កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ចរាចរណ៍នៅតំបន់អង្គរ នឹងត្រូវផ្អាកនិងបញ្ជៀសអំឡុងថ្ងៃប្រកួតកីឡារត់ម៉ារ៉ាតុន និងកង់គួក 
ការរៀបចំសម្រាប់កីឡារត់ម៉ារ៉ាតុននៅបរិវេណមុខប្រាសាទអង្គរវត្ត។
×![]()
សៀមរាប៖ ចរាចរណ៍នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ផ្លូវឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង និងផ្លូវវង់ធំជាដើម នឹងត្រូវផ្អាកបណ្ដោះអាសន្ន អំឡុងពេលប្រកួតកីឡារត់ម៉ារ៉ាតុន និងកីឡាកង់គួក។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនៅថ្ងៃទី៣ ឧសភា អាជ្ញាធរនឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ននៅតាមគោលដៅមួយចំនួន ដែលរួមមាន បរិវេណខាងមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដីឆ្នាំង នៅថ្ងៃទី៦ ចាប់ពីវេលាម៉ោង៥កន្លះព្រឹក រហូតដល់ម៉ោង៦ល្ងាច ដើម្បីសម្រួលកម្មវិធីប្រកួតកីឡារត់ម៉ារ៉ាតុន និងដើរប្រណាំង។

សម្រាប់ថ្ងៃទី១១ បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនា តំបន់អង្គរធំ ពីម៉ោង៦ព្រឹក ដល់ម៉ោង១រសៀល ដើម្បីរៀបចំការប្រកួតវិញ្ញាសាទោចក្រយានបុរស និងនារី ចម្ងាយ៥០គីឡូម៉ែត្រ ដែលធ្វើឡើងនៅជុំវិញផ្លូវមុខអង្គរវត្ត ត្រពាំងសេស និងផ្លូវប៉ាវីសអង្គរវត្ត។ តែអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ទេសចរអាចចូលទស្សនាតាមច្រកខាងកើតបាន។
ចំណុចចុងក្រោយ គឺថ្ងៃទី១២ និងទី១៣ បិទការឆ្លងកាត់ផ្លូវវង់ធំ ពីម៉ោង៦ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីសម្រួលការរៀបចំប្រកួតកីឡាកង់គួកបុរស និងនារីចម្ងាយ ១៧១,៥ គីឡូម៉ែត្រ និង៩៨គីឡូម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com