ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប មិនអនុញ្ញាតឲ្យបក្សភ្លើងទៀន ចូលប្រកួតឡើយ
15, May 2023 , 3:35 pm        
រូបភាព
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ នៅទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចជាផ្លូវការ ដោយមិនចុះឈ្មោះឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។ នេះបើតាមសេចក្តីសម្រេច ដែលចេញដោយលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

 
តាមរយៈសេចក្តីសម្រេចរបស់ខ្លួន ប្រធានគ.ជ.ប លើកហេតុផលថា ការបដិសេធមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន គឺដោយសារគណបក្សជំទាស់លេចធ្លោមួយនេះ មិនបានផ្តល់ឲ្យគ.ជ.ប នូវប្រកាសស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដោយប្រកាសនោះ ត្រូវមានបញ្ជាក់នីត្យានុកូលកម្មពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ 
 
សូមពន្យល់កន្លែងនេះបន្តិចថា ប្រកាសស្តីពីការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ ដែលគ.ជ.ប ត្រូវការនេះ គឺប្រកាសដើម។ ប៉ុន្តែឯកសារដែលជាប្រកាសដើមនេះ ត្រូវថ្នាក់ដឹកនាំគណបក្សភ្លើងទៀន អះអាងថា បានបាត់ទៅហើយ។ ប្រកាសដើម គឺជាប្រកាស ដែលចេញតាំង១៩៩៨ ស្តីពីការចុះបញ្ជីគណបក្ស សម រង្ស៊ី ដែលដូរមកជាគណបក្សភ្លើងទៀន នាពេលបច្ចុប្បន្ននេះ។ អ្វីដែលគណបក្សភ្លើងទៀន នៅសល់នោះ គឺជាប្រកាសចម្លងប៉ុណ្ណោះ។
 
សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានឡើយ ដោយសារលោកទាំង២ មិនលើកទូរស័ព្ទ។ យ៉ាងណា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសនាពេលថ្មីៗនេះថា បើគ.ជ.ប មិនព្រមទទួលយកពាក្យសុំចូលប្រកួតរបស់ខ្លួន គណបក្សនៅមានជម្រើសចុងក្រោយមួយទៀត គឺប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ៕

Tag:
 ភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com