អន្តរជាតិ
អាស៊ាន
មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់
10, May 2023 , 9:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព AFP
មេដឹកនាំអាស៊ាន​ នៅថ្ងៃទី១០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ាផង។

 
ថ្មីៗនេះ ហេតុការណ៍បាញ់ប្រហារបានកើតលើមន្ត្រីអាស៊ាន នៅទីក្រុង Hsi Hseng ក្នុងរដ្ឋភាគខាងលិច Shan  ហើយមន្ត្រីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន ក៏មានវត្តមានផង។ បញ្ហានេះ បានធ្វើឱ្យប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ានថ្កោលទោសយ៉ាងខ្លាំង។ 
 
ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ីផង ហើយជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។ 
 
ទន្ទឹមនេះ អាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ 
 
«យើងមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ 
 
លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com