អន្តរជាតិ
ហុងឌូរ៉ាស ត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ក្រោយផ្ដាច់ចំណងការទូតជាមួយតៃវ៉ាន់
13, May 2023 , 9:41 am        
រូបភាព
ហុងឌូរ៉ាស នឹងចាប់ផ្ដើមការចរចាជាមួយចិនដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលជាការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសដៃគូការទូតថ្មីថ្មោងទាំង២ ក្រោយហុងឌូរ៉ាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។

 
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែឧសភា ថា គោលដៅរបស់ហុងឌូរ៉ាស គឺចាប់ផ្ដើមការចរចានៅពេលឆាប់ៗ ហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សអាស៊ីដែលជាមហាអំណាចសេដ្ឋកិច្ចធំរបស់ពិភពលោក។ លោកបន្តថា នេះជាឱកាសល្អ ហើយជាការបើកច្រកដល់ផលិតផលហុងឌូរ៉ាសចូលទីផ្សារចិន។
 
ហុងឌូរ៉ាស និងចិន ភ្ជាប់ទំនាក់ទំនងការទូតនៅចុងខែមីនា បន្ទាប់ពីប្រទេសអាម៉េរិកកណ្ដាលមួយនេះបញ្ចប់ចំណងការទូតរាប់សិបឆ្នាំជាមួយតៃវ៉ាន់។ តៃវ៉ាន់ ក្ដៅស្លឹកត្រចៀកនឹងហុងឌូរ៉ាសយ៉ាងខ្លាំង ហើយចោទប្រទេសនេះ សម្លឹងឃើញទឹកលុយរបស់ចិន ប៉ុន្តែហុងឌូរ៉ាសបានលើកឡើងពីភាពចាំបាច់ក្នុងការកៀរគរទឹកប្រាក់វិនិយោគក្នុងប្រទេស។
 
បើតាមលោក Reina កាហ្វេជាផលិតផលដំបូងដែលត្រូវនាំចេញទៅទីផ្សារចិន ខណៈហុងឌូរ៉ាសជាប្រទេសដាំកាហ្វេធំជាងគេក្នុងតំបន់។ ចិនក៏បង្ហាញបំណងទិញសាច់គោ ចេក និងផលិតផលមួយចំនួនទៀតពីហុងឌូរ៉ាសដែរ។
 
បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រមុខការទូតហុងឌូរ៉ាសរូបនេះក៏ធ្លាប់លើកឡើងកាលពីខែមេសាថា ហុងឌូរ៉ាសអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយចិនលើការសម្រាលបន្ទុកបំណុលតាមររយៈការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុរបស់ដៃគូថ្មីរបស់ខ្លួន៕
 
 

Tag:
 ចិន
  ហុងឌូរ៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com