អន្តរជាតិ
រុស្ស៊ី ចោទអាម៉េរិកនៅពីក្រោយការវាយប្រហារដ្រូនលើវិមានក្រេមឡាំង
05, May 2023 , 10:30 am        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាពយកពីវិមានក្រេមឡាំង
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាពយកពីវិមានក្រេមឡាំង
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី៤ ខែឧសភា បានលើកឡើងថា អ៊ុយក្រែន បានទទួលបញ្ជាពីអាម៉េរិកដើម្បីវាយប្រហារលើវិមានក្រេមឡាំង ក្នុងគោលបំណងសម្លាប់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។

 
រដ្ឋាភិបាលក្រុងមូស្គូ នៅថ្ងៃទី៣ ខែឧសភា បានអះអាងថា ដ្រូនចំនួនពីរគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើនិវេសនដ្ឋានរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងវិមានក្រេមឡាំង ប៉ុន្តែ ត្រូវបានរារាំងដោយប្រព័ន្ធការពារអេឡិចត្រូនិច។
 
ក្រោយការវាយប្រហារនោះ វិមានក្រេមឡាំង បានអះអាងជាថ្មីលើបញ្ហានេះថា អាម៉េរិកជាអ្នកនៅពីក្រោយការវាយប្រហារ ខណៈអ៊ុយក្រែនជាអ្នកទទួលបញ្ជាអនុវត្តផែនការនេះ។ 
 
«ការប៉ុនប៉ងបដិសេធការវាយប្រហារនេះរបស់ក្រុងកៀវ និងក្រុងវ៉ាស៊ីនតោន ពិតជាគួរឱ្យអស់សំណើចណាស់។ យើងដឹងច្បាស់ថា សេចក្តីសម្រេចលើសកម្មភាពដូចភេរវកម្មបែបនេះ មិនត្រូវបានធ្វើឡើងនៅក្នុងក្រុងកៀវឡើយ ប៉ុន្តែនៅក្នុងក្រុងវ៉ាស៊ីនតោន»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ដោយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ទាន់មួយ។ 
 
ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានកត់សម្គាល់ថា អាម៉េរិក អង់គ្លេស និងណាតូ គឺមានការទទួលខុសត្រូវនូវរាល់សកម្មភាពរបស់រដ្ឋាភិបាលអ៊ុយក្រែន។ យ៉ាងណាមិញ វត្តមានរបស់ដ្រូនពីរគ្រឿងខាងលើ មិនបានបង្កឱ្យមានការខូចខាត ឬរងរបួសអ្វីឡើយ។ 
 
ក្រោយការចោទប្រកាន់ខាងលើ អាម៉េរិក បានបដិសេធ ខណៈអ៊ុយក្រែន បានអះអាងថា ខ្លួនគ្មានពាក់ព័ន្ធអ្វីឡើយ។ បើតាមអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានអាម៉េរិក លោក John Kirby បានប្រាប់ទូរទស្សន៍ MSNBC នៅថ្ងៃទី៤ ខែឧសភា ការលើកឡើងរបស់រុស្ស៊ី គឺមិនពិតឡើយ ហើយក្រុងវ៉ាស៊ីនតោនក៏មិនបានលើកទឹកចិត្ត និងអនុញ្ញាតឱ្យក្រុងកៀវវាយប្រហារនៅក្រៅព្រំដែនដែរ។ 
 
ចំណែកលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសន្និសីទសារព័ត៌មានមួយនៅហ្វាំងឡង់ បាននិយាយការពារថា រដ្ឋាភិបាលក្រុងកៀវ គ្មានកិច្ចការអ្វីត្រូវធ្វើក្នុងឧប្បទ្ទវហេតុនៅកណ្តាលយប់នោះទេ។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass បន្ទាប់ពីមានការវាយប្រហារខាងលើ លោកពូទីន គ្រោងនឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីមួយ នៅថ្ងៃទី៥ ខែឧសភា។ ការវាយប្រហារលើវិមានក្រេមឡាំង អាចជារបៀបវារៈមួយ ក្នុងកិច្ចប្រជុំនោះ៕ 
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com