ជាតិ
បទសម្ភាសន៍
តើអ្នកសារព័ត៌មានតំបន់មេគង្គ ត្រូវរួមគ្នាបែបណា ទើបគេចផុតពីឥទ្ធិពលមហាអំណាចអាម៉េរិក និងចិន?
06, May 2023 , 8:20 pm        
រូបភាព
លោក  បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកផលិតកម្មវិធី «គំនិតថ្មី» _នៃសារព័ត៌មានថ្មីៗ   រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» _នៃសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ តំបន់មេគង្គគឺជាមជ្ឈមណ្ឌលស្នូលមួយ ដែលកំពុងមានការប្រទាញប្រទង់គ្នា រវាងមហាអំណាចពីរគឺ អាម៉េរិក និងចិន។ ក្នុងសិក្ខាសាលាស្តីពី ការចូលរួមរបស់ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំង៦ជាប់ទន្លេមេគង្គ ឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យអ្នកសារព័ត៌មាន ចូលរួមបញ្រ្ជាបចំណេះដឹងពីទន្លេមេគង្គ ទៅកាន់សាធារណជន ដើម្បីបញ្ចៀសហានិភ័យ ដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ពីប្រទេសមហាអំណាច។ ខ្លឹមសារទាំងនេះជាការបញ្ជាក់ពីលោក បណ្ឌិត គិន ភា ក្នុងបទសម្ភាសជាមួយ សារព័ត៌មានថ្មីៗ។

 
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង បណ្ឌិត គិន ភា ប្រធាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖


 



លោក  បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា  ក្នុងបទសម្ភាស  ជាមួយ កញ្ញា សុង សុធាវី  អ្នកផលិតកម្មវិធី «គំនិតថ្មី» _នៃសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័ត៌មានថ្មីៗ.
 
កញ្ញា​ សុង សុធាវី៖ នៅក្នុងសន្និសិទ្ធ ស្តីពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានអ្នកសារព័ត៌មានមកពីប្រទេសជាប់តំបន់មេគង្គទាំង៦ចូលរួម ក្នុងនោះក៏មានតំណាងមកពីប្រទេសចិនផ្ទាល់តែម្តង ដោយនេះជាប្រទេសធំក្នុងចំណោមអាស៊ី ហើយបច្ចុប្បន្នតំបន់មេគង្គហាក់ឡើងកំដៅនយោបាយ ពោលគឺកម្ពុជា ក៏ដូចជាតំបន់មេគង្គ នៅក្នុងចន្លោះមហាអំណាចអាម៉េរិក និងចិន ក្នុងនាមជាអ្នករៀបចំកម្មវិធីនេះ តើលោកចូលរួមបំភ្លឺបែបណា បើសិនមានការលើកឡើងថាកម្មវិធីនេះមានការលំអៀងទៅភាគីចិន?
 
បណ្ឌិត គិន ភា៖ សូមជម្រាបថា វត្តមានរបស់អ្នកសារព័ត៌មានចិន នៅក្នុងសិក្ខាសាលារបស់យើង មិនមែនមានន័យថា យើងលំអៀងទៅរកចិនទេ ប៉ុន្តែបើយើងនិយាយពីតំបន់មេគង្គ ឬ មេគង្គឡានឆាង នោះយើងនិយាយពីប្រទេសទាំង៦នៅតាមបណ្តាយដងទន្លេមេគង្គហ្នឹង ពោលគឺ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។  តំបន់មេគង្គគឺជាចំនុចក្តៅមួយដែរ បើសិនជាយើងនិយាយពីការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ ហើយបើសិនយើងមិនមានការប្រយត្ន័ប្រយែងនោះតំបន់មេគង្គ នឹងអាចក្លាយជា សមុទ្រចិនខាងត្បូងទី២ ដែលមហាអំណាចមួយកំពុងសំដៅមកអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយក្នុងនោះតំបន់មេគង្គរបស់យើងគឺជាមជ្ឈមណ្ឌលស្នូលមួយ ដែលកំពុងតែមានការប្រទាញប្រទង់គ្នា។ អ៊ីចឹងហើយ  គោលបំណងសំខាន់នៃសិក្ខាសាលារបស់យើង គឺសង្ឃឹមលើអ្នកសារព័ត៌មានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានពិត សម្រាប់សាធារណជន ពលរដ្ឋ អ្នកនយោបាយ។ល។ ដើម្បីបញ្ជ្រៀសហានិភ័យដែលកើតឡើងពីការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ដោយប្រទេសមហាអំណាច។ ឥឡូវនេះ យើងឃើញហើយក្នុងទិដ្ឋភាពអាស៊ានយើងទាំងមូល អាចនិយាយបានថាហាក់បែកបាក់គ្នាបន្តិច ដោយមានការបែងចែកជាពីរគឺ អាស៊ីដីកោះ រួមមាន សង្ហិបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេ។ ដោយឡែកអាស៊ីដីគោកមាន មីយ៉ាន់ម៉ា ថៃ កម្ពុជា ឡាវ និង វៀតណាម។ អ៊ីចឹង យើងឃើញថា បើយើងមិនខិតខំរួបរួមគ្នាទេ នោះវាមិនត្រឹមតែមានការបែកបាក់អាស៊ីក្នុងតំបន់យើងហ្នឹងទេ តែនៅតំបន់មេគង្គនោះក៏បែកបាក់ដែរ។ នៅតំបន់មេគង្គមានយន្តការច្រើនណាស់ រួមមានមេគង្គឡានឆាងរបស់ចិន  , ភាពជាដៃគូ អាម៉េរិក- មេគង្គ , មេគង្គ- សាធារណរដ្ឋកូរ៉េ, មេគង្គក្នុងកិច្ចសហការជាមួយឥណ្ឌា , មេគង្គ- ជប៉ុន , គណៈកម្មការអន្តរជាតិនៃតំបន់ទន្លេមេគង្គ។ល។ 
 
កញ្ញា សុង សុធាវី៖ លោកបណ្ឌិត បើសិនមានកិច្ចសហការច្រើនបែបនេះ តើកិច្ចការងារហ្នឹងអាចដំណើរការដូចម្តេចទាំងបច្ចុប្បន្ន និងទៅអនាគត?
 
បណ្ឌិត គិន ភា៖ រាល់កិច្ចសហការជាមួយប្រទេសជាប់ទន្លេមេគង្គគឺយើងរីករាយ  ដែលរាល់មានកិច្ចសហការនោះគឺយើងសង្ឈឹមថាអាចទាញផលប្រយោជន៍ចេញពីហ្នឹង ដោយការចេះបំពេញឱ្យគ្នា។  ប៉ុន្តែ អ្វីដែលយើងបារម្ភនោះខ្លាចតែពួកគាត់មកដោយភា្ជប់ជាមួយ រៀបវីរៈនយោបាយ ដែលជាការប្រកួតប្រជែងគ្នា ហើយចង់ឱ្យយើងកាន់ជើងម្ខាងៗ នោះបានយើងប្រឈម។ តួនាទីរបស់អ្នកសារព័ត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យគេអូសទាញយើង ទៅកាន់ជើងខាងណា ខាងណី តែយើងត្រូវចេះទាញផលប្រយោជន៍ដើម្បីតំបន់អាស៊ានទាំងមូល។ 
 
កញ្ញា សុង សុធាវី៖ ក្រៅពីអ្នកសារព័ត៌មានមកពីប្រទេសជាប់ទន្លេមេគង្គទាំង៦ សិក្ខាសាលានេះក៏មានអ្នកជំនាញ ពីប្រទេសអូស្រ្តាលី និងសាធារណៈរដ្ឋកូរ៉េខាងត្បូងផងដែរ ចុះសម្រាប់អ្នកសារព័ត៌មាន ពីប្រទេសអឺរ៉ុប ឬ អាមេរិក ដែលចាប់អារម្មណ៍ពីសក្តានុពលទន្លេមេគង្គ តើរាជបណ្ឌិត្យសភាកម្ពុជានឹងសម្របសម្រួលការងារនេះដូចម្តេច ដើម្បីបញ្ជៀសការលើកឡើងថា កម្ពុជា ឬ តំបន់អាស៊ានចូលទៅក្នុងឥទ្ធិពលណាមួយ ដូចដែលបានលើកឡើងខាងលើ?
 
បណ្ឌិត គិន ភា៖ ការពិភាក្សាក្នុងសិក្ខាសាលាយើងទាំងមូល ផ្តោតលើ គំរូនៃការអភិវឌ្ឍប្រទេសនៅតំបន់ទន្លេមេគង្គ តែយើងមិនបានផ្តោតសំខាន់លើរបបដឹកនាំណាមួយ ដែលល្អឥតខ្ចោះ ហើយយើងត្រូវតែយកមកអនុវត្តន៍ក្នុងប្រទេសនោះទេ។ នៅពេលយើងនិយាយពីគំរូ នៃការអភិវឌ្ឍ នោះវាខុសគ្នាពីបូរណភាពទឹកដី។ ឧទារហរណ៍ បញ្ហាសមុទ្រចិនខាងត្បូង វាមានការទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ដែលទាក់ទងនឹងអធិប្បតេយ្យភាព ក៏ដូចជាបូរណភាពទឹកដី នៃបណ្តារដ្ឋពាក់ព័ន្ធ ប៉ុន្តែបញ្ហាដែលយើងលើកឡើងក្នុងសិក្ខាសាលានេះ គឺយើងមិនលើកឡើងបែបនេះទេ ពោលគឺ យើងនិយាយពីការអភិវឌ្ឍវិញ។ អ៊ីចឹង យើងផ្តោតលើ ទិដ្ឋភាពនៃការអភិវឌ្ឍក្នុងប្រទេសទាំង៦ នៃតំបន់ទន្លេមេគង្គ ដើម្បីស្ថិរភាព វិបុលភាព នៃតំបន់របស់យើង ជាជាង យើងជជែកតែពីបញ្ហា ដែលធ្វើឱ្យយើងបែកបាក់។ ដូចនេះហើយ យើងព្យាយាមសហការជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីឱ្យគាត់ផ្តល់ជូនព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ពលរដ្ឋ អ្នកនយោបាយ អ្នករៀបចំគោលនយោបាយ ពិសេសសាធារណជនទាំងអស់ បានជាមូលដ្ឋាន ក៏ដូចជាចំណេះដឹងក្នុងការសម្រេចចិត្តនានា។ យើងក៏ជៀសវាងនូវការលើកយករបៀបវីរៈនយោបាយ ឬ មនោគមន៍វិទ្យានយោបាយរបស់ប្រទេសណាមួយ។ អ៊ីចឹង ខ្ញុំយល់ថា ការសាមគ្គីគ្នាពីអ្នកសារព័ត៌មានក្នុងតំបន់ទន្លេមេគង្គ  ហើយតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនក្នុងប្រទេសជាប់ទន្លេមេគង្គជាស្នូល និងការឯកភាពគ្នាទៀត នោះការជ្រៀតជ្រែកពីខាងក្រៅមិនងាយបានទេ។ មួយទៀត ក្តីកង្វល់របស់ប្រជាជន នៅតាមបណ្តាប្រទេសជាប់ទន្លមេគង្គត្រូវទុកជាអាទិភាព  ក្នុងការជ្រោមជ្រែងពួកគាត់ដែរ។ 
 


លោក  បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា   រូបភាពរបស់សារព័ត៌មានថ្មីៗ front 
 
កញ្ញា សុង សុធាវី៖ លើសពីនេះ មានអ្នកសារព័ត៌មានពីប្រទេសនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាម៉េរិក ក៏ដូចជាទូរទស្សន៍មួយចំនួន ចាប់អារម្មណ៍ពីសក្តានុពលតំបន់ទន្លេមេគង្គដែរ តើរាជបណ្ឌិត្យសភាកម្ពុជា អាចសហការជាមួយពួកគាត់តាមរូបភាពបែបណា ដើម្បីផ្តល់ភាពងាយស្រួល និងប្រយោជន៍រួមទាំងអស់គ្នា?
 
បណ្ឌិត គិន ភា៖  បាទ ជារួម កិច្ចការងារទាំងអស់នេះ យើងមិនមែនធ្វើតែសម្រាប់អ្នកសារព័ត៌មានពីតំបន់ទន្លេមេគង្គទេ តែសម្រាប់បណ្តាប្រទេសផ្សេងទៀត យើងក៏ស្វាគមន៍ និងផ្តល់នូវភាពកក់ក្តៅ ដើម្បីរួមចំណែកការពារតំបន់ជាប់ទន្លេមេគង្គរបស់យើង ហើយយើងក៏សង្ឃឹមថា ពេលដែលយើងធ្វើកម្មវិធីបែបនេះលើកក្រោយទៀត នឹងមានការចាប់អារម្មណ៍ពីបណ្តាប្រព័ន្ធផ្សព្វផ្សាយនៅលោកខាងលិច ដើម្បីធ្វើយ៉ាងណាឱ្យតំបន់មេគង្គមាន សន្តិភាព ស្ថិរភាព និងវិបុលភាព ដោយមិនមែនជាការរួមចំនែកឱ្យរឿងកាន់តែក្តៅបន្ថែម សម្រាប់តំបន់មេគង្គរបស់យើងនោះទេ៕ 

Tag:
 (បទសម្ភាសវិស័យសារព័ត៌មាន
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com