កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទូតអាម៉េរិក៖ ចេសា ធ្វើឱ្យកម្ពុជា និងអាម៉េរិក មានមោទកភាព
13, May 2023 , 2:36 pm        
រូបភាព
ដោយ: រួបរួម
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា លោក W.Patrick Murphy កាលពីថ្ងៃទី១១ ខែឧសភា បានទទួលស្វាគមន៍កីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា ដែលដណ្តើមបានមេដាយមាស១ និងប្រាក់១ពីកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ លោក Peter Khan ដែលជាឪពុក និងជាគ្រូបង្វឹក រួមទាំងថ្នាក់ដឹកនាំកីឡាជឺជិតស៊ូ ក៏មានវត្តមាននាជំនួបនោះផងដែរ។

 
«ចេសា បានធ្វើឲ្យប្រជាជាតិទាំងពីរ មានមោទកភាព។ យើងសូមឲ្យ ចេសា បន្តទទួលបានជោគជ័យ នៅក្នុងអាជីពកីឡា ju-jitsu របស់នាង ហើយសូមគាំទ្រនាង!»។ នេះជាការលើកឡើងរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
 
លោកឯកអគ្គរដ្ឋទូត Murphy និងក្រុមសមាជិកបុគ្គលិក និងគ្រួសាររបស់ស្ថានទូតជាង ១០០ នាក់ មានការសប្បាយរីករាយក្នុងការទទួលជួបកីឡាការិនី ខាន់ ចេសា ដែលជនជាតិអាមេរិកមានដើមកំណើតខ្មែរ ហើយក្នុងពេលបដិសណ្ឋារកិច្ចនោះ ចេសា បាននិយាយពីបទពិសោធន៍ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការខិតខំរបស់ខ្លួន ក្នុងការជំរុញការស្រឡាញ់ចំពោះក្បាច់គុននេះ ក្នុងចំណោមស្រ្តី និងក្មេងស្រី ទាំងនៅកម្ពុជា និងសហរដ្ឋអាម៉េរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com