អន្តរជាតិ
ចិន និងប៉ាគីស្ថានទទូចឱ្យបែងចែកឱ្យដាច់រវាងជំនួយមនុស្សធម៌ និងនយោបាយលើអាហ្វហ្កានីស្ថាន
09, May 2023 , 10:29 pm        
រូបភាព
ក្រុងកាប៊ុល អាហ្វហ្កានីស្ថាន។ រូបភាព Reuters
ក្រុងកាប៊ុល អាហ្វហ្កានីស្ថាន។ រូបភាព Reuters
ចិន និងប៉ាគីស្ថាន នៅថ្ងៃទី៨ ខែឧសភាបានជំរុញឱ្យម្ចាស់ជំនួយបន្ថយគម្លាតក្នុងការផ្គត់ផ្គង់ មូលនិធិមនុស្សធម៌សម្រាប់អាហ្វហ្កានីស្ថាន ហើយជំនួយទាំងនោះគួរតែកាត់ផ្ដាច់ពីការគិតគូរផ្នែកនយោបាយ។

 
មន្ត្រីអន្តរជាតិបាននិយាយថា ជំនួយសម្រាប់អាហ្វហ្កានីស្ថាននឹងត្រូវធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ នេះ ខណៈដែលប្រទេសម្ចាស់ជំនួយប្រឈមនឹងការទប់ស្កាត់បុគ្គលិកជំនួយស្ត្រីមិនឱ្យធ្វើការ ដោយសាររដ្ឋបាលតាលីបង់ និងការព្យាយាមទប់ទល់នឹងការកើនឡើងនៃវិបត្តិជុំវិញពិភពលោកផ្សេងៗទៀត។ អង្គការសហប្រជាជាតិ (UN) បាននិយាយ នៅសប្តាហ៍មុនថាខ្លួននឹងបន្ត រក្សាបុគ្គលិករបស់ខ្លួននៅប្រទេសនេះ ទោះបីជារដ្ឋបាលនៅទីក្រុងកាប៊ុល បានចាប់ផ្តើមអនុវត្តការហាមឃាត់លើស្ត្រីអាហ្វហ្កានីស្ថានដែលធ្វើការឱ្យស្ថាប័នពិភពលោកនេះក៏ដោយ។
 
«រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាជនអាហ្វហ្កានីស្ថានត្រូវតែនៅ តែមិនទាក់ទងគ្នាពីការពិចារណានយោបាយណាមួយឡើយ»។ រដ្ឋមន្ត្រីការបរទេសចិន ប៉ាគីស្ថាន​ និងរដ្ឋបាលតាលីបង់ បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទីក្រុងអ៊ីស្លាម៉ាបាដ។
 
មន្ត្រីទាំងបីក៏បានអំពាវនាវឱ្យមានការដកទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងអាហ្វហ្កានីស្ថាន ដើម្បីបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងប្រទេស។ បន្ថែមពីនេះ 
សេចក្ដីថ្លែងការណ៍រួមដដែលនោះសង្កត់ធ្ងន់អំពី ការធានាម្តងហើយម្តងទៀតរបស់រដ្ឋាភិបាល បណ្តោះអាសន្នអាហ្វហ្កានីស្ថានក្នុងការគោរពសិទ្ធិស្ត្រី និងបានជំរុញឱ្យម្ចាស់ជំនួយជួយដល់ ការកសាងឡើងវិញរបស់ប្រទេសមួយនេះដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ជន ជាតិអាហ្វហ្កានីស្ថានទាំងអស់រួមទាំងស្ត្រី និងកុមារ។
 
យោងតាមទិន្នន័យរបស់ UN អាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតតាមការអំពាវនាវពីឆ្នាំមុនពី UN ដោយបានផ្តល់ថវិកាជំនួយជិត ១,២ ពាន់លានដុល្លារ។ រហូតមកដល់ពេលនេះ អាមេរិក បានផ្តល់ជំនួយច្រើនបំផុតដល់ការអំពាវនាវរបស់ UN ក្នុងឆ្នាំ ២០២៣ ក្នុងចំនួន ៧៥ លានដុល្លារ។ 
 
គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិព្រមមានពីសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន មានហានិភ័យ ប្រសិនបើជំនួយនៅតែបន្តរីងស្ងួត៕
 

Tag:
 ចិន
  ប៉ាគីស្ថាន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com