ជាតិ
ការបន្តរៀនសូត្រ​ធ្វើឱ្យកញ្ញា អ៊ុង ច័ន្ទ​សោភា ក្លាយជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋ មន្ត្រី
07, May 2023 , 8:00 am        
រូបភាព
កញ្ញា អ៊ុង ចន្ទ័សោភា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្តី    រូបភាពរបស់សាព័ត៌មានថ្មីៗ Front..
កញ្ញា អ៊ុង ចន្ទ័សោភា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្តី រូបភាពរបស់សាព័ត៌មានថ្មីៗ Front..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កញ្ញា អ៊ុង ច័ន្ទសោភា ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកគ្រប់​គ្រងផ្នែកព័ត៌មាន CNC ដែលមានបទពិសោធន៍មួយរូបផងដែរ។ ក្នុងបទសម្ភាស​ជាមួយសារព័ត៌មានថ្មីៗ កញ្ញា អ៊ុង ច័ន្ទសោភា លើកឡើងថាការងារបន្ថែមនៅទីស្តីការគណៈរដ្ឋមន្រ្តី​ទាមទាឱ្យ​ខ្លួនកាន់តែត្រូវប្រឹងប្រែងបន្ថែមទៀត  ពិសេសការយល់ដឹងពីច្បាប់​របស់ប្រ​ទេស ការរៀបចំសន្និសីទកាសែត ការរៀបចំសេចក្តីប្រកាសផ្សេងៗ និងការតាមដានបច្ចុ​ប្បន្ន​ភាពរបស់បណ្តាក្រសួងនីមួយៗ។
 


 
​កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាផ្នែកព័ត៌មាននៃទូរទស្សន៍ CNC ហើយថ្មីៗនេះ កញ្ញា ត្រូវបានតែង​តែងជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ កញ្ញា អ៊ុង ច័ន្ទសោភា ទទួល​បានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល គឺជាមោទកភាពផង និងជាការលើកទឹកមួយបន្ថែម​ទៀតឱ្យខ្លួនកាន់តែប្រឹងប្រែងធ្វើការ ដើម្បីចូលរួមចំណែកធ្វើឱ្យសង្គមប្រសើរឡើងផង​​​​។


កញ្ញា អ៊ុង ចន្ទ័សោភា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ រូបភាពរបស់សាព័ត៌មានថ្មីៗ

ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមប្រជុំច្រើន និងធ្វើការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ កញ្ញា ក៏ត្រូវតែ​ តាមដាននូវបច្ចុប្បន្នភាពនៃការងាររបស់រាជរដ្ឋាភិបាល ចូលរួមចំណែកក្នុងការរៀបចំសេចក្តីព្រាងច្បាប់។ ជាកិច្ចការងារថ្មី ដែល​ទាមទារឱ្យអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ តោងស្រវារៀនសូត្រ ពីរៀម​ច្បង និងសហការីផ្សេងៗទៀត ជាពិសេសគឺការរក្សាភាពចាស់ទុំក្នុងការងារ។ «សម្រាប់​​នាងខ្ញុំ ពេលទៅធ្វើការងារថ្មីមួយ ដើម្បីទទួលបានជោគជ័យគឺត្រូវដាក់ខ្លូនជាអ្នករៀន មានន័យថាទោះបីជាយើងឆ្អិននៅក្នុងវិស័យឯកជន ដូចជាវិស័យសាព័ត៌មាននេះ តែយើង​ថ្មីនៅក្នុងការងាររដ្ឋ។ អ៊ីចឹង មិនថាសហការីចាស់ ឬក្មេងទេដែលនៅទីនោះ ទាំងអ្នកដែលមានតួនាទីទាបជាងនាងខ្ញុំ ក៏ខ្ញុំត្រូវសិក្សាស្វែងយល់ សួរនាំ ដោយទំនាក់ទំនងល្អ ព្រោះ​​មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្លាំង និងខ្សោយរៀងៗខ្លួន។ យើងអាចខ្លាំងអ្វីមួយ តែយើងក៏អាចខ្សោយរឿងផ្សេងទៀត»។
 


កញ្ញា អ៊ុង ចន្ទ័សោភា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ រូបភាពរបស់សាព័ត៌មានថ្មីៗ

បើតាម កញ្ញា អ៊ុង ច័ន្ទសោភា ការទទួលបានផ្តល់ទំនុកចិត្ត និងមានតួនាទីនៅក្នុងសង្គម មិនមែនជាងរឿងដែលងាយស្រួលនោះទេ។ វិវឌ្ឍន៍ខ្លួនពីអ្នកសារព័ត៌មាន ទៅជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ និងថ្មីៗនេះទទួលតួនាទី ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី គឺកើតចេញពីការខិតខំរៀនសូត្រអ្វីដែលថ្មីជានិច្ច។ កញ្ញា អ៊ុង ច័ន្ទសោភា អះអាងដូច្នេះ មុននឹងបន្ថែមថា សម្រាប់ថ្ងៃអនាគត បើទោះជាកញ្ញា នឹងបន្តការងារក្នុងតួនាទីអ្វីក៏ដោយ ក៏ស្មារតីចូលរួមក្នុងវិស័យសារព័ត៌មាន តែងតែនៅនឹងខ្លួនរបស់កញ្ញា ជានិច្ច​។ កញ្ញា អ៊ុង ច័ន្ទសោភា បន្តថា៖ «ឈាមផ្នែកវិស័យព័ត៌មានតែងនៅក្នុងខ្លួននាងខ្ញុំជានិច្ច ព្រោះនាងខ្ញុំស្រឡាញ់ផ្នែកសារព័ត៌មានណាស់។ ហើយបើទោះបីជាថ្ងៃក្រោយ រវល់ខ្លាំងរហូតដល់ផ្តាច់ខ្លួនពីវិស័យនេះ ក៏នាងខ្ញុំចង់មានឱកាសជួបអ្នកព័ត៌មាន ឬវិស័យសារព័ត៌មានដែរ ព្រោះគិតថាក្នុងវិស័យរដ្ឋក៏ត្រូវការជំនាញនេះខ្លាំងដែរ ដោយមិនបានគិតថា យើងពូកែជាងគេទេ តែមានភាពប៉ិនប្រសប់ក្នុងផ្នែកនេះដែរ»៕

Tag:
 សារព័ត៌មាន
  អ៊ុង ច័ន្ទសោភា
© រក្សាសិទ្ធិដោយ thmeythmey.com