បោះឆ្នោត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការសន្យារបស់គណបក្សធំៗនៅថៃភាគច្រើនផ្តោតលើការដោះបំណុលពលរដ្ឋ
16, May 2023 , 8:29 am        
រូបភាព
មន្ត្រីការិយាល័យបោះឆ្នោតបានបិទប្រអប់សន្លឹកឆ្នោតនៅថៃ។ រូបភាពពី AFP ។
មន្ត្រីការិយាល័យបោះឆ្នោតបានបិទប្រអប់សន្លឹកឆ្នោតនៅថៃ។ រូបភាពពី AFP ។
គណបក្សនយោបាយសំខាន់ៗរបស់ថៃមានមនោគមវិជ្ជា និងមូលដ្ឋានគាំទ្រខុសៗគ្នា ប៉ុន្តែរបៀបនៃការដាក់គោលនយោបាយមានភាពស្រដៀងគ្នាច្រើន។  បក្សនយោបាយភាគច្រើនបានផ្តោតលើការយកចិត្តចំពោះជនក្រីក្រនៅជនបទ និងពលរដ្ឋរាប់លាននាក់ដែលកំពុងជាប់គាំងដោយបំណុលគ្រួសារ។

 
ខាងក្រោមនេះគឺជាគោលនយោបាយរបស់គណបក្សធំៗបី ដែលគេជឿជាក់ថានឹងមានអសនៈនៅក្នុងសភា៖ 
 
គណបក្សភឿថៃ
 
បក្សនេះដឹកនាំដោយលោកស្រី Paetongtarn Shinawatra កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់​ បានដាក់គោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងអត្រាកំណើន៥ភាគរយ ផ្តល់ជូនប័ណ្ណចែកចាយចំនួន ១០ពាន់បាត (២៩៥ដុល្លារ) តាមរយៈកញ្ចប់ឌីជីថលដល់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅសម្រាប់ការចំណាយក្នុងសហគមន៍របស់ពួកគេ ដែលជាគម្រោងនេះមានតម្លៃរហូតដល់ ៥៦០ពាន់លានបាត (១៦,៥៥ពាន់លានដុល្លារ)។
 
បន្ថែមពីនេះ បក្សភឿថៃក៏បានសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ៦០០បាត (ពីមុនមានជាមធ្យម ៣៣៧បាត) និងប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដល់ ២៥ពាន់បាតនៅឆ្នាំ ២០២៧ ជួយរាល់បណ្តាគ្រួសារសន្សំបានចំណូលបានយ៉ាងតិច ២០ពាន់បាតក្នុងមួយខែ និងផ្តល់ប្រាក់ចំណូលជាមធ្យមដល់កសិករ ៣០ពាន់បាតក្នុងមួយរ៉ៃ (តំបន់ដែលមានដី ០,១៦ហិចតា) ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៧។
លើសពីនេះ បក្សនេះក៏នឹងមានការផ្អាកបំណុលរយៈពេល ៣ឆ្នាំលើដើមទុន និងការប្រាក់សម្រាប់កសិករ និងរយៈពេល ១ឆ្នាំសម្រាប់អាជីវកម្មខ្នាតតូចដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ បូករួមទាំងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ បក្សនេះ ក៏អះអាងថានឹងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីថែទាំសុខភាពជាសកល ហើយមានកញ្ចប់​សុខុមាលភាព​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​តម្លៃ ៣០០ ពាន់​លាន​បាតផងដែរ។
 
ក្រៅពីនេះ គោលនយោបាុយបក្សក៏មានការបណ្តុះបណ្តាលកម្មករជំនាញខ្ពស់ចំនួន២០លាននាក់ និងបង្កើតការងារចំនួន២០លានកន្លែង ព្រមទាំងកាត់បន្ថយថ្លៃផ្លូវរថភ្លើងក្នុងទីក្រុង ថ្លៃថាមពល ថ្លៃអគ្គិសនី និងឧស្ម័ន គាំទ្រថាមពលស្អាត ជាពិសេសមានការផ្តល់កុំព្យូទ័រថេប្លេតមួយគ្រឿងសម្រាប់សិស្សម្នាក់ និងគ្រូម្នាក់ដោយប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ។
 
គណបក្សឆ្ពោះទៅមុខ 
 
បក្សនេះដឹកនាំដោយលោក Pita Limjaroenrat ដែលជាអតីតសាស្ត្រាចារ្យផ្នែកច្បាប់ ហើយសមាជិកក្នុងបក្សសុទ្ធសឹងតែជាយុវជន។ បក្សឆ្ពោះទៅមុខសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤៥០បាត នឹងមានការដំឡើងជាប្រចាំឆ្នាំ ហើយបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ដល់ ៣០០០បាតនៅឆ្នាំ ២០២៧។
 
បក្សរបស់លោក Pita Limjaroenrat  ក៏បានសន្យាកាត់បន្ថយថ្លៃអគ្គិសនី ចរចាឡើងវិញនូវកិច្ចសន្យាទិញថាមពល ព្រមទាំងបន្ធូរបន្ថយបំណុលសម្រាប់កសិករវ័យចំណាស់ដែលអាចសងបំណុលពាក់កណ្តាលរបស់ពួកគេដោយរដ្ឋាភិបាលជាអ្នកសង។ ចំណែកឯថ្លៃឈ្នួលរថយន្តក្រុង និងផ្លូវរថភ្លើងស្ថិតក្នុងតម្លៃថេរ ។
 
លើសពីនេះក៏ បក្សនេះក៏មានឧបត្ថម្ភធនកម្ចីទិញផ្ទះ និងបង់ថ្លៃជួលសម្រាប់ក្រុមសមាជិកដែលបានកំណត់ ហើយក៏មានប្រាក់ឧបត្ថម្ភបុណ្យសព ១០ពាន់បាត ផ្តល់ការឥតគិតថ្លៃសេវាអ៊ីនធឺណិត ១GB ក្នុងមួយខែ ហើយក៏សន្យាធ្វើឱ្យកាស៊ីណូស្របច្បាប់ និងការភ្នាល់តាមអ៊ីនធឺណិតត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ក្រៅពីនេះ បក្សសន្យាថានឹងមានច្បាប់រដ្ឋធម្មនុញ្ញថ្មី និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ។
 
គណបក្សជាតិថៃរូបរួម 
 
បក្សនេះដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា ដែលជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នដោយសន្យាបង្កើនជំនួយប្រចាំខែតាមរយៈប័ណ្ណសុខុមាលភាពរដ្ឋដល់ ១០០០បាតសម្រាប់មនុស្សម្នាក់ និងផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់រហូតដល់ ១០ពាន់បាត។
 
បន្ថែមពីនេះគេក៏ឃើញមានការសន្យាប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ចំនួន ១០០០បាត និងកាត់បន្ថយថ្លៃភ្លើងសម្រាប់អ្នកដែលមានចំណូលទាប និងកសិករ ព្រមទាំងមូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣០ពាន់លានបាត (៨៨៦,២៦លានដុល្លារ) សម្រាប់ក្រុមងាយរងគ្រោះ។
 
លើសពីនេះក៏ បក្សរបស់នាយករដ្ឋមន្រ្តីចាំផ្ទះ មានឧបត្ថម្ភធនសម្រាប់ការធ្វើដំណើរក្នុងស្រុក គម្រោងទូទាត់រួមគ្នាដើម្បីទិញទំនិញ ឬសេវាកម្ម ជាពិសេសអនុញ្ញាត​ឱ្យ​អ្នក​ខ្ចី​សង​កម្ចី​រដ្ឋ​មួយ​ចំនួន​ដូច​ជា​កម្ចី​សិស្ស​ដោយ​ធ្វើ​ការ​ឱ្យ​វិស័យ​សាធារណៈ ហើយក៏មានឧបត្ថម្ភធនលើការប្រមូលផលរបស់កសិករផងដែរ៕
 

Tag:
 ថៃ
  បោះឆ្នោត
  បំណុល
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com