កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ផ្ដើមចេញពីការលេងអុក លោកតា ហាក់ សៀងឡាយ និងលោកតា ថ្លាង ភឹន បង្កើតចំណងមិត្តភាពគ្នាជាង៥០ឆ្នាំ
04, May 2023 , 10:46 am        
រូបភាព
(ឆ្វេង) លោកតា ហាក់ សៀងឡាយ លោកតា ថ្លាង ភឺន និងមន្ត្រីរៀបចំការប្រកួតអុកចត្រង្គ អង្គុយជុំគ្នានៅក្នុងសាលប្រកួតអុក នៅសកលវិទ្យាល័យភូមិន្ទ។
(ឆ្វេង) លោកតា ហាក់ សៀងឡាយ លោកតា ថ្លាង ភឺន និងមន្ត្រីរៀបចំការប្រកួតអុកចត្រង្គ អង្គុយជុំគ្នានៅក្នុងសាលប្រកួតអុក នៅសកលវិទ្យាល័យភូមិន្ទ។
កម្មវិធីប្រកួតអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានធ្វើឱ្យលោក ហាក់ សៀងឡាយ និងលោកតា ថ្លាង ភឹន បានជួបគ្នាជាថ្មីម្ដងទៀត ក្រោយបែកគ្នាអស់ជាច្រើនឆ្នាំ ដោយសារវ័យចាស់ជរាដូចគ្នា។



ផ្ដើមចេញពីការលេងអុក និងជាអ្នកប្រកបអាជីពជាគ្រូបង្រៀនដូចគ្នា លោកទាំងពីរ បានស្គាល់គ្នាតាំងពីវ័យជាង២០ឆ្នាំមកម្ល៉េះ នៅទីក្រុងភ្នំពេញ។ ប៉ុន្តែក្រោយមកលោក ហាក់ សៀវឡាយ បានផ្លាស់ប្ដូរទៅរស់នៅក្នុងខេត្តក្រចេះ និងបានបញ្ចប់អាជីពការងារជាគ្រូបង្រៀន នៅទីនោះ។
 
ដ្បិតលោកតា ហាក់ សៀងឡាយ និងលោកតា ថ្លាង ភឹន បានបែកគ្នាជាច្រើនទសវត្សរ៍ក្ដី ប៉ុន្តែបុរសវ័យចំណាស់ទាំងពីរនៅតែស្គាល់គ្នាច្បាស់ ។ ផ្ដើមចេញពីការលេងអុក លោកតា ហាក់ សៀងឡាយ ដែលបច្ចុប្បន្នមានវ័យ៨៦ឆ្នាំ និងលោកតា ថ្លាង ភឹន មានវ័យ៨៧ឆ្នាំ បានជួបគ្នាម្ដងទៀត នៅកន្លែងប្រកួតអុកចត្រង្គ នៅក្នុងសាលនៃសកលវិទ្យាល័យភូមិន្ទ ក្នុងរាជធានីភ្នំពេញ។
 

តាមរយៈការរៀបរាប់របស់បុរសចំណាស់ទាំងពីររូបនេះ ពួកគាត់មិនភ្លេចគ្នាទេ ប៉ុន្តែដោយសារតែភាពចាស់ជរា និងទីលំនៅឆ្ងាយពីគ្នា ដែលជាឧបសគ្គធ្វើឱ្យអ្នកទាំងពីរមិនអាចជួបគ្នាបានជាញឹកញាប់។
 
សម្រាប់អនុស្សាវរីយ៍ ដែលអ្នកទាំងពីរ បានកសាងជាមួយគ្នា មានច្រើន ជាពិសេសការពិសារកាហ្វេ និងលេងអុកជាមួយគ្នា។ លោកតា ថ្លាង ភឹន បានរៀបរាប់ថា៖«(ស្គាល់គ្នាដំបូង) តាមរយៈការលេងអុកហ្នឹង លេងអុកជាមួយគ្នាយូរៗទៅ ក៏រាប់អានគ្នាទៅ។ ដំបូងលេងប្រកួតយូរៗទៅ បបួលគ្នាភ្នាល់ដាក់កាហ្វេអ៊ីចឹងទៅ។ ហើយចាស់ជំនាន់មុន ឱ្យតែចេះលេងអុក គឺមិនសូវចេះទាស់គ្នាទេ។ ហើយយើងរាប់អានគ្នា តាំងពីអាយុជាង២០ ឬ៣០ឆ្នាំមក ក៏នៅតែរាប់អានគ្នាដដែល។ យើងមិនចោលគ្នាទេ ទៅណាមកណាក៏នៅតែនឹកគ្នាដែរ»។
 
ជាអ្នកស្នេហាវិស័យកីឡាអុក លោកតា ហាក់ សៀងឡាយ បានធ្វើដំណើរជាង៣០០គីឡូម៉ែត្រ ពីខេត្តក្រចេះ ដើម្បីមកទស្សនាការប្រកួតអុកចត្រង្គ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ ពីខេត្តក្រចេះ មកភ្នំពេញម្នាក់ឯង លោកតា សៀងឡាយ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អ្នករៀបចំកម្មវិធីកីឡាអុក និងសប្បុរសជននានា ចំពោះក្តីស្រលាញ់របស់លោកតា លើវិស័យកីឡានេះ។ លោកតា សៀងឡាយ បានអះអាងថា លោកតាទទួលបានកន្លែងស្នាក់នៅ និងអាហារហូបគ្រប់គ្រាន់ ពីខាងអ្នករៀបចំ។ លោកតា សៀងឡាយ នឹងទស្សនាការប្រកួតអុកចត្រង្គនេះ រហូតទាល់តែដឹងលទ្ធផលទទួលបានមេដាយជាផ្លូវការ នៅក្នុងការប្រកួតស៊ីហ្គេមនេះ ទើបត្រឡប់ទៅវិញ។
 
 

Tag:
 អុកចត្រង្គ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com