កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សាលារាជធានី បើកខ្សែរត់ពិសេសរថយន្តក្រុង សម្រាប់ដឹកទៅកន្លែងប្រកួតស៊ីហ្គេមដោយឥតគិតថ្លៃ
05, May 2023 , 10:56 am        
រូបភាព
ដោយ: រួបរួម
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកខ្សត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

 
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ខ្សែរត់ពិសេស Express Bus របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នេះ ដំណើរការពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ដោយមិនមានការបង់ប្រាក់នោះឡើយ។
 
មហាជន ភ្ញៀវជាតិ និងអន្តរជាតិ អាចទៅទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅតាមទីតាំងនានា តាមរយៈការធ្វើដំណើរលើ Express Bus តាមខ្សែរត់ពិសេសចំនួន២ខ្សែ។
 
ខ្សែទី១ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួន ដូចជា សណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ
 
រីឯខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំ រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមក វិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់ នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ
 
«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ របស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព»។ នេះជាការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com