ជាតិ
ពិធីបំបួសកុលបុត្រ-កុលធីតាបង្ហាញពីការតបស្នងសងគុណចំពោះមាតាបិតា
08, May 2023 , 7:59 am        
រូបភាព
កម្មវិធីបំបួសកុលបុត្រកុលធីតានៅវត្តទេពពោធិវង្សនៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។
កម្មវិធីបំបួសកុលបុត្រកុលធីតានៅវត្តទេពពោធិវង្សនៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។
ថោង ប្រណី

សៀមរាប៖ សាលាអនុគណក្រុងសៀមរាប សហកា​​​​រជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំពិធីបំបួសកុលបុត្រកុលធីតាចំនួន២០៤រូប នៅសាលាអនុគណក្រុងសៀមរាប វត្តទេពពោធិវង្ស (ហៅវត្តថ្មី) និងតាមបណ្តាវត្តមួយចំនួននៅតំបន់អង្គរ។ ពិធីនេះ ធ្វើឡើងក្នុង គោលបំណងអប់រំបណ្តុំនិស្ស័យតាមបែបពុទ្ធសាសនា ជាការតបស្នងសងគុណចំពោះមាតាបិតា ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលជាបុណ្យជាតិ និងអន្តរជាតិផងដែរ។

 
ព្រះចៅអធិការវត្តអង្គរខាងជើង ព្រះតេជគុណ តាត មហាទី បានមានសង្ឃដីកា​សំណេះសំណាល​ និងបានរៀបរាប់ពីពិធីបំបួសកុលបុត្រ កុលធីតាយ៉ាងដូចច្នេះថា នេះជាឆ្នាំទី​១២​ហើយ ដែលមានការរៀបចំពិធីបំបួសនេះ ដោយសាលា​អនុគុណក្រុងសៀមរាប ហើយសរុបមានយុវជនយុវតីប្រហែលជាង៧០០០នាក់ បានស្ម័គ្រចិត្តចូលបួសជាសាមណេរ និងសីលវតី។ 
 


ក្រៅពីនេះព្រះអង្គបានលើកឡើងថា ព្រះពុទ្ធសាសនា​ជាសាសនាសាកល​មានទ្រឹស្តីសន្តិភាព​និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំមនុស្សឲ្យរស់នៅក្នុងសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្ដល់ស្នាមញញឹមដល់គ្នានិងគ្នាទៅវិញទៅមក។ «សង្គមខ្មែរយើងបានចាត់ទុក​វិស័យ​ព្រះពុទ្ធសាសនាជាសាសនាសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន ហៅថាពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តី​ត្រូវការរបស់ប្រជាពុទ្ធបរិស័ទ​យើងបានបំពេញបុណ្យកុសល​តាមសេចក្តីជ្រះថ្លា»។ នេះជាសង្ឃដីការបស់ព្រះអង្គ តាត មហាទី នាថ្ងៃ២៩ មេសា នៅបរិវេណវត្តទេពពោធិវង្ស។ 
 
បន្ថែមពីនេះ ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសាអង្គនេះ ក៏បានរំលឹកឡើងវិញ​ពីគុណសម្បត្តិរបស់ពុទ្ធចក្រ ពោលគឺវត្តអារាម ដែលមានព្រះសង្ឃ​ជាតួអង្គសំខាន់នោះ វត្តអារាមបានជួយអភិវឌ្ឍន៍សង្គមកម្ពុជាតាំងពីសម័យមុនរហូតមកទល់បច្ចុប្បន្ននេះ។ មានជាអាទិ៍វិស័យសុខាភិបាល ព្រះសង្ឃជាគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ត ហើយវត្តអារាមជា​មន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្តដ៏សក្កិសិទ្ធបំផុត។ល។ 
 
ព្រះអង្គបានបន្តថា ពិធីកោសក់ បួងសក់ដល់កុលបុត្រកុលធីតា​នាពេលនេះ​គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏យូរលង់ណាស់មកហើយ ដែលតែងតែប្រារព្ធមុនពេលបួស។ សក់គឺជាវត្ថុដែលមនុស្សស្រលាញ់ណាស់ ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែ​កុលបុត្រកុលធីតាបានស្ម័គ្រចិត្តលះបង់សក់ដែលជាទីស្រលាញ់នេះគឺជាការលះបង់មួយដ៏អស្ចារ្យ ជាពិធីកម្មដ៏ធំធេងក្នុងភាពជាយុវវ័យ ដើម្បីសាងផ្នួសបួសសងគុណតបគុណលោកឪពុកអ្នកម្ដាយ និងអ្នកមានគុណទាំងឡាយ ជាពិសេសបានបំពេញនាទីជាកូន​ប្រុស​តាមប្រពៃណី​របស់ខ្មែរ។ 
 


ប្រពៃណីខ្មែរកូនប្រុសត្រូវតែតាមផ្នួសបួសជាភិក្ខុឬសាមណេរ ទោះក្នុងរយៈពេលវែង​ឬក៏រយៈពេលខ្លី រហូតគេបានឲ្យតម្លៃថា បួសសាមណេរសងគុណម្ដាយ ហើយបួសភិក្ខុសងគុណ​ឪពុកទៀតផង។ រីឯកូនស្រីត្រូវអប់រំបន្ទំនិស្ស័យកិរិយាមាយាទនិងឥរិយាបទជាស្ត្រីឲ្យបានល្អ តាមវិធីចូលម្លប់ឬក៏ការបួសជាសីលវតីទៅនេះឯង។
 
ក្នុងពិធីនោះដែរ លោកស្រី សៀង ចាន់ហេង បានលើកឡើងដូច្នេះថា៖«​កាលណាយើងចង់សងគុណដល់ឪពុកម្ដាយ ជីដូនជីតា គឺយើងតែងតែយកការកោសក់សាងផ្នួស ដើម្បីសងគុណអ្នកមានគុណទាំងនោះ។ យ៉ាងណាម៉ិញ កាលដែរមានទុក្ខលំបាក យើងតែងតែ​ស្វែង​រក​ពិធីកោសក់ថ្វាយលាបំណន់ ហើយថ្ងៃនេះ យើងបានរួមគ្នាមក​ប្រារព្ធពិធីសានផ្នួស ជាការ​រួម​ចំណែកព្រះពុទ្ធសាសនា ក្នុងការតបគុណសងគុណដល់អ្នកមានគុណរបស់យើង»។ 
 
បនា្ទប់ពីពិធីកោសក់បួងរួច គណៈកម្មការ កុលបុត្រកុលធីតា មាតាបិតាអាណាព្យាបាល ពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើដំណើរប្រទាក់សិនមួយជុំក្នុងបរិវេណបុរីប្រឹមប្រិយ ដោយមានការជួយសម្រួលផ្លូវពីប៉ូលិសចរាចរណ៍និងប្រជាការពារ  រួចចូលមកវត្តពោធិវង្សវិញ ហើយចាប់ផ្តើមរៀបចំបួសកុលបុត្រក្នុងព្រះវិហារវត្តពោធិវង្ស និងបំបួសកុលធីតាក្នុងសាលាឆាន់។ បន្ទាប់មក គណៈកម្មការរៀបចំកម្មវិធីបាននិមន្ត និងអញ្ជើញ សាមណេរ-ដូនជី​ដែលបានបំបួស​រួចរាល់ មកក្នុងមហារោង ដើម្បីណែនាំពវិន័យសិក្ខាបទ​ដែលត្រូវបដិបត្តិ​ផ្សេងនៅថ្ងៃបន្តបន្ទាប់​ទៀត។ 
 
សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រទេសថៃ ក្នុងគោលបំណងស្វែងយល់បន្ថែមពីការរៀបចំពិធីបំបួសនេះ។ ពិធីបំបួសនេះចាប់ផ្តើមពីថ្ងៃទី២៩ មេសា និងបញ្ចប់នៅថ្ងៃទី៥ ឧសភា៕
 
 

Tag:
 ពិធីបំបួសកុលបុត្រកុលធីតា
© រក្សាសិទ្ធិដោយ thmeythmey.com