ជាតិ
សាសនា / ធម៌
មិនបំពានគ្នា ជាហេតុនាំឲ្យមានសុខដុមរមនា
07, May 2023 , 9:39 pm        
រូបភាព
ប្រជាពុទ្ធបរិស័ទ នាំគ្នាចូលរួមពិធីបុណ្យវិសាខបូជា នៅពុទ្ធមណ្ឌលវិស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់ព្រះភិក្ខ ចន្ទប្បិយោ រីម ចាន់រ៉ា
ប្រជាពុទ្ធបរិស័ទ នាំគ្នាចូលរួមពិធីបុណ្យវិសាខបូជា នៅពុទ្ធមណ្ឌលវិស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់ព្រះភិក្ខ ចន្ទប្បិយោ រីម ចាន់រ៉ា
«ការមិនបៀតបៀនគ្នា ជាសេចក្តីសុខក្នុងលោក»។ នេះជាព្រះពុទ្ធឱវាទ ដែលគួរគប្បីចងចាំយកមកអនុវត្ត។

 
ការមិនបៀតបៀន ការមិនព្យាបាទ ការមិនឈ្នានីស ការមិនបំពារបំពាន ការមិនបង្កក្តីឈឺចាប់ដល់អ្នកដទៃ គឺជាសីលធម៌ដ៏ខ្ពស់របស់មនុស្ស។ ការមិនធ្វើអំពើទាំងនេះលើអ្នកដទៃ គឺជាហេតុ ដែលនាំឲ្យសង្គមមានសុខុដុមរមនា។
 
សីលធម៌ដំបូងនិងសំខាន់បំផុត ដែលអ្នកត្រូវប្រកាន់យក គឺការមិនធ្វើទង្វើដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ បើអ្នក បង្រៀនសីលធម៌ដល់កូនចៅ ដល់សិស្ស ឬដល់ថ្នាក់ក្រោម ដំបូងបំផុត អ្នក ត្រូវបង្រៀនពួកគេ ឲ្យចៀសពីការបៀតបៀននិងការប្រព្រឹត្តមិនល្អលើអ្នកដទៃ។
 
សីលធម៌ ប្រៀបដូចជារបាំងនៅពីមុខអ្នក ដែលរារាំងអ្នកមិនឲ្យឈានទៅប្រព្រឹត្តអំពើមិនត្រឹមត្រូវដាក់អ្នកដទៃ។ និយាយឲ្យខ្លី បុគ្គលណា មិនបៀតបៀនអ្នកដទៃ បុគ្គលនោះ ជាជន ដែលមានសីលធម៌ ហើយជាសីលធម៌ដ៏ខ្ពស់ទៀតផង។
 
អ្វីជាការមិនបៀតបៀនអ្នកដទៃ? ការមិនធ្វើឲ្យអ្នកដទៃបាត់បង់ជីវិត ការមិនធ្វើឲ្យដទៃរងគ្រោះ ការមិនឆក់យកទ្រព្យអ្នកដទៃ ការមិនប្រព្រឹត្តអំពើខុសឆ្គងលើកូនប្រពន្ធប្តីអ្នកដទៃ និង ការមិនប្រើលុយអំណាចជិះជាន់អ្នកដទៃ ជាដើម សុទ្ធតែជាការមិនបៀតបៀនអ្នកដទៃ។ ការមិនបៀតបៀនដទៃ គឺការមិនបង្កក្តីឈឺចាប់ដល់អ្នកដទៃ និងការមិនធ្វើឲ្យអ្នកដទៃខូចកិត្តិយស ទាំងតាមផ្លូវកាយ ទាំងតាមផ្លូវវាចា ហើយសូម្បីតែចេតនាចង់បៀតបៀនអ្នកដទៃ ក៏មិនត្រូវមានដែរ។
 
មុនធ្វើអ្វីក៏ដោយ អ្នក ត្រូវតែពិចារណាជានិច្ចថា អ្វីដែលអ្នក នឹងធ្វើនោះ អាចបង្កក្តីឈឺចាប់ដល់អ្នកដទៃដែរឬទេ? បើពិចារណាទៅឃើញថា ទង្វើណា ដែលធ្វើឲ្យអ្នកដទៃរងទុក្ខទោស អ្នក មិនត្រូវប្រព្រឹត្តសោះឡើយ។ អ្នក ត្រូវយល់ថា ក្តីប្រាថ្នារបស់អ្នកនិងមនុស្សគ្រប់រូប គឺការចង់បានសេចក្តីសុខ។ ដូច្នេះ អ្នក មិនត្រូវបៀតបៀនគ្នានោះទេ។
 
ជម្លោះរវាងមនុស្សម្នាក់និងមនុស្សម្នាក់ ឬជម្លោះក្នុងសហគមន៍ក្តី ក្នុងសង្គមក្តី កើតឡើងក៏ព្រោះតែការបៀតបៀននេះគ្នាឯង។ អ្នក អាចសួរសំណួរក្នុងចិត្តថា បើមនុស្សម្នាក់ៗ មិនយាយីគ្នា តើមនុស្សក្នុងសង្គម អាចនឹងមានជម្លោះដែរទេ? អ្នក អាចនឹងទទួលបានចម្លើយខ្លួនឯងថា ប្រហែលជាគ្មានទេ ហើយបើមានវិញនោះ គឺតិចតួចបំផុត។ នេះជាហេតុផល ដែលការមិនបៀតបៀនអ្នកដទៃ គឺជាសីលធម៌ដ៏ខ្ពស់ ហើយក៏ជាកត្តាដ៏ចម្បង ដែលធ្វើឲ្យមនុស្សរស់នៅមានសេចក្តីសុខ។
 
បើនិយាយតាមធម៌ព្រះពុទ្ធ ការមិនបៀតបៀនគ្នា មិនត្រឹមតែនាំឲ្យមានសេចក្តីសុខក្នុងជីវិតបច្ចុប្បន្ននោះទេ តែថែមទាំងធ្វើឲ្យសត្វលោក មិនចងពៀរវេរាជាមួយគ្នាក្នុងបរលោកទៀតផង។
 
អ្នក ត្រូវចាំក្នុងចិត្តថា សីលធម៌ មិនមែនគ្រាន់តែនិយាយឲ្យតែពីរោះស្តាប់ ឬគ្រាន់តែចេះពន្យល់ឲ្យបានក្បោះក្បាយពីអត្ថន័យរបស់វានោះទេ តែសំខាន់ គឺត្រូវប្រកាន់ខ្ជាប់ក្នុងខ្លួន។ ពេលខ្លះ បុគ្គលម្នាក់ រៀនសូត្របានជ្រៅជ្រះ មានឋានៈខ្ពង់ខ្ពស់ មានវីឡា មានឡាន ស្លៀកពាក់សមសួន និង រៀបឫកត្រឹមត្រូវ ក៏មិនប្រាកដថា មានសីលធម៌ដែរ ដរាបណាបុគ្គលនោះ នៅប្រព្រឹត្តអំពើមិនគប្បីដល់អ្នកដទៃ៕
 

Tag:
 ធម៌/សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com