ជាតិ
មេដឹកនាំកម្ពុជា នឹងទៅប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី
08, May 2023 , 8:59 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។ រូបភាព៖ ផេកហ្វេសប៊ុកសម្ដេច
សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។ រូបភាព៖ ផេកហ្វេសប៊ុកសម្ដេច
ដោយ:
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមប្រធានបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។



សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្ដេច ហ៊ុន សែន នឹងទៅជួបពិភាក្សាអំពីមធ្យោបាយក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងវិបុលភាព។ 
 
បន្ថែមពីនេះ ក៏មានពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្ដីសម្រេចរបស់មេដឹកនាំអាស៊ាន រួមទាំងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ក្រៅពីចូលរួមប្រជុំអាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងឥស្សរជនអាស៊ានមួយចំនួនផងដែរ៕
 

Tag:
 ប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com