កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាហែលទឹកពាក់ជើងទា ឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤ ជាកំណត់ត្រា
17, May 2023 , 8:19 pm        
រូបភាព
កីឡាការិនី កាំង មុយនីន ផ្តល់បទសម្ភាស​ដល់អ្នកសារព័ត៌មាន
កីឡាការិនី កាំង មុយនីន ផ្តល់បទសម្ភាស​ដល់អ្នកសារព័ត៌មាន
កីឡាករហែលទឹក​ពាក់ជើងទា (Finswimming) សម្រេចបាន​ជោគជ័យ​ដ៏ធំធេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២នៅពហុកីឡដ្ឋានជាតិមរតក​តេជោពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៤ ខែឧសភា។ ក្រោយទទូលបានមេដាយ​សំរឹទ្ធ១លើកដំបូងបំផុតនៅ​វៀតណាម ម្ចាស់ផ្ទះ​កម្ពុជា​រកបាន​មេដាយ​មាស២ ប្រាក់១ និងសំរឹទ្ធ៤។ កីឡាការិនី កាំង មុយនីន ក្លាយជាម្ចាស់កំណត់ត្រាប្រវត្តិសាស្ត្រនៃការហែលទឹកពាក់ជើងទាកម្ពុជា ដែលឈ្នះមេដាយមាស​២តែម្នាក់ឯងក្នុងស៊ីហ្គេម​លើទឹក​ដី​របស់ខ្លួន។

 
លើ​វិញ្ញាសា​ហែលចម្ងាយ​២០០ម៉ែត្រ កីឡាការិនី កាំង មុយនីន បានទៅ​ដល់ទីមុន​គេជាមួយ​ថិរវេលា ០១:៥១.៦៩០ ដើម្បីទទួល​បានមេដាយ​មាស។ កីឡាការិនី​ហ្វីលីពីន Alexi Cabayaran បានមេដាយ​ប្រាក់ដោយ​ប្រើ​ថិរវេលា ០១:៥៦.២៩០។ កាន់តែរំភើបនោះ កីឡាការិនី​កម្ពុជាម្នាក់ទៀត គឺ ឃឺន ប៊ុនពេជ្យ​មរកត បាន​មេដាយ​សំរឹទ្ធ​ជាមួយ​នឹង​ថិរវេលា​ ០១:៥៧.០៤០ ដោយនាំមុខ​កីឡាការិនី​៥នាក់ទៀតពី​សិង្ហបុរី ហ្វីលីពីន និង​ម៉ាឡេស៊ី។



មេដាយមាស​ទីពីរ​របស់ កាំង មុយនីន បាន​លើ​វិញ្ញាសា​ហែល​ចម្ងាយ​៤០០ម៉ែត្រ។ នៅវគ្គជម្រុះ មុយនីន និង ប៊ុនពេជ្យ​មរកត បញ្ចប់ក្នុងចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ក្នុង Heat 2 របស់ខ្លួន។ ឈាន​ចូល​ដល់ជុំផ្តាច់ព្រ័ត្រ មុយនីន បន្ត​ទៅ​ដល់ទីមុនគេ​ក្នុង​ថិរវេលា ០៣:៥៩.០១០ ។ កីឡាការិនី​ឥណ្ឌូណេស៊ី Raqiel Azzahra បានមេដាយប្រាក់ជាមួយ​ថិរវេលា ០៤:០៥.៩៧០។ ប៊ុនពេជ្យមរកត ក៏ទទួលបានមេដាយ​សំរឹទ្ធ​ទីពីរ​របស់ខ្លួន​ផងដែរ ក្នុង​ឋិរវេលា ០៤:០៩.៦២០ ដោយនាំមុខគូប្រជែង៥រូបទៀតពីសិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី។
 
មេដាយ​ប្រាក់១ ដែលកម្ពុជាទទួលបាននោះ គឺ​សម្រេច​បានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសាហែលចម្ងាយ២០០ម៉ែត្រ (Men’s 200m Surface) ក្នុងថិរវេលា ០១:៣២.​៧៦០ ខណៈ ទួន ទិត្យ​សត្យា ដែលជាកីឡាករកម្ពុជាមួយរូបទៀត ឈ្នះមេដាយសំរឹទ្ធដោយ​ប្រើ​ថិរវេលា ០១:៣២.៧៧០។ មេដាយមាស​បាន​ទៅ​លើ​កីឡាករថៃ Wuthiphat Sa-Nguanwong ក្នុងថិរវេលា ០១:២៩.៨០០ រីឯកីឡាករហ្វីលីពីន២រូប និងសិង្ហបុរី២រូបទៀត ស្ថិតនៅក្រៅ​តំបន់មេដាយ។
 
ក្រៅពីមេដាយ​សំរឹទ្ធ២របស់ ពេជ្យមរកត និង១​របស់ ទិត្យសត្យា មេដាយសំរឹទ្ធមួយទៀត​ដែលកម្ពុជាទទួលបាន គឺនៅលើវិញ្ញាសា​ហែល​ហែលបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Men’s Relay 4x200m Surface) ដោយមាន​កីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម និង​ឆោម ច័ន្ទថន ក្នុងថិរវេលា ០៦:២៧.១៨០។ ក្រុមវៀតណាម​បានមេដាយមាស (០៥:៥០.០៣០)  រីឯក្រុមឥណ្ឌូណេស៊ី បានមេដាយ​ប្រាក់ (០៥:៥២.១៨០)។ ក្រុមហ្វីលីពីន និងសិង្ហបុរី នៅក្រោយគេ។
 
 
 
បើគិត​លើ​ចំនួនមេដាយ​ដែលអត្តពលិកទទួលបាននោះ កាំង មុយនីន បានមេដាយ​មាស​២, លឹម សុខវឌ្ឍន៍នន្ទ បាន​ប្រាក់១ សំរឹទ្ធ១, ឃឺន ប៊ុនពេជ្យមរកត បានសំរឹទ្ធ២, ទួន ទិត្យសត្យា បានសំរឹទ្ធ២ ខណៈលឹម កែវឧត្តម និង​ឆោម ច័ន្ទថន បានសំរឹទ្ធម្នាក់១។
 
សម្រាប់វិញ្ញាសាហែលទឹកពាក់ជើងទានេះ កម្ពុជា​ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤។ វៀតណាមឈរលើកំពូលតារាងមេដាយ ជាមួយ​មាស១៤ ប្រាក់១១ សំរឹទ្ធ៤, ឥណ្ឌូណេស៊ីលេខ២ ដោយឈ្នះមាស​៦ ប្រាក់​១០ សំរឹទ្ធ​៥។ ថៃឈ្នះមេដាយមាស​២ ប្រាក់១ សំរឹទ្ធ១០។
 
ហ្វីលីពីន​ស្ថិតនៅ​លេខ​៥ បន្ទាប់ពីកម្ពុជា ដោយ​បានឈ្នះមេដាយ​ប្រាក់១,ម៉ាឡេស៊ី ទទួលបាន​សំរឹទ្ធ១ រីឯសិង្ហបុរី មិន​ទទួលបាន​មេដាយណាមួយឡើយ។
 
ដោយឡែក​កីឡាហែលទឹក កីឡាលោតទឹក និង​កីឡា​បាល់ទឹក មិនទទួលបាន​មេដាយឡើយ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២នេះ បើទោះបីជាមានវិញ្ញាសាមួយចំនួន​ឈាន​ទៅដល់ជុំផ្តាច់ព្រ័ត្រក៏ដោយ៕
 
រាយការណ៍​បន្ថែមដោយ អ៊ូ សុខមាន
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com