ជាតិ
សេដ្ឋកិច្ច
កម្ពុជារំពឹងទទួលបានទេសចរកូរ៉េ ៨ម៉ឺននាក់ នៅឆ្នាំ២០២៣
09, May 2023 , 6:59 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ៖ គិត បុប្ផា

ភ្នំពេញ​៖ កម្ពុជាជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅលើទីផ្សារកូរ៉េ ក្នុងពិព័រទេសចរណ៍អន្តរជាតិ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង អនុវត្តយុទ្ធសាស្រ្ដនៃចក្ខុវិស័យស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ រួមទាំងផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្ដិភាព»។



យោងតាមក្រសួងទេសចរណ៍ ស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកម្ពុជា  សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានដឹកនាំឯកជនជាង១០ក្រុមហ៊ុនចូលរួមពិព័រទេសចរណ៍អន្ដរជាតិ SEOUL INTERNATIONAL TRAVEL FAIR 2O23 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ 
 
តាមរយៈកម្មវិធីនេះ កម្ពុជាបានផ្សព្វផ្សាយ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្ដិភាព» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៣។ លើសពីនេះកម្ពុជាបានផ្សព្វផ្សាយគោលដៅ ទេសចរណ៍ផ្ដល់ភាពកក់ក្ដៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃជាអច្ឆរិយភាព»។
 
ជាមួយគ្នានេះ កម្ពុជាទទួលបានទេសចរចំនួន ២,២៧៦,៦២៦នាក់ កើនឡើង ១០៥៨,៦% ក្នុងនោះទេសចរកូរ៉េមានចំនួន ៦៤,០៤០នាក់ កើនឡើង ៩៥៤.៣% ធៀបនឹងឆ្នាំ២០២១។ ចំណែកឆ្នាំ ២០២៣វិញ ត្រឹមរយៈពេល៣ខែដំបូង កម្ពុជាទទួលបានទេសចរកូរ៉េ ៥២,៥៧៨នាក់ មានការកើនឡើង ១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២។ 
 
ការទទួលបានកំណើនទេសចរនេះ សបញ្ជាក់ថា ស្ថានភាពទេសចរណ៍នៅកម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣៕
 

Tag:
 ទេសចរណ៍អន្តរជាតិ
  ទីក្រុងសេអ៊ូល
© រក្សាសិទ្ធិដោយ thmeythmey.com