ជាតិ
ពលរដ្ឋស្រុកប្រាសាទបាគងជាង៣ពាន់នាក់ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ 
×![]()
សៀមរាប៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង បានទៅទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលយុទ្ធនាការនេះរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
ពលរដ្ឋជាច្រើន ក្មេងចាស់ ប្រុសស្រី បានមកអង្គុយចាំនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ទីដែលក្រុមគ្រូពេទ្យស្ម័គ្រិចិត្តលោក ហ៊ុន ម៉ានី រៀបចំយុទ្ធនាការការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ពលរដ្ឋខ្លះបានមកដល់តាំងពីព្រលឹម ដើម្បីបានចូលពិនិត្យជំងឺមុនគេ។

ថ្លែងក្នុងពិធីបើកកម្មវិធីពិនិត្យ និងព្យាបាលនៅព្រឹកថ្ងៃទី១៤ ឧសភា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា មានការរំពឹងថា ពលរដ្ឋដែលនឹងមកទទួលសេវាមានប្រមាណពី ៣ពាន់ ទៅ៥ពាន់នាក់។ លោកបន្ត កម្មវិធីនេះរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យកុមារអង្គរ ដោយមានការពិនិត្យ និងពិគ្រោះជំងឺពេញមួយថ្ងៃ រួមមាន ជំងឺទូទៅ ជំងឺកុមារ អប់រំសុខភាព ជំងឺផ្លូវចិត្ត រោគស្រ្តី ឬសដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម សើស្បែក ព្រូន សន្លាក់ឆ្អឹង រលាមថ្លើម មាត់ធ្មេញ ភ្នែក ទឹកនោះផ្អែម បេះដូង ត្រចៀក។ល។
ប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី លោក លេង ផាលី បានឱ្យដឹងថា ការពិនិត្យ និងពិគ្រោះជំងឺនៅពេលនេះ គឺឈរលើស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់បក្សពួក ឬនិន្នាការ នយោបាយណាមួយឡើយ។ល។ លោកសុំឱ្យពលរដ្ឋទាំងអស់ចូលរួមពិនិត្យសុខភាព និងពិគ្រោះជំងឺ កំឡុងពេលមានកម្មវិធីចុះដល់មូលដ្ឋាននេះ ដ្បិតថាសុខភាពសំខាន់លើសទ្រព្យអ្វីទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com