អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនថា លោកឈឺចិត្ត​ចំពោះការរងទុក្ខ​របស់ប្រជាជនកូរ៉េក្នុងសម័យអាណានិគម
08, May 2023 , 2:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៧ ខែឧសភា និយាយថា លោកខូចចិត្តនៅពេលដែលលោកគិតដល់ការឈឺចាប់របស់ពលរដ្ឋកូរ៉េអំឡុងពេលជប៉ុនដាក់អាណានិគមលើកូរ៉េខាងត្បូង។ ការលើកឡើងរបស់លោកនេះ​ បានធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូល និងតូក្យូកំពុងពង្រឹងទំនាក់ទំនង ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។



នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៧ ខែឧសភា បានធ្វើដំណើរ​ទស្សនកិច្ចជា​លើក​ដំបូង​ទៅកាន់​ទីក្រុង​សេអ៊ូលដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជប៉ុន​ក្នុង​១២ឆ្នាំ។ ដំណើរ​ទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងទៅជប៉ុនកាលពីខែមីនាកន្លងមក ​ខណៈភាគីទាំងពីរព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានការរង្គោះរង្គើរតាំងពីសម័យសង្រ្គាមលោកលើកទី២មក។ 
 
«បេះដូងរបស់ខ្ញុំមានការឈឺចាប់ នៅពេលដែលគិតដល់មនុស្សជាច្រើនបានឆ្លងកាត់បទពិសោធលំបាក និងសោកសៅនៅក្នុងបរិយាកាសដ៏អាក្រក់នៅពេលនោះ»។ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានលើកឡើងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន សុកយ៉ល។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូល លោក គីស៊ីដា បានអះអាងថា ជប៉ុននៅតែរក្សាគោលជំហរដូចគណៈរដ្ឋមន្ត្រីមុនៗទាក់ទងនឹងការទទួលស្គាល់ប្រវត្តិសាស្រ្ត។ លោកបន្ថែមថា លោកគាំទ្រកិច្ចព្រមព្រៀងរវាងជប៉ុន និងកូរ៉េខាងត្បូងឆ្នាំ ១៩៩៨ ដែលរួមបញ្ចូលការសុំទោសចំពោះវិបត្តិក្នុងសម័យអាណានិគមជប៉ុនរួមមកហើយ។
 
ដ្បិតមានបញ្ហាជាប្រវត្តិសាស្រ្តដ៏ជម្រូងជម្រោះនេះក្តី កន្លងមកប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយជម្លោះប្រវត្តិសាស្ត្រ និងធ្វើការជាមួយគ្នា ដើម្បីរក្សាសន្តិសុខក្នុងតំបន់។
 
នៅក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរវាងភាគីទាំងពីរនៅថ្ងៃទី៧ ខែឧសភាលោក យូន​ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងកូរ៉េខាងត្បូង និងជប៉ុន មានសារសំខាន់មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិភាព និងវិបុលភាពពិភពលោកនៅពេលប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នផងដែរ។ 
 
ប្រទេសជិតខាងក្នុងតំបន់អាស៊ីបូព៌ា និងជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់អាម៉េរិកទាំងពីរនេះ មានជម្លោះជាមួយគ្នាជាយូរណាស់មកហើយលើបញ្ហាជាប្រវត្តិសាស្ត្រដែលទាក់ទងនឹងអាណានិគមរបស់ជប៉ុនពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ដែលទាហានជប៉ុនបានជិះជាន់ពលរដ្ឋកូរ៉េទាំងផ្លូវភេទ និងពលកម្មដោយបង្ខំ។
 
លើសពីនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានជាប់គាំងក្នុងឆ្នាំ២០១៨ បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ជនរងគ្រោះក្នុងសម័យសង្រ្គាមនៃការបង្ខំឱ្យធ្វើការ ខណៈការសម្រេចនេះបានធ្វើឱ្យទីក្រុងតូក្យូមានការមិនសប្បាយចិត្តជាខ្លាំង៕
 
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com