កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គុនខ្មែរបញ្ចប់ដោយកម្ពុជាឈ្នះមេដាយមាស១៤ វៀតណាមឈ្នះ៥
12, May 2023 , 9:55 am        
រូបភាព
ព្រំ សំណាង (រុំ សំណាង) កីឡាករ​ដែលឈ្នះមេដាយមាសទី​១៤​ពីប្រភេទកីឡាគុនខ្មែរ ទម្ងន់៨១គីឡូក្រាម។ រូបថត អ៊ូ សុខមាន
ព្រំ សំណាង (រុំ សំណាង) កីឡាករ​ដែលឈ្នះមេដាយមាសទី​១៤​ពីប្រភេទកីឡាគុនខ្មែរ ទម្ងន់៨១គីឡូក្រាម។ រូបថត អ៊ូ សុខមាន
កីឡាគុនខ្មែរបានបញ្ចប់យុទ្ធនាការរបស់ខ្លួនក្នុងស៊ីហ្គេមលើកទី៣២ ដដែល ដោយឈ្នះមេដាយមាស១៤ ខណៈ វៀតណាមឈ្នះមេដាយមាស៥ផ្សេងទៀត ក្នុងចំណោម១៩មេដាយសម្រាប់ការប្រកួតប្រជែងនៅពហុកីឡដ្ឋានជាតិអូឡាំពិកពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា។

 
ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣ កម្ពុជាបានបង្ហាញភាពខ្លាំងរបស់ខ្លួន លើប្រភេទកីឡាគុនខ្មែរ ដែលជាមរតកដូនតា សម្រាប់វត្តមានលើកដំបូងបំផុតនៅស៊ីហ្គេម។
 
 

កម្ពុជាឈរចំណាត់ថ្នាក់លេខ១លើតារាងកីឡាគុនខ្មែរប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាមួយមេដាយមាស១៤ ប្រាក់៣ សំរឹទ្ធ២។ វៀតណាមស្ថិតនៅលេខ២ ដោយឈ្នះមេដាយមាស៥ ប្រាក់៨សំរឹទ្ធ៤។ ឡាវឈរលេខ៣ ជាមួយមេដាយប្រាក់៥ សំរឹទ្ធ៧។
 
 

មីយ៉ាន់ម៉ា ឈ្នះមេដាយប្រាក់២ សំរឹទ្ធ៧, ហ្វីលីពីន បានមេដាយប្រាក់១ សំរឹទ្ធ៥ ខណៈម៉ាឡេស៊ី ដែលស្ថិតនៅលេខ៦ វិលត្រឡប់ទៅផ្ទះវិញជាមួយមេដាយសំរឹទ្ធ៥។
 
វិញ្ញាសាសម្តែងគុនគ្រូ កីឡាករ កាន់ ម៉េងហុង និងកីឡាការិនី មើយ ស៊ឹង បានឈ្នះមេដាយមាសម្នាក់មួយលើវិញ្ញាសាឯកត្តជនបុរស-នារី។ ម្ចាស់មេដាយមាស១២ទៀត រួមមាន ម៉ាប់ ធារ៉ា (ទម្ងន់៤៥គីឡូក្រាម), ភុន ពិសិទ្ធ (ទម្ងន់៤៨គីឡូក្រាម), ខាំ ខ្លានាង (ទម្ងន់៥១គីឡូក្រាម), ហ៊ឹម គឹមរៀង (ទម្ងន់៥៤គីឡូក្រាម), ឃុន ឡាំងកូស៊ីន (ទម្ងន់៥៧គីឡូក្រាម), ឈុត វ៉ាន់ថង ឬ ឈុត សេរីវ៉ាន់ថង  (ទម្ងន់៦០គីឡូក្រាម), ឃុន បូរ៉ា (ទម្ងន់៦៣,៥គីឡូក្រាម), ឡៅ ចិត្រា (ទម្ងន់៦៧គីឡូក្រាម), ទិត សោភ័ណ្ឌ ឬ រឿង សោភ័ណ្ឌ (ទម្ងន់៧១គីឡូក្រាម), ឡៅ ចន្ទ្រា (ទម្ងន់៧៥គីឡូក្រាម), រុំ សំណាង ឬ ព្រំ សំណាង (ទម្ងន់៨១គីឡូក្រាម) និងកីឡាការិនី ទូច ចាន់វត្តី (ទម្ងន់៥៤គីឡូក្រាម)។
 
 

មេដាយប្រាក់៣របស់កម្ពុជា រកបានដោយ កីឡាការិនី មើយ ស៊ឹង លើប្រភេទទម្ងន់៥១គីឡូក្រាម បន្ទាប់ពីកីឡាការិនីរូបនេះ ឈ្នះមេដាយមាសលើវិញ្ញាសាសម្តែងគុនគ្រូ។ កីឡាការិនី ទូន ស្រីពីន លើទម្ងន់៥៧គីឡូក្រាម និងកីឡាការិនី សំណាង លើទម្ងន់៦០គីឡូក្រាម។
 
មេដាយសំរឹទ្ធចំនួន២ សម្រេចបានដោយ កីឡាការិនី ឆា ចាន់ដែង ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម និងកីឡាការិនី សុខរី កនិកា លើទម្ងន់៤៨គីឡូក្រាម៕
 
រាយការណ៍បន្ថែមដោយ ហៀក ឆក, គឹម មករា និងអ៊ូ សុខមាន
  
    


Tag:
 សរុបមេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com