ជាតិ
កីឡាករបាល់ទះ គួន មុំ ថា កម្ពុជា បានមេដាយប្រាក់ បង្ហាញពីការអភិវឌ្ឍខ្លាំង
09, May 2023 , 5:19 pm        
រូបភាព
មិនខុសពីគ្រូបង្វឹក និងមិត្តរួមក្រុមនោះទេ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា គួន មុំ ព្រមទទួលយកលទ្ធផល ដែលកម្ពុជាសម្រេចបានមេដាយប្រាក់ ក្រោយចាញ់ឥណ្ឌូណេស៊ី ៣-០ សិត នៃវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី៨ ឧសភា។ សម្រាប់ គួន មុំ កម្ពុជា បានមេដាយប្រាក់នេះ បង្ហាញពីការអភិវឌ្ឍខ្លាំងលើវិស័យបាល់ទះ។



កីឡាករស្មាត់ធំរបស់កម្ពុជារូបនេះ ពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននេះ។ មូលហេតុដែល គួន មុំ មិនបដិសេធលទ្ធផលនេះ ដោយសារតែឃើញសមាជិកក្រុមខ្លួន បានព្យាយាមធ្វើយ៉ាងល្អ នាជំនួបម្ចាស់មេដាយមាសបាល់ទះ ឥណ្ឌូណេស៊ី ដែលជាក្រុមខ្លាំងនៅក្នុងតំបន់អាស៊ាន។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កីឡាករម្ចាស់អាវលេខ១៥រូបនេះ បាននិយាយថា៖«លទ្ធផលមេដាយប្រាក់នេះ ចំពោះពួកខ្ញុំ គឺពេញចិត្តខ្លាំងមែនទែន។ ចំពោះគោលដៅដែលយើងបាន គឺយើងចង់យកមេដាយមាសមែន តែយើងទៅអត់រួចជាមួយឥណ្ឌូណេស៊ី ព្រោះលទ្ធភាពពួកគេអាចលេងលំដាប់អឺរ៉ុបហើយ ហើយយើងទើបតែចាប់ផ្ដើម២ឆ្នាំចុងក្រោយ អាចបានលេខ៣ ទៅដល់លេខ២។ អ៊ីចឹងយើងកាន់តែអភិវឌ្ឍន៍ទៅទៀតហើយ។ សម្រាប់ខ្ញុំ សប្បាយចិត្តខ្លាំងមែនទែន»។

  

បើតាម គួន មុំ កម្រិតលេងរបស់កីឡាករឥណ្ឌូណេស៊ីល្អជាងគេកម្ពុជា ជាពិសេសលើការការពារ , ការទទួល និងវាយសេវាចេញ (Service) ហើយស្មាត់របស់គេ គឺវាយចេញមួយៗ ចំគោលដៅច្បាស់តែម្ដង។ ជាពិសេសភាពរហ័សរហួនក្នុងការលេងជាក្រុម និងលេងបាល់លឿន។
 
តែយ៉ាងណាកីឡាករជម្រើសជាតិរូបនេះ ជឿជាក់ថា ក្រុមបាល់ទះកម្ពុជា នឹងអាចសម្រេចបានមេដាយមាស នៅថ្ងៃណាមួយ តាមរយៈការរីកចម្រើននេះ។
ការទទួលបានមេដាយប្រាក់ គឺជាកំណត់ត្រាថ្មីរបស់ក្រុមបាល់ទះក្នុងសាលរបស់កម្ពុជា បើគិតចាប់តាំងពីកីឡាប្រភេទនេះ បង្ហាញវត្តមានជាទៀងទាត់ក្នុងស៊ីហ្គេមចាប់តាំងពីឆ្នាំ១៩៧៧មក។
 
កម្ពុជាដែលទទួលបានមេដាយសំរឹទ្ធកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ធ្វើបានយ៉ាងល្អនាការប្រកួតក្នុងពូល ហើយបន្តយកឈ្នះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២៕

Tag:
 គួន មុំ
  បាល់ទះ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com