បោះឆ្នោត
អន្តរជាតិ
តើបក្សឆ្ពោះទៅមុខអាចបង្កើតរដ្ឋាភិបាលបានឬទេ?
16, May 2023 , 10:00 am        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
ក្រោយឈ្នះការបោះឆ្នោតរដ្ឋសភា លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ បានប្រកាសថា លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃទី៣០ រួមទាំងបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន ដែលមានការចូលរួមពីបក្សចំនួន៦ ដោយមានកៅអីក្នុងរដ្ឋសភាចំនួន៣០៩។ តើអ្នកនយោបាយរូបនេះ អាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនដែរឬទេ?



គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាសលទ្ធផលបឋមថា បក្សឆ្ពោះទៅមុខទទួលបានកៅអីសភាចំនួន១៥១, បក្ស Pheu Thai ទទួលបាន១៤១កៅអី, បក្សភូមិចៃថៃ ទទួលបាន៧១កៅអី។ បក្សកម្លាំងប្រជារាស្រ្តទទួលបាន៤០កៅអី។ បក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ឈ្នះ៣៦កៅអី។
 
ក្រោយលទ្ធផលបែបនេះ លោក លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្រ្តីមួយ បានបញ្ជាក់យ៉ាងច្បាស់ៗ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែឧសភា ថា លោកត្រៀមខ្លួនជាស្រេចក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃ និងបង្កើតរដ្ឋាភិបាលចម្រុះ ដែលមានការចូលរួមពីបក្សប្រឆាំងផ្សេងៗ។ 
 
«ខ្ញុំចង់ប្រកាសថាបក្សឆ្ពោះទៅមុខត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតរដ្ឋាភិបាលនៅថ្ងៃអនាគត»។ អតីតនិស្សិតសកលវិទ្យាល័យ Harvard បានលើកឡើងបែបនេះ។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះ មេដឹកនាំបក្សប្រឆាំងរូបនេះ បានអះអាងថា លោកនឹងស្វះស្វែងរកការបង្កើតរដ្ឋាភិបាលមានការចូលរួមពីបក្សប្រឆាំងចំនួន ៦ ក្នុងនោះមានដូចជាបក្សឆ្ពោះទៅមុខ, បក្ស Pheu Thai, បក្ស Thai Sang Thai, បក្សPrachachart, បក្ស Seri Ruam Thai និងបក្ស the Fair Party ដែលមានសមាជិកសភាសរុប ៣០៩រូប។ បក្ស Pheu Thai ក៏បានផ្តល់ភ្លើងបៃតង ក្នុងការបង្កើតរដ្ឋាភិបាលបែបនេះដែរ។ 
 
ជាមួយនឹងសំឡេងភាគច្រើន រដ្ឋាភិបាលថ្មីថៃងាយស្រួលក្នុងការអនុម័តច្បាប់ ក៏ដូចជាផែនការថវិកាជាតិផ្សេងៗ។ 
 
យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលឡើងសម្រាប់លោក Pita ក្នុងការបង្កើតរដ្ឋាភិបាលដែលមានសំឡេងភាគច្រើននៅក្នុងសភា។ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីបាន អតីតសិស្សសកលវិទ្យាល័យ Harvardរូបនេះ ត្រូវប្រមូលសំឡេងយ៉ាងហោចណាស់៣៧៦កៅអី ក្នុងចំណោមសំឡេងសរុប៧៥០កៅអី នៅថ្ងៃការបើកកិច្ចប្រជុំរួមរវាងរដ្ឋសភា និងព្រឹទ្ធសភាថៃ។
 
ប៉ុន្តែភាគច្រើននៃសមាជិកព្រឹទ្ធសភា២៥០រូប ត្រូវបានតែងតាំងដោយក្រុមយោធារបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។ នៅក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលដឹកនាំដោយយោធា បានតែងតាំងសមាជិកភាគច្រើននៃព្រឹទ្ធសភា។ ត្រង់ចំណុចនេះ ព្រឹទ្ធសភា គឺមានអំណាចខ្លាំងណាស់ ក្នុងការជ្រើសតាំងនាយករដ្ឋមន្រ្តីថៃថ្មី ដែលអាចរៀបចំរដ្ឋាភិបាលចម្រុះមួយបាន។
 
ក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនៃការរៀបចំការបោះឆ្នោតដំបូងក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ បក្ស Pheu Thai ដែលទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏បានប្រកាសបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សនយោបាយចំនួន ៧ផ្សេងទៀតដែរ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ 
 
នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែឧសភា លោក Pita បានអះអាងថា លោកគ្មានក្តីបារម្ភឡើយចំពោះព្រឹទ្ធសភា ដោយសារព្រឹទ្ធសភា ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឱ្យបក្សលោក៕
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com