ជាតិ
លោក គង់ ម៉ាស់ រួចផុតពីពន្ធនាគារ ក្រោយសុំក្តីសន្តោសពីសម្ដេច ហ៊ុន សែន
07, May 2023 , 3:19 pm        
រូបភាព
លោក គង់ ម៉ាស់ សកម្មជននៃអតីតគណបក្សប្រឆាំង។ រូបពីគណនីហ្វេសប៊ុក Ly Sovichea
លោក គង់ ម៉ាស់ សកម្មជននៃអតីតគណបក្សប្រឆាំង។ រូបពីគណនីហ្វេសប៊ុក Ly Sovichea
ដោយ:
លោក គង់ ម៉ាស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិប្រចាំខេត្តស្វាយរៀង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានលើកលែងទោស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ តាមការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អតីតអ្នកប្រឆាំងរូបនេះ មានវាសនាបានរស់នៅក្រៅឃុំវិញ បន្ទាប់ពីសរសេរលិខិត និងធ្វើវីដេអូចេញពីពន្ធនាគារ សុំទោសទៅកាន់សម្តេច ហ៊ុន សែន។ 



ក្នុងលិខិត លោក គង់ ម៉ាស់ បានសម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តកន្លងមក ហើយស្នើសុំការសន្តោសប្រណីពីសម្តេច ហ៊ុន សែន ដើម្បីបាននៅក្រៅឃុំ។ លោក ជម្រាបសម្តេចដូច្នេះថា៖«បក្សប្រឆាំងបានធ្វើឱ្យខ្ញុំភ្ញាក់រលឹក ព្រោះថ្នាក់ដឹកនាំបក្សមិនមានវត្តមាននៅក្នុងប្រទេស បានតែសន្យាចោលមិនគោរពសម្ដីរបស់ខ្លួនបោករាស្រ្តខ្មែរម្ដងហើយម្ដងទៀត។
ហើយខ្ញុំក៏បានលះបង់ជាមួយបក្សប្រឆាំងជាង១០ឆ្នាំ ដោយពុំបានអ្វីសោះ ក្រៅពីរត់ចោលស្រុក និងជាប់ពន្ធនាគារម្ដងហើយម្ដងទៀត ព្រោះតែទទួលមនោគមនវិជ្ជាមេដឹកនាំបក្សប្រឆាំង»។ 
 
លោក បរិយាយពីរឿងរបស់លោកជូនសម្តេចទៀតថា ក្រោយពីបានជាប់ពន្ធនាគារលើកទី២ ដែលត្រូវតុលាការកាត់ទោសជាប់ទោស៥ឆ្នាំ លោក មានការភ្ញាក់រលឹកជាខ្លាំង ដោយអំឡុងពេលជាប់ពន្ធនាគារបានបាត់បង់មនុស្សក្បែរខ្លួនជាបន្តបន្ទាប់ រួមមាន លោកយាយ លោកតា និងម្ដាយជាទីស្រឡាញ់ ដោយមិនបានជូនដំណើរពួកគាត់ជាលើកចុងក្រោយ។
 
សូមជម្រាបថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ សកម្មជនក្រុមប្រឆាំងចំនួន១០នាក់​ ដោយមានាំងលោក គង់ ម៉ាស់ ផង ដែលកំពុងជាប់នៅក្នុងពន្ធនាគារ បានចេញវីដេអូរួមគ្នា សារភាពកំហុស និងធ្វើលិខិតសុំទោសទៅកាន់សម្តេច ហ៊ុន សែន ដោយសំណូមពរឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ 
 
សកម្មជនក្រុមប្រឆាំងទាំង ១០នាក់នោះ​ រួមមានលោក គង់ ម៉ាស់, លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន​ ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី។ មកដល់ពេលនេះ ក្នុងចំណោមអ្នកទាំង១០នាក់នោះ គេ ឃើញមានតែលោក គង់ ម៉ាស់ ម្នាក់ប៉ុណ្ណោះ ដែលបានរួចផុតពីពន្ធនាគារ៕ 
 

Tag:
 លើកលែងទោស
 លោក គង់ ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com