ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទឹកដូងមានប្រយោជន៍អ្វីខ្លះ?
16, May 2023 , 6:59 am        
រូបភាព
ទឹកដូង​មាន​សារសំខាន់​ណាស់ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​សារធាតុ​ខនិជ​និង​រសជាតិ​ផ្អែម​ពី​ធម្មជាតិ​។ វា​ក៏​គ្មាន​ជាតិ​ខ្លាញ់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដែរ​។ ក្រៅពី​នេះ​តើ​ទឹកដូង​អាច​ផ្តល់​ប្រយោជន៍​អ្វី​ទៀត​ចំពោះ​អ្នក? ចូរ​អាន​បន្ត​៖

 
ប៉ូ​តា​ស្យូ​ម​ជួយ​ជម្រុញ​សន្ទុះ​អេ​ឡិច​ត្រុ​ង
ទឹកដូង​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូ​តា​ស្យូ​ម​ព្រោះ​ក្នុង​ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២៥០​មី​លី​ក្រាម​។ កម្រិត​នៃ​ប៉ូ​តា​ស្យូ​ម​ដែល​ណែនាំ​ឲ្យ​ទទួលទាន​គឺ ៤.៧០០​មី​លី​ក្រាម​។ ប៉ូ​តា​ស្យូ​ម​គឺជា​អេឡិចត្រូលីត​ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​និង​រា​ង្គ​កាយ​ហើយ​គ្រប់​កោសិកា​ទាំងអស់​នៅ​ក្នុង​រា​ង្គ​កាយ​សុទ្ធតែ​ត្រូវការ​ប៉ូ​តា​ស្យូ​ម​។ ប៉ូ​តា​ស្យូ​ម​មាន​តួនាទី​ក្នុង​ការ​ជួយ​ជម្រុញ​សន្ទុះ​អេ​ឡិច​ត្រុ​ង​សម្រាប់​ការ​ចម្លង​កម្តៅ​ទៅ​សរសៃប្រសាទ ការ​កន្ត្រាក់​នៃ​បេះដូង​និង​ភាព​ងាយស្រួល​បត់បែន​នៃ​សាច់ដុំ​ឆ្អឹង​។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​ប៉ូ​តា​ស្យូ​ម​និង​សូ​ដ្យូ​ម សហការ​គ្នា​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ទឹក​ក្នុង​រា​ង្គ​កាយ​ដើម្បី​ជៀសវាង​ការ​ខ្វះ​ឬ​លើស​កម្រិត​ជាតិ​ទឹក​។
 
ប្រូតេអ៊ីន​សម្រាប់​ជួសជុល​និង​ការ​លូតលាស់​នៃ​កោសិកា
ប្រូតេអ៊ីន​គឺ​ត្រូវការ​ចាំបាច់​សម្រាប់​ការ​លូតលាស់​និង​ថែទាំ​ហើយ​វា​ផ្តល់​ថាមពល​ដែល​ចាំបាច់​សម្រាប់​ការ​ជួសជុល​និង​ផ្លាស់​ប្តូរ​កោសិកា​។ ប្រសិនបើ​គ្មាន​ប្រូតេអ៊ីន​ទេ​រា​ង្គ​កាយ​របស់​អ្នក​នឹង​មានការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ឆ្លើយ​តប​នឹង​ភាពស៊ាំ​បេះដូង​និង​សួត​ចុះ​ខ្សោយ​និង​ឆាប់​នឿយហត់​អស់កម្លាំង​។ ក្នុង​ទឹកដូង​មួយ​កែវ​មាន​ប្រូតេអ៊ីន​ប្រហែលជា ១​ក្រាម ហើយ​រា​ង្គ​កាយ​ត្រូវការ​ប្រូតេអ៊ីន​ចំនួន​ពី ៦៤ ទៅ ៧៥​ក្រាម ក្នុង​មួយ​ថ្ងៃ​។
 
ជាតិ​សរសៃ​សម្រាប់​សុខភាព​នៃ​ការ​រំលាយ​អាហារ
ក្នុង​ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​ជាតិ​សរសៃ​ប្រហែលជា ១​ក្រាម ហើយ​មនុស្ស​ពេញវ័យ​ត្រូវការ​ជាតិ​សរសៃ​ពី ២៥ ទៅ ៣០​ក្រាម ក្នុង​មួយ​ថ្ងៃ​។ ជាតិ​សរសៃ​ជួយ​សុខភាព​នៃ​ការ​រំលាយ​អាហារ​និង​គ្រប់គ្រង​និង​ចលនា​ពោះវៀន​ដើម្បី​ជៀសវាង​អាកា​រៈ​ទល់លាមក និង​ហើមពោះ​។ អ្នក​ដែល​មាន​ចលនា​ពោះវៀន​ធម្មតា​ច្រើន​តែ​មិនសូវ​កើត​មាន​អាការៈរោគ​ពោះវៀន​។ ជាតិ​សរសៃ​ក៏​មាន​តួនាទី​ក្នុង​ការ​សម្រក​ទម្ងន់​ផង​ដែរ​ព្រោះ​វា​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ដូច្នេះ​អ្នក​នឹង​មិនសូវ​ទទួលទាន​ច្រើន​នោះ​ទេ​។
 
កាល់ស្យូម​សម្រាប់​សុខភាព​ឆ្អឹង
កាល់ស្យូម​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​របស់​អ្នក​រឹង​ម៉ាំ​។ កង្វះ​ជាតិ​កាល់ស្យូម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹង​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​ស្តើង​ងាយ​ប្រេះ​និង​បាក់​។ ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​កាល់ស្យូម ២៤​មី​លី​ក្រាម​ហើយ​កម្រិត​ណែនាំ​ឱ្យ​ទទួលទាន​គឺ ១.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ កាល់ស្យូម​ក៏​ដើរតួ​ជា​អេឡិចត្រូលីត​ក្នុង​ការ​ជួយ​សកម្មភាព​អេ​ឡិច​ត្រុ​ង​ក្នុង​បេះដូង​។ ការ​ទទួលទាន​ជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ក៏​អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​ផង​ដែរ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com