សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីរកវិធីប្រើប្រាស់ប្រាក់រាប់ពាន់លានរ៉ូពីដែលជាប់គាំងនៅឥណ្ឌា
09, May 2023 , 8:29 am        
រូបភាព
រូបភាពពី BRICS ។
រូបភាពពី BRICS ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយពីពេលថ្មីៗនេះថា រុស្ស៊ីកំពុងមានការជាប់គាំងលុយរាប់ពាន់លានរ៉ូពីនៅក្នុងធនាគារឥណ្ឌា ហើយដើម្បីប្រើប្រាស់ប្រាក់នេះបាន គឺតម្រូវឱ្យរុស្ស៊ីប្តូរទៅជារូបិយប័ណ្ណមួយផ្សេងទៀត។

 
កំណើនចំនួនប្រាក់រ៉ូពីដែលរុស្ស៊ីប្រមូលបាននៅក្នុងធនាគារឥណ្ឌាបានកើនឡើងនៅពេលមានអតិរេកពាណិជ្ជកម្មជាមួយទីក្រុងញូវដែលី ។ ការនាំចេញរបស់ឥណ្ឌាទៅកាន់រុស៊ី្សបានធ្លាក់ចុះ ១១,៦ភាគរយមកនៅត្រឹម ២,៨ពាន់លានដុល្លារក្នុងរយៈពេល ១១ខែនៅចន្លោះឆ្នាំ ២០២២-២០២៣ ទន្ទឹមនឹងនេះការនាំចូលបានកើនឡើង ៥ដងដែលមានចំនួន ៤១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។
 
រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាក៏កំពុងទិញប្រេងពីរុស្ស៊ីដែលមានតំលៃថោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែផលិតផលនេះត្រូវបានលោកខាងលិចដាក់ទណ្ឌកម្មបន្ទាប់ពីមានសង្គ្រាមនៅអ៊ុយក្រែន។ បើតាមក្រុមហ៊ុនទិន្នន័យ Vortex ការនាំចូលប្រេងឆៅរបស់រុស្ស៊ីទៅកាន់ឥណ្ឌាបានកើនឡើងដល់ ១,៦៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន ពោលគឺកើនឡើង​ ៦ ដងបើធៀបនឹងឆ្នាំមុន។
 
ដំបូងឡើយ រុស្ស៊ីចង់លើកទឹកចិត្តឥណ្ឌាឱ្យប្រើប្រាស់ប្រាក់រូប្លិ និងប្រាក់រ៉ូពីក្នុងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដោយសារតែធនាគាររុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច និងដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។ ប៉ុន្តែដោយសារការប្រែប្រួលដ៏ធំនៃប្រាក់រូប្លិ បន្ទាប់ពីសង្រ្គាមបានបណ្តាលឱ្យយន្តការទូទាត់ប្រាក់រ៉ូពី - រូប្លិជាមួយប្រេងឆៅត្រូវបានលុបចោល។ ឥណ្ឌា​នៅ​តែ​មិន​អើពើ​នឹង​សម្ពាធ​របស់​អាម៉េរិក​ក្នុង​ការ​កាត់​បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។
 
រុស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ និង​សម្ភារៈ​យោធា​ធំជាងគេ​ដល់​ឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះបានថយចុះនាពេលថ្មីៗនេះ ដោយសារកង្វះយន្តការបង់ប្រាក់ដែលមិនបំពានលើទណ្ឌកម្មរបស់អាម៉េរិក។ រហូតមកដល់ពេលនេះក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានព្យាយាមបង់ប្រាក់ជារូបិយប័ណ្ណរ៉ូពី អារ៉ាប់រួម និងប្រាក់រូប្លិ។ ហើយការទិញ-​លក់​នេះក៏នឹង​មិនហ៊ាន​បំពាន​លើ​ទណ្ឌកម្ម​លោក​ខាង​លិច​ទេ​ប្រសិន​បើ​តម្លៃ​លក់​ក្រោម ៦០ ដុល្លារ​ក្នុង​មួយ​ធុង។
 
បណ្តាធនាគារឥណ្ឌាបានបើកគណនីពិសេសនៅរុស្ស៊ីដូចជា Sberbank និង VTB Bank ដើម្បីគាំទ្រពាណិជ្ជកម្មបរទេសក្នុងប្រាក់រ៉ូពី និងរក្សាលំហូរនៃប្រេងឆៅ។ កាលពីថ្ងៃទី ២៨ ខែមេសា ទេសាភិបាលធនាគារកណ្តាលនៃប្រទេសរុស្ស៊ី Elvira Nabiullina ក៏បានលើកឡើងផងដែរថា ឧបសគ្គនៃរូបិយប័ណ្ណបច្ចុប្បន្នធ្វើឱ្យមានការពិបាកសម្រាប់អ្នកនាំចេញរុស្ស៊ីក្នុងការនាំយកប្រាក់ចំណូលជាប្រាក់រ៉ូពីដែលជាប់គាំងនៅឥណ្ឌាត្រឡប់មកផ្ទះវិញ៕
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
 ​ ប្រាក់រ៉ូពី
  ប្រាក់រូប្លិ
© រក្សាសិទ្ធិដោយ thmeythmey.com