អន្តរជាតិ
លោកប្រាយុទ្ធ ថា លោកនឹងគោរពលទ្ធផលបោះឆ្នោត
15, May 2023 , 11:29 am        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សជាតិថៃរួបរួម។ រូបភាព AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សជាតិថៃរួបរួម។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅយប់ថ្ងៃទី១៤ ខែឧសភា បានលើកឡើងថា លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតសភា ខណៈពេលបក្សឆ្ពោះទៅមុខ កំពុងតែមានសំឡេងនាំមុខនៅក្នុងការរាប់សន្លឹកឆ្នោត។

 
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចាកចេញនៅទីស្នាក់ការកណ្តាលរបស់បក្សជាតិថៃរួបរួម លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ និងជាបេក្ខជននាយករដ្ឋមន្រ្តីថៃរបស់បក្ស បានថ្លែងអរគុណ ចំពោះប្រជាជន ដែលបានបោះឆ្នោតជូនរូបលោក។ បើតាមលោកប្រាយុទ្ធ លោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា។ 
 
«ខ្ញុំមានការគោរពសម្រាប់ដំណើរការប្រជាធិបតេយ្យ និងលទ្ធផលនៃការបោះឆ្នោត»។ លោកប្រាយុទ្ធ បានបញ្ជាក់បែបនេះ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ដោយបន្តជូនពរឱ្យប្រទេសមានសណ្តាប់ធ្នាប់ និងសន្តិភាព។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃរូបនេះ បានបន្តថា លោកនឹងបន្តបំពេញតួនាទីឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ហើយលោកនៅតែបន្តបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងមួយជីវិតរបស់លោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។ 
 
គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៥ បក្សឆ្ពោះទៅមុខ កំពុងតែមានសំឡេងនាំមុខទាំងការបោះឆ្នោតដោយផ្ទាល់ ដែលមានចំនួន១១៣កៅអី និងតាមបញ្ជីបក្ស ៣៨កៅអី។ 
 
ក្រោយបញ្ចប់ការបោះឆ្នោត សភាថៃទាំងពីរ ត្រូវបើកកិច្ចប្រជុំរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដោយមានសមាជិករដ្ឋសភាថ្មី៥០០នាក់ និងព្រឹទ្ធសភា២៥០នាក់។ ដូចនេះបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ ត្រូវការសំឡេងយ៉ាងហោចណាស់៣៧៦កៅអីដើម្បីរើសនាយករដ្ឋមន្រ្តី។ យ៉ាងណាមិញភាគច្រើននៃសមាជិកព្រឹទ្ធសភាថៃ២៥០រូប ត្រូវបានតែងតាំងដោយក្រុមយោធារបស់លោក ប្រាយុទ្ធតែម្តង៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com