អន្តរជាតិ
បក្សឆ្ពោះទៅមុខ ត្រៀមខ្លួនជាស្រេច ក្នុងការចរចាជាមួយព្រឹទ្ធសភាថៃ
17, May 2023 , 10:59 am        
រូបភាព
លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្រ្តី និងជាមេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្រ្តី និងជាមេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
បក្សឆ្ពោះទៅមុខ (MFP) ត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយសមាជិកព្រឹទ្ធសភាលើកិច្ចពិភាក្សាកាត់បន្ថយក្តីបារម្ភ ដែលភាគីទាំងពីរមាន។ អគ្គលេខាធិការបក្សឆ្ពោះទៅមុខ លោក Chaithawat Tulathon បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែឧសភា។



បើទោះបក្សឆ្ពោះទៅមុខ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅរួមទាំងមានបក្សប្រឆាំងផ្សេងទៀតផ្តល់ភ្លើងបៃតងបង្កើតរដ្ឋាភិបាលចម្រុះដែលមានសំឡេងភាគច្រើននៅក្នុងសភាក្តី ប៉ុន្តែការគាំទ្ររបស់សមាជិកព្រឹទ្ធសភានៅតែសំខាន់ ដើម្បីរើសប្រមុខរដ្ឋាភិបាលថៃថ្មី។ តាមច្បាប់របស់ថៃ ការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី ត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃកិច្ចប្រជុំរដ្ឋសភា និងព្រឹទ្ធសភា ដែលមានសមាជិកសរុប ៧៥០រូប។ 
 
ជុំវិញបញ្ហានេះ បក្សឆ្ពោះទៅមុខ ចាំបាច់ត្រូវចរចាជាមួយសមាជិកព្រឹទ្ធសភា ដើម្បីត្រួសត្រាយផ្លូវសម្រាប់លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សឆ្ពោះទៅមុខ។
 
ក្នុងកិច្ចសម្ភាសមួយជាមួយអ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៦ ខែឧសភា លោក Chaithawat Tulathon អគ្គលេខាធិការបក្សឆ្ពោះទៅមុខ បានអះអាងថា បក្សរបស់លោកត្រៀមខ្លួនជាស្រេច ក្នុងការចរចាជាមួយព្រឹទ្ធសភា។ 
 
«ការព្រួយបារម្ភរបស់សមាជិកព្រឹទ្ធសភាគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ ប្រសិនបើយើងចរចា ពួកគេប្រហែលអាចកាត់បន្ថយ»។ លោក Chaithawat បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ចំណុចមួយចំនួន សមាជិកព្រឹទ្ធសភាប្រហែលជាយល់ និងមិនចង់ឱ្យមានការជាប់គាំងនយោបាយឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទន្ទឹមនេះ អគ្គលេខាធិការបក្សឆ្ពោះទៅមុខ បានបញ្ជាក់ផងដែរថា ប្រធានរដ្ឋសភា គួរតែចេញពីបក្សឆ្ពោះទៅមុខ ប៉ុន្តែបក្សរបស់លោកមិនទាន់ពិភាក្សាឱ្យបានលម្អិតលើបញ្ហានេះឡើយ។ សមាជិកបក្សឆ្ពោះទៅមុខ ភាគច្រើនមានសមាជិកភាគក្មេង។ 
 
កន្លងមក លោកPita បានប្រកាសថា លោកកំពុងស្វះស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានការចូលរួមពីបក្សប្រឆាំងចំនួន ៦ ក្នុងនោះមានដូចជាបក្សឆ្ពោះទៅមុខ, បក្ស Pheu Thai, បក្ស Thai Sang Thai, បក្សPrachachart, បក្ស Seri Ruam Thai និងបក្ស the Fair Party ដែលមានសមាជិកសភាសរុប ៣០៩រូប។ បក្ស Pheu Thai ក៏បានផ្តល់ភ្លើងបៃតង ក្នុងការបង្កើតរដ្ឋាភិបាលបែបនេះដែរ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com