ជាតិ
​​​ន​យោ​បាយ​ជាតិ​
បេក្ខជនតំណាងរាស្រ្តបក្សមូលដ្ឋាន៖ លោក យ៉េង វីរៈ ឈរនៅភ្នំពេញ, អ្នកស្រី ឡឹក រដ្ឋា រើសយកព្រៃវែង
12, May 2023 , 11:36 am        
រូបភាព
លោក យ៉េង​ វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (កណ្តាល) និងអ្នកស្រីអនុប្រធាន ឡឹក រដ្ឋា យកពាក្យគណបក្សដាក់នៅគ.ជ.ប សុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត (រូបពីហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន)។
លោក យ៉េង​ វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (កណ្តាល) និងអ្នកស្រីអនុប្រធាន ឡឹក រដ្ឋា យកពាក្យគណបក្សដាក់នៅគ.ជ.ប សុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត (រូបពីហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន)។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជ្រើសរើសយកមណ្ឌលភ្នំពេញ សម្រាប់ការឈរជាបេក្ខជនតំណាងរាស្រ្ត ក្នុងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។



បញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា ឈ្មោះលោក យ៉េង ​វីរៈ ស្ថិតនៅលេខរៀងទី១។ ចំណែកអ្នកស្រី ឡឹក រដ្ឋា អនុប្រធានគណបក្សនេះ ឈរជាបេក្ខជនតំណាងរាស្រ្តលំដាប់លេខរៀងទី១ដែរ នៅខេត្តព្រៃវែង។  
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពុំបានដាក់បេក្ខជនតំណាងរាស្រ្តគ្រប់ទាំង២៥រាជធានី-ខេត្តនោះទេ ដោយដាក់បានត្រឹម២០រាជធានី-ខេត្ត។ នេះបើមើលតាមបញ្ជីបេក្ខជនតំណាងរាស្រ្ត។ 
 
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប សម្រេចជាផ្លូវការឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចូលប្រកួតក្នុងការបោះឆ្នោត។ គួរបញ្ជាក់កន្លែងនេះបន្តិចថា មានគណបក្សទាំងអស់២០ ដែលបានដាក់ពាក្យ ដោយគណបក្សខ្លះ ត្រូវបានគ.ជ.ប សម្រេចជាផ្លូវការហើយ ដោយអនុញ្ញាតឲ្យចូលរួមប្រកួត ខណៈគណបក្សខ្លះទៀត កំពុងស្ថិតក្នុងការពិនិត្យ។ 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានគេមើលឃើញថា ជាគណបក្សដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្ត។ តែមួយរយៈចុងក្រោយនេះ គណបក្សនេះ បានជ្រុះបាត់មនុស្សសំខាន់ៗមួយចំនួន។ លោក យ៉ង សាំងកុមារ បណ្ឌិតផ្នែកកសិកម្ម និងលោក សាម អ៊ីន បណ្ឌិតផ្នែកបរិស្ថាន-ព្រៃឈើ ជាអាទិ៍ ដែលសុទ្ធតែជាសសរស្តម្ភរបស់គណបក្សនេះ បានសម្រេចចិត្តទៅចូលរួមជាមួយគណបក្សកាន់អំណាចវិញ។ 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ តែពុំទទួលបានអាសនៈឡើយ៕ 
 
 
 

Tag:
 យ៉េង វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com