
 
 កីឡាការិនីហ្វីលីពីន Precious Satarain Cabuya ជាអ្នកឈ្នះក្នុងការប្រកួតវគ្គជម្រុះដោយប្រើថិរវេលា ០០:៣៣.១២៨ ហើយ Kaizen Cipriano Dela Serna ដែលជាមិត្តរួមជាតិរបស់នាង ជាប់ចំណាត់ថ្នាក់លេខ២ ដោយប្រើថិរវេលា ០០:៣៤.៨៦៣។
 
កីឡាការិនីឥណ្ឌូណេស៊ី Anggun Yolanda Samsul Hadi ស្ថិតនៅលេខ៣ជាមួយនឹងថិរវេលា ០០:៤១.២១៩។ កីឡាការិនីម៉ាឡេស៊ី Wan Athirah Hidayah Ahmad Fuzli នៅលេខ៤ជាមួយនឹងថិរវេលា ០១:០១.៨៧២។ កីឡាការិនីឥណ្ឌូណេស៊ី Mudji Mulyani លេខ៥ជាមួយនឹងថិរវេលា ០១:២០.៥៤១។
 
កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ហ្វីលីពីន បានឈ្នះមេដាយមាសទាំង៦វិញ្ញាសាពីកីឡាឧបសគ្គនេះ ទាំងវិញ្ញាសាបុរស នារី និងចម្រុះ៕
  

រាយការណ៍បន្ថែមដោយ៖ អ៊ឹង ចំរើន

 

© រក្សាសិទ្ធិដោយ thmeythmey.com