ជាតិ
ការ​រៀប​ចំ​បច្ចេកទេស​បណ្ណាល័យល្អ ​ជា​កត្តាជំរុញការអាន​ដ៏​មាន​ប្រសិទ្ធភាព
15, May 2023 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ដើម្បី​ជំរុញវប្បធម៌​អាន​ ពិសេស​​ក្នុង​ចំណោម​យុវជន វិធី​សាសចម្បង​គឺ​ការ​រៀប​ចំ​បណ្ណាល័យ​។ ការ​រៀប​ចំបណ្ណាល័យ​នោះ ត្រូវ​ផ្ដោត​លើ​​គោលការ​៥យ៉ាង​ ទើប​អាច​​ទាក់​ទាញយុវជន​ ឱ្យ​​ចង់​អាន គឺការ​ប្រមូល​ផ្ដុំ​ឯកសារ​ ការ​ចង​កូដ​លើ​សៀវ​ភៅ ​​ឬ​ឯកសារ សៀវ​ភៅ ​ទៅ​ដល់​ទីតាំងវិញ សេវាកម្ម​ប្រើ​ប្រាស់​សៀវភៅ​ និង​ការ​បង្កើត​សេវា​កម្ម​ផ្សេង​ៗ​។

 
លោក សុខ ឡាក់ សហស្ថាបនិក​បណ្ណាល័យបញ្ញវន្ត​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗថា ​ដើម្បី​ទាក់ទាញ​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ការ​អាន​  ទាល់​​តែ​មាន​ការ​រៀប​ចំ​បច្ចេក​ទេស​បណ្ណាល័យ ឱ្យ​មាន​ភាព​ងាយ​ស្រួល ទាក់​ទាញ និង​សម្បូរ​បែប​។ លោក​ថា ​មាន​៥ចំណុចសំខាន់​ៗ ក្នុង​ការ​រៀប​ចំ​បណ្ណាល័យ​ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ទី១. គឺ​ការប្រមូល​ផ្ដុំ​ឯកសារ​។ កិច្ច​ការ​ងារ​នេះ ផ្ដោត​លើ​​ការ​​សិក្សា​ពី​តម្រូវ​ការ​ ក៏​ដូច​ជា​ចំណង់​ចំណូល​ចិត្ត​របស់​យុវជន ពី​ការ​អាន​សៀវ​ភៅ​ ដើម្បី​ឱ្យ​បណ្ណាល័យ​ សហការ​ជា​មួយ​អ្នក​និពន្ធ ក៏​​ដូច​ជា​គ្រឹះ​ស្ថាន​បោះ​ពុម្ព​សៀវ​ភៅ ផ្គត់​​​ផ្គង់​សៀវ​ភៅ​ ទៅ​តាម​​តម្រូវ​ការ​របស់​យុវជន​។ 
 
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត

បន្ថែមពី​នោះ​ ការសិក្សា​ស្រាវ​ជ្រាវ​ ពី​​របាយ​ការណ៍​របស់​អង្គការ​ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេង​ៗ ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ ​ពី​ភាព​ប្រឈម​របស់​យុវជន​ ​ពី​ការ​ជ្រើស​រើស​ជំនាញ​របស់​យុវជន​ ​ពី​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ផ្សេង​ៗ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​យុវជន ក៏​ជា​កត្តា​សំខាន់​ខ្លាំង​ណាស់​ដែរ​។
 
លោក សុខ ឡាក់ បញ្ជាក់​បន្ថែម​៖ «​​​​យើងបាន​​ធ្វើ​ការ​ជា​មួយ​យុវជន​​ តាំង​ពី​ឆ្នាំ​២០១០ មិន​តិច​ជា​​ង​១០០​គម្រោងឡើយ​ លើ​​គម្រោង​សង្គម​ វប្បធម៌ បរិស្ថាន និង​គម្រោង​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​តាម​រយៈ​បទ​ពិសោធ​​ទាំង​នោះ​ យើង​បាន​ទិន្នន័យ​​ពី​ចំណង់​ចំណូល​ចិត្ត ក៏​ដូច​ជា​ផែន​ការ​ជីវិត​របស់​គាត់​​។ ពិសេស​បញ្ហា​ប្រឈម​របស់​ពួក​គាត់។​ ទិន្នន័យ​ទាំង​នោះ​ អាច​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​រៀប​ចំ​សៀវ​ភៅ ឱ្យ​ឆ្លើយ​តប​ ទៅ​នឹង​តម្រូវ​ការ​របស់គាត់​​បាន​។ បន្ថែម​ពី​នោះ​ យើង​​ក៏​ផ្អែក​លើ​ឯកសារ​ស្រាវ​ជ្រាវ​របស់​អង្គរ​ រដ្ឋាភិបាល​ ​ស្ថាប័ន​ផ្សេង​ៗ​ទៀត និង​អ្នក​ជំនាញ​មួយ​ចំនួន​ដែរ​​ ពាក់​ព័ន្ធ​នឹងបញ្ហា​របស់​​យុវជន​​»។

សម្រាប់​​គោលការណ៍ទី២ គឺ​ការ​ចង​កូដ​លើ​សៀវ​ភៅ ​​ឬ​ឯកសារ​។ ការ​​ចង​កូដ​នោះ​ ត្រូវ​រៀប​តាម​ប្រភេទ​សៀវ​ភៅ​ តាម​ភាសា តាម​កម្រិត​ តាម​ឈ្មោះត្រកូល​អ្នក​និពន្ធ និង​ឆ្នាំ​និពន្ធ ដើម្បី​ឱ្យ​អ្នកអាន​ ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រកសៀវ​ភៅ​ដែល​ខ្លួន​ត្រូវ​ការ​។ បន្ថែម​ពី​នោះពេល​នេះ​​ បណ្ណាល័យ​បញ្ញវន្ត​ ក៏​កំពុង​រៀប​ចំ​ដំឡើង​​ប្រព័ន្ធ​មួយ​ ដើម្បី​ឱ្យ​អ្នក​អាន​ ស្វែង​រក​សៀវ​ភៅ​ដែល​ខ្លួន​​ចង់​អាន​ មុន​ទៅ​​បណ្ណាល័យ​​​។
 
ចំណែក​គោលការណ៍ទី​៣ គឺ​ការ​រៀប​ចំដំណើរ​ការ​សៀវភៅដល់​ទីតាំង​វិញ។ មាន​ន័យ​ថា ក្រោយ​ពី​អាន​រួច អ្នក​អាន​ត្រូវ​តែ​យក​សៀវ​ភៅ ​ទៅ​ទុក​នៅ​ទីតាំង​ដើម​វិញ ដើម្បី​ឱ្យ​អ្នក​អាន​ក្រោយ​ មាន​ភាព​ងាយ​ស្រួល​រក​​ ពិសេស​មិន​ធ្វើ​ឱ្យ​សៀវ​ភៅ​​​រប៉ាត់​រប៉ាយ​។ 
 
 
 ឯ​គោលការ​ណ៍ទី​៤ គឺ​សេវាកម្ម​ប្រើ​ប្រាស់​សៀវភៅ​។​ ដើម្បី​បង្កើត​សេវា​កម្ម​នេះ​បាន​ បណ្ណាល័យ​បញ្ញវន្ត​ ព្យាយាម​​សិក្សា​ពី​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ ពិសេស​យុវជន​ ក៏​ដូច​ជា​ក្រុម​គោល​ដៅ​មួយ​ចំនួនទៀត​ ​ដើម្បី​បែង​ចែក​អ្នក​ប្រើប្រាស់​ ជា​លក្ខណៈ​បុគ្គល​ ក្រុម ឬ​ស្ថាប័ន។ ការ​ធ្វើ​បែប​នេះ ​ដើម្បី​ឆ្លើយតប​នឹង​ពេល​វេលា និង​តម្រូវការអ្នក​អាន ដែល​ស្ថិត​ក្នុង​បរិបទ​ផ្សេង​ៗ​គ្នា​។
 
«​ខ្ញុំ​ឧទាហរណ៍​ថា កូន​សិស្ស​ខ្ចី យើង​ឱ្យរយៈ​ពេល​ខ្លី​ទេ អាច​ថា​មួយ​អាទិត្យ​ ឬ​ពីរ​អាទិត្យ​អី​ទេ​ក្នុង​ការ​ប្រើ​ប្រាស់​សៀវ​ភៅ​ហ្នឹង ហើយ​ឱ្យ​គាត់​យក​មក​ដូរ​ ឬ​ឱ្យ​គាត់​បញ្ជាក់​ថា​សៀវ​ភៅ​ហ្នឹង​គាត់​ត្រូវ​ការ​ពន្យា​ពេល​។ ចំពោះ​សាស្ត្រាចារ្យ ឬ​អ្នក​ជំនាញ​ យើងទុក​ពេល​ឱ្យ​គាត់​វែង​ រហូត​ដល់​មួយ​ខែ ឬ​​ក៏​វែង​ជាង​ហ្នឹង​​ អាស្រ័យ​លើ​ការ​ស្នើ​សុំ​របស់​គាត់​។ ប្រសិន​គាត់​មាន​ក្រុម​ គាត់​ស្នើ​សុំ​ខ្ចី យើង​រៀប​ចំ​គោល​ការ​មួយ​ដាច់​ដោយ​ឡែក​ ដើម្បី​ឱ្យ​គាត់​ប្រើ​ប្រាស់​សៀវ​ភៅ​។ ហើយ​ជា​លក្ខណៈ​ស្ថាប័ន ក៏​យើង​រៀប​ចំ​គោល​ការ​ផ្សេង​ដែរ​ ដោយ​យើង​ឱ្យ​គាត់​រយៈពេល​យូរ​ សឹង​តែ​៣​ខែរហូត​ដល់​មួយ​ឆ្នាំ​ ទើ​ប​យើង​យក​មក​វិញ​។ យើង​ធ្វើ​បែប​នេះ​បាន​ ទាល់​តែ​យើង​សិក្សា​ពី​ពេល​វេលា​របស់​ពួក​គាត់​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សុខ ឡាក់​។
 
ចំពោះ​គោលការណ៍​ទី​៥ ដើម្បី​ជំរុញការ​អាន​ គឺការ​​បង្កើត​សេវា​កម្ម​ផ្សេង​ៗ​ ទាក់​ទាញ​អ្នក​អាន​។ ដូច​ជា​​សេវា​កម្ម​ប្រឹក្សាការ​ជ្រើស​ជ្រើស​រើស​សៀវ​ភៅ​អាន​ សេវា​កម្ម​​បច្ចេក​ទេស​ជ្រើស​រើស​ប្រធាន​បទ សេវា​កម្ម​ផ្សព្វ​ផ្សាយ​ដល់សាធារណជន​ រួម​ទាំង​​សេវា​កម្ម​ផ្សេង​ៗ​ទៀត ។
 
ជាង​នោះ​ទៅ​ទៀត​ សហស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​រូប​នេះ សង្កត់​ធ្ងន់​ថា​ បណ្ណារក្សដែល​​ធ្វើ​​ការ​ក្នុង​បណ្ណាល័យ​ មាន​តួនាទីយ៉ាង​​សំខាន់ ដូច្នេះ​ពួក​គេ​គួរតែ​​មាន​ចំណេះ​ដឹង​ទូលំ​ទូ​លាយ​ ពាក់​ព័ន្ធ​នឹង​សៀវ​ភៅ​ ​ដើម្បី​ណែនាំ​សៀវ​ភៅ​​ទៅ​កាន់​អ្នក​អាន​ឬ​សាធារណជន​។ ពិ​សេស​​បណ្ណារក្ស​ដែល​​ធ្វើ​ការ ​ជា​មួយ​អ្នក​អាន​ដែល​មាន​ចំនួន​ច្រើន​ បណ្ណារក្សត្រូវ​មាន​បច្ចេក​ទេស​ ​​ភ្ជាប់​ទំនាក់​ទំនង​​ អ្នក​ប្រើ​ប្រាស់​សៀវ​ភៅ ដូច​ជា​ស្ថាប័ន អាណាព្យាបាល​ និង​គ្រូ​បង្រៀន​​ជា​ដើ​ម​។ 
 
​លោក សុខ ឡាក់ ​បន្ថែម​ថា​ ដើម្បី​បណ្ដុះ​ការ​អាន​ឱ្យ​មាន​ប្រសិទ្ធភាព​ គេ​ត្រូវ​ការ​ពេល​វេលា រួម​ទាំង​ត្រូវ​ការ​បណ្ណារក្សដែល​​ចេះ​ធ្វើ​ផែន​ការ​ ពិសេស​ផែន​ការ​អាន​ និង​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ ​បំផុស​ការ​អាន​ជាមួយ​សាធារណជន​។
 
លោក សុខ ឡាក់ ពន្យល់​បន្ថែម​៖«ដើម្បី​ឱ្យ​សេវាកម្ម​​ប្រើ​ប្រាស់​សៀវ​ភៅ ​បាន​ទូលំទូលាយ គឺ​ការ​បង្កើត​បណ្ណាល័យ​នៅ​តាម​កម្ម​វិធី​ផ្សេង​ៗ និង​សួន​អំណាន​ផ្សេង​ៗ ឱ្យ​សាធារណជន​មាន​ទម្លាប់​ប៉ះ​សៀវ​ភៅ និង​ឱ្យគាត់​​មើល​ឃើញ​ថា ការ​អាន​សៀវ​ភៅ​ គឺ​ជា​រូប​ភាព​ទូទៅ មិន​មែន​ជា​រូប​ភាព​សម្រាប់​អ្នក​ចេះ​ទេ។ ការ​អាន​សៀវ​ភៅ​ដូច​ជា​ការ​ហូប​បាយ​អ៊ីចឹង គឺ​យើង​ត្រូវ​បំពេញ​វា​ជា​ប្រចាំ ​ដើម្បី​បំពេញ​តម្រូវ​ការ​ខួរ​ក្បាល​ ទាំង​អស់​នេះ​គឺ​ជា​ចំណី​ខួរ​ក្បាល​ ដើម្បី​គាត់​យក​ទៅ​ដោះ​ស្រាយ​បញ្ហា​ ក៏​ដូច​ជា​ប្រកប​របរ និង​ការ​ធ្វើ​ការ​ងារ​ផ្សេង​ៗ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​»​៕ 
 
 

Tag:
 អំនាន
  អប់រំ
  បណ្ណាល័យ
  បណ្ណាល័យបញ្ញវន្ត
© រក្សាសិទ្ធិដោយ thmeythmey.com