សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
AI នឹងក្លាយជាទីផ្សារដែលមានតម្លៃរាប់ពាន់លានដុល្លារនាពេលអនាគត
15, May 2023 , 8:29 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
បញ្ញាសិប្បនិមិត្ត ( AI ) ត្រូវបានព្យាករថានឹងក្លាយទៅជាទីផ្សារមួយ ដែលមានតម្លៃរាប់ពាន់លានដុល្លារនាពេលខាងមុខ។ នោះក៏ដោយសារតម្រូវការស្វ័យប្រវត្តិកម្មនៅក្នុងវិស័យការងារពីមួយថ្ងៃទៅមួយថ្ងៃកើនឡើង ហើយអាស៊ីដែលរួមមានឥណ្ឌា ជប៉ុន ចិនជាដើម   នឹងក្លាយជាមជ្ឈមណ្ឌលទីផ្សារ AI ដែលមានការរីកចម្រើនខ្លាំង។

 
បើតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុ Finbold តម្លៃប៉ាន់ស្មាននៃទីផ្សារបញ្ញាសិប្បនិមិត្ត (AI) នៅឆ្នាំនេះ គឺមានលើសពី ២០៧ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករថា នឹងកើនឡើង ៧៨៨,៦៤ភាគរយ ដើម្បីឈានឱ្យដល់តម្លៃ ១,៨៧ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។ 
 
អាជីវកម្មជាច្រើនដែលកំពុងស្វែងរកដំណើរការស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព ឧបករណ៍ស្វ័យប្រវត្តិកម្មដែលដំណើរការដោយ AI អាចជួយសម្រេចបាននូវគោលដៅទាំងនេះបាន។ ការកើនឡើងនៃទិន្នន័យ ដែលអាចរកបានពីប្រភពផ្សេងៗគ្នា អាចត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍ ក្នុងការដោះស្រាយ AI កាន់តែទំនើប និងជំរុញកំណើនផងដែរ។
 
ឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស ដែលមានកម្រិតជឿជាក់ខ្ពស់បំផុតលើប្រព័ន្ធបញ្ញាសិប្បនិមិត្ត ដោយមានពិន្ទុ ៧៥ភាគរយ ខណៈ​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​មាន​ពិន្ទុ​៦៧ភាគរយ តាម​ពី​ក្រោយ​ដោយ​អាហ្វ្រិក​ខាង​ត្បូង​ ស្ថិត​នៅ​លេខ​៣​មាន​ពិន្ទុ​៥៧ភាគរយ។ ប្រេស៊ីល​ជាប់​លេខ​៤​ ដោយ​មាន​ពិន្ទុ​៥៦ភាគរយ ខណៈ​សិង្ហបុរី ​ជាប់​លេខ​៥​មាន​ពិន្ទុ​៤៥ភាគរយ។ចំណែក​អាម៉េរិក ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៦​ ដោយ​មាន​ពិន្ទុ​៤០ភាគរយ។
 
បច្ចុប្បន្នអាម៉េរិក​ខាង​ជើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មជ្ឈមណ្ឌល​សកល​សម្រាប់​កម្មវិធី​បញ្ញា​សិប្បនិមិត្ត ដែល​មាន​នៅ​ក្នុង​គ្រឿង​អេឡិច​ត្រូនិក​ប្រើ​ប្រាស់​ភាគ​ច្រើន​។ វាក៏ជាកន្លែងប្រជុំដោយបណ្តាក្រុមហ៊ុនធំៗជាច្រើន ដូចជា Google, Microsoft និង Amazon ដែលធ្វើឱ្យវាទាក់ទាញអ្នកវិនិយោគ ដែលកំពុងស្វែងរកពង្រីកប្រតិបត្តិការរបស់ពួកគេ នៅក្នុងវិស័យកម្មវិធី AI ។
 
តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ត្រូវបានគេព្យាករថា នឹងក្លាយទៅជាទីផ្សារ AI ដែលមានការអភិវឌ្ឍន៍ខ្លាំង ដោយឥណ្ឌា ចិន និងជប៉ុន ត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការអភិវឌ្ឍន៍នេះ។ កត្តាចម្បងដែលរួមចំណែកដល់ការអភិវឌ្ឍនេះ គឺការផ្តោតសំខាន់លើការលើកទឹកចិត្តអក្ខរកម្មឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យា ដោយជួយប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់អំពីតម្លៃ និងអត្ថប្រយោជន៍នៃ AI ។
 
ឥណ្ឌាបានអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាដោយជោគជ័យជាយូរមកហើយ ជាមួយនឹងការលេចឡើងនៃការត្រួសត្រាយផ្លូវ សម្រាប់ការចាប់ផ្តើមអាជីវកម្មក្នុងការអភិវឌ្ឍន៍កម្មវិធី AI ដែលជួយបង្កើនទំនុកចិត្តរបស់មនុស្សលើប្រព័ន្ធនេះផងដែរ។ ចំណែកចិនក៏កំពុងលេចចេញជាមជ្ឈមណ្ឌល AI ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារបច្ចេកវិទ្យា និងការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនដូចជា ការសម្គាល់ផ្ទៃមុខ និងការជជែកវែកញែកជាដើម។ លើសពីនេះ ក្រុមហ៊ុននៅក្នុងវិស័យ AI ក៏ទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យារបស់រដ្ឋាភិបាល ទាក់ទងនឹងការផ្តល់ទិន្នន័យធំផងដែរ៕
 

Tag:
 AI
  ទីផ្សារ
  ចិន
  ជប៉ុន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com