កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ស្ដេចស្នូកឃ័រហ្វីលីពីន Reyes ធ្លាក់ចេញពីការប្រកួតប៊ីយ៉ាការ៉ុម៣បាំង ក្រោយចាញ់កម្ពុជា
10, May 2023 , 10:37 am        
រូបភាព
ស្ដេចស្នូកឃ័រហ្វីលីពីន Efren Reyes បានធ្លាក់ចេញពីការប្រកួតប៊ីយ៉ាការ៉ុម៣បាំង ក្រោយចាញ់កីឡាករកម្ពុជា វូ ដុងហួន (Woo Donghoon) ដោយពិន្ទុ៤០-១៥ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៩ ឧសភា។



ការប្រកួតប៊ីយ៉ាការ៉ុមនេះ កីឡាករកម្ពុជា វូ ដុងហួន ធ្វើបានល្អជាងស្ដេចស្នូកឃ័រហ្វីលីពីន ក្នុងការបុកបញ្ជាគ្រាប់ប៊ីយ៉ាទៅបាល់ចំគ្រាប់នីមួយៗ។ ប៊ីយ៉ាការ៉ុមនេះ គឺមានគ្រាប់ចំនួន៣ ដោយមានព័ណ៌ស ក្រហម និងលឿង។ កីឡាករ វូ ដុងហួន កាន់គ្រាប់ប៊ីយ៉ាព័ណ៌ស រីឯ Efren Reyes កាន់គ្រាប់ព័ណ៌លឿង សម្រាប់បុកបញ្ជាកូនគ្រាប់នោះ។
 

ការប្រកួតដំបូងស្ដេចស្នូកឃ័រហ្វីលីពីន បាននាំមុខកីឡាករ វូ ដុងហួន ជាបន្តបន្ទាប់រហូតដល់១២ ទល់១០ពិន្ទុ។ ប៉ុន្តែក្រោយមក Efren Reyes មិនអាចបញ្ជាកូនគ្រាប់ប៊ីយ៉ា ទៅប៉ះគ្រាប់ព័ណ៌ស និងក្រហម ដោយឆ្លងកាត់៣បាំងបានឡើយ។ ស្របពេលដែល Reyes ធ្វើមិនបានល្អនោះ កីឡាករកម្ពុជា វូ ដុងហួន បានបញ្ជាកូនទៅប៉ះគ្រាប់នីមួយៗ ដោយឆ្លងកាត់៣បាំងបានយ៉ាងល្អ រហូតបាន២០ពិន្ទុនាំមុខ Efren Reyes វិញ។
 
ការប្រកួតមិនទាន់បញ្ចប់ត្រឹមនេះឡើយ ព្រោះលក្ខខណ្ឌបានកំណត់ឱ្យកីឡាករទាំងពីររកឱ្យបាន៤០ពិន្ទុ។ ដូច្នេះ Efren Reyes នៅមានឱកាសរកពិន្ទុបន្ថែមទៀតដែរ ប៉ុន្តែកីឡាករវ័យ៦៨ឆ្នាំរូបនេះ ធ្វើបានតែ៣ពិន្ទុទៀតប៉ុណ្ណោះ ខណៈកីឡាករកម្ពុជា វូ ដុងហួន រកបាន២០ពិន្ទុបន្ថែមទៀត ស្របតាមលក្ខខណ្ឌនៃការប្រកួត ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
ស្ដេចស្នូកឃ័រហ្វីលីពីន Efren Reyes បានចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាច្រើនលើកមកហើយ ដោយលោកធ្លាប់ឈ្នះមេដាយមាស ចំនួន៧គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង លើប្រភេទវិញ្ញាសាផ្សេងៗគ្នា បើគិតពីឆ្នាំ១៩៨៧ ដល់២០២១មក។ ចំណែកការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លោក Efren Reyes សម្រេចបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ នេះជាលើកទី២ហើយ ដែលលោក Reyes មិនបានមេដាយអ្វីសោះ សម្រាប់ហ្វីលីពីន បើគិតទាំងឆ្នាំ២០១៧៕

Tag:
 ប៊ីយ៉ា
  ស៊ីហ្គេម
  ស្នូកឃ័រ
© រក្សាសិទ្ធិដោយ thmeythmey.com