ជាតិ
ក្រសួងបរិស្ថាន រៀបចំទិវាបរិស្ថាន នៅខេត្តស្ទឹងត្រែង
06, May 2023 , 9:40 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។ លោក នេត្រ ភក្រ្ដា អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមថែរក្សាអភិរក្សព្រៃឈើ ការសន្សំសំចៃថាមពលនិងទឹក កុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្ដិសុខស្បៀងនិងមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។



យោងតាមក្រសួងបរិស្ថាន កម្មវិធីនេះត្រូវបានរៀបចំឡើងស្របទៅនឹងខួបលើកទី៣១ ជាមួយទិសដៅ បង្កើនការយល់ដឹងអំពីបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងសហគមន៍ឲ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារនិងអភិវឌ្ឍបរិស្ថាន។ ក្នុងព្រឹត្តិការណ៍នេះ លោក នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្ដល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវៈរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។
 
លោកបានបន្ដថា ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បច្ចុប្បន្នប្រឈមនឹងការរេចរឹលដោយសារតម្រូវការ ការដកហូត នឹងប្រើប្រាស់ហួសប្រមាណប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ ដូច្នេះ យើងត្រូវចូលរួមថែរក្សាអភិរក្សព្រៃឈើ ការសន្សំសំចៃថាមពលនិងទឹក កុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្ដិសុខស្បៀងនិងមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។
 
គួរជម្រាបផងដែរថា «ទិវាបរិស្ថានពិភពលោក» ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧២។ ទិវានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ហើយក៏ជាយន្ដនាការមួយដែលអង្គការសហប្រជាជាតិប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថានពិភពលោក និងការបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយ៕

Tag:
 បរិស្ថាន
  ខេត្តស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com