កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះស៊ីហ្គេម៖ កម្ពុជា ឥណ្ឌូណេស៊ី និងថៃ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
05, May 2023 , 10:52 am        
រូបភាព
ក្រុមកីឡាបាល់ទះបុរសក្នុងសាលកម្ពុជា និងជាម្ចាស់មេដាយសំរឹទ្ធ រួមជាមួយម្ចាស់មេដាយមាសឥណ្ឌូណេស៊ី និងថៃ ទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ទាំង៣ក្រុមនេះនៅសល់មួយប្រកួតចុងក្រោយ ដោយកម្ពុជា ត្រូវតទល់ឥណ្ឌូណេដើម្បីដណ្តើមតំណែងលេខ១ក្នុងពូល A។


ក្រោយបន្តយកឈ្នះហ្វីលីពីន ៣-០សិត នៅជំនួបទី២ក្នុងវគ្គសន្សំពិន្ទុពូល A នៅយប់ថ្ងៃទី៤ ខែឧសភា ក្រុមកម្ពុជារកបាន៦ពិន្ទុពេញពីការប្រកួតពីរលើក។ ជំនួបដំបូងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១នៅវៀតណាម បានយកឈ្នះសិង្ហបុរី ៣-០ សិតដូចគ្នា។
  


តាមរយៈលទ្ធផលជ័យជម្នះទាំង២ប្រកួត បានជួយកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះសល់មួយប្រកួត និងឈរលេខ២ បណ្តោះអាសន្នក្នុងពូល A ដោយមាន៦ពិន្ទុស្មើក្រុមកំពូលតារាង ឥណ្ឌូណេស៊ី។  
 
ម្ចាស់ជើងឯកឥណ្ឌូណេស៊ី ក៏កក់សំបុត្រទៅកាន់វគ្គ១/២ផងដែរ ក្រោយឈ្នះ២ប្រកួតជាប់គ្នា ដោយជំនួបដំបូងឈ្នះហ្វីលីពីន ៣-០សិត និងលើកទី២ ឈ្នះសិង្ហបុរី ៣-០សិត។ ក្នុងពូល A នេះហ្វីលីពីននិងសិង្ហបុរីហាលអាលទៅហើយ តែត្រូវប្រកួតគ្នាបង្រ្គប់កិច្ចនៅជំនួបចុងក្រោយ។ ដោយឡែកកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់កំពូលតារាងនៅជំនួបចុងក្រោយ។
  


សម្រាប់ពូល B វិញ ក្រុមបុរសថៃ បានកក់កៅអីទៅវគ្គ១/២ផ្តាច់ព្រ័ត្រមុនគេក្រោយរកបាន៦ពិន្ទុពីការប្រកួត២លើក និងឈរកំពូងតារាងបណ្តោះអាសន្ន។ មុនបន្តឈ្នះវៀតណាមនៅជំនួបទី២ក្នុងលទ្ធផល ៣-១សិត ថៃបានយកឈ្នះម៉ាឡេស៊ី ៣-០សិត នៅជំនួបបើកឆាក។ ពូល B នេះ មីយ៉ាន់ម៉ាអស់ឱកាសទៅវគ្គបន្ត ក្រោយបន្តចាញ់ម៉ាឡេស៊ីនៅជំនួបទី២ក្នុងលទ្ធផល ៣-១សិត។ ជំនួបដំបូងមីយ៉ាន់ម៉ាចាញ់វៀតណាម ៣-០ សិត។
 
ជំនួបចុងក្រោយពូល B ក្រុមថៃត្រូវជួបមីយ៉ាន់ម៉ា ស្របពេលវៀតណាម ប៉ះម៉ាឡេស៊ី ដែលជាជំនួបសំខាប់ដើម្បីដណ្តើមគ្នាយកមួយកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតកីឡាបាល់ទះក្នុងសាលបុរសវគ្គសន្សំពិន្ទុចុងក្រោយ នៃព្រឹតិ្តការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com