បោះឆ្នោត
អន្តរជាតិ
ប្រមុខបក្សប្រជាធិបតេយ្យថៃ លាលែងពីតំណែង ក្រោយទទួលបានកៅអីសភាតិចជាងអាណត្តិមុន
15, May 2023 , 3:29 pm        
រូបភាព
លោក Jurin Laksanawisit មេដឹកនាំបក្សប្រជាធិបតេយ្យ។ រូបភាព បាងកកប៉ុស្តិ៍
លោក Jurin Laksanawisit មេដឹកនាំបក្សប្រជាធិបតេយ្យ។ រូបភាព បាងកកប៉ុស្តិ៍
មេដឹកនាំបក្សប្រជាធិបតេយ្យ លោក Jurin Laksanawisit នៅល្ងាចថ្ងៃទី១៤ ខែឧសភា បានប្រកាសលាលែងពីតំណែង ក្រោយពេលបក្សរបស់លោកទទួលបានកៅអីរដ្ឋសភា តិចជាងការបោះឆ្នោតរដ្ឋសភាក្នុងឆ្នាំ២០១៩។

 
ក្រោយបោះឆ្នោតថៃបានបញ្ចប់ទៅ លោក Jurin Laksanawisit មេដឹកនាំបក្សប្រជាធិបតេយ្យ នៅល្ងាចថ្ងៃទី១៤ ខែឧសភា បានអរគុណប្រជាជន ដែលបានគាំទ្របក្សរបស់លោក។ ក្នុងពេលដដែលនោះ ប្រមុខបក្សរូបនេះ ក៏បានប្រកាសលាលែងពីតំណែងផងដែរ ក្រោយបក្សប្រជាធិបតេយ្យទទួលបានកៅអីរដ្ឋសភាត្រឹមតែ២៥។ 
 
«ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះលទ្ធផលបោះឆ្នោតរបស់បក្ស ខ្ញុំសូមប្រកាសលាលែងពីប្រធានបក្ស»។ លោក Jurin បានបញ្ជាក់បែបនេះ នៅក្នុងក្រុមបណ្តាញទំនាក់ទំនង Line របស់បក្ស ដោយបន្តថា លោកនឹងបន្តការងារក្នុងបក្សប្រជាធិបតេយ្យដដែល ពោលគឺមិនថាស្ថិតក្នុងតំណែងណាមួយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
នៅក្នុងឆ្នាំ២០១៩ បក្សប្រជាធិបតេយ្យដែលជាបក្សចាស់ជាងគេរបស់ថៃ ទទួលបាន កៅអីរដ្ឋសភាចំនួន ៥២។ ពេលនោះ បក្សមួយនេះ បានចូលរួមជាមួយបក្ស Palang Pracharath។ 
 
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ថា ការរាប់សន្លឹកឆ្នោត តាមរយៈការបោះឆ្នោតដោយផ្ទាល់ បានបញ្ចប់ហើយ។ ត្រឹមម៉ោងជាង៩ព្រឹក ក្នុងថ្ងៃដដែល បក្សឆ្ពោះទៅមុខ ទទួលបានកៅអីសភា ១៥០, បក្ស Pheu Thai ១៤២កៅអី, បក្ស Bhumjaithai ទទួលបាន៧០ កៅអី, បក្សPalang Pracharath មាន៤១កៅអី និងបក្សជាតិថៃរួបរួម របស់លោកប្រាយុទ្ធ ចន្ទអូចា មាន ៣៦កៅអី៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com