អន្តរជាតិ
រដ្ឋមន្រ្តីការបរទេស EU គាំទ្រផែនការសើរើទំនាក់ទំនងជាមួយចិន
13, May 2023 , 11:45 am        
រូបភាព
បណ្ដារដ្ឋមន្រ្តីការបរទេសប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានគាំទ្រផែនការរបស់ EU ក្នុងការសើរើទំនាក់ទំនងជាមួយចិនឱ្យមានតុល្យភាពជាងមុន។ សម្រាប់ជំហានបន្ទាប់ ប្រមុខការទូតអឺរ៉ុប Josep Borrell បញ្ជាក់ថា អឺរ៉ុបនឹងរកវិធីសាស្រ្តដើម្បីសម្រេចគោលដៅនេះ។

 
រដ្ឋមន្រ្តីការបរទេសសមាជិក EU ទាំង២៧ប្រទេស បានជួបប្រជុំនៅទីក្រុងស្តុកខុល ទឹកដីស៊ុយអែតដើម្បីជជែកពីផែនការរបស់សហភាពអឺរ៉ុបជុំវិញការកែប្រែទំនាក់ទំនងជាមួយចិន។ ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borrell លើកឡើងថា រដ្ឋមន្រ្តីនានា ផ្ដល់ការគាំទ្រទូលាយលើផែនការសម្រួលទំនាក់ទំនងជាមួយចិន ដោយចាត់ទុកចិនជាដៃគូប្រជែងផ្នែកនយោបាយ និងជាដៃគូសំខាន់លើបញ្ហាពិភពលោក។
 
«នៅពេលការពឹងផ្អែកធំ វាមានហានិភ័យ។» លោក Borrell និយាយបែបនេះដោយសំដៅទំនាក់ទំនងបច្ចុប្បន្នរវាងអឺរ៉ុប និងចិន។ 
 
បើតាមប្រមុខគោលនយោបាយការបរទេសរូបនេះ អឺរ៉ុបត្រូវរៀនសូត្រកំហុសអតីតកាលរបស់ខ្លួនក្នុងទំនាក់ទំនងជាមួយរុស្ស៊ី នៅពេលដែលពឹងផ្អែកខ្លាំងលើហ្គាសរបស់រុស្ស៊ីនោះ។ ក្រោយចាត់វិធានការលើរុស្ស៊ីចំពោះការបំពានអ៊ុយក្រែន អឺរ៉ុបក៏ប្រឈមមុខវិបត្តិហ្គាសវិញបន្ទាប់ពីទីក្រុងមូស្គូសងសឹកដោយយកហ្គាសជាមួយអាវុធ។
 
សម្រាប់លោក Borrell អឺរ៉ុបសព្វថ្ងៃពឹងផ្អែកលើចិនខ្លាំងជាងរុស្ស៊ីលើបច្ចេកវិទ្យាសំខាន់ៗដូចជាបន្ទះសូឡា និងគ្រឿងបរិក្ខារផ្សេងទៀត។
 
ជាមួយផែនការថ្មី អឺរ៉ុបក៏ត្រូវធ្វើការច្រើនទៀតដើម្បីដាក់ចេញវិធានការជាក់ស្ដែងលើការកាត់បន្ថយការពឹងពាក់ចិន។ លោក Borrell សង្កត់ធ្ងន់ថា អ្វីដែលអឺរ៉ុបធ្វើមិនមែនជាការផ្ដាច់ទំនាក់ទំនងឡើយ តែជាការធ្វើឱ្យមានតុល្យភាពឡើងវិញ៕
 

Tag:
 អឺរ៉ុប
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com