ជាតិ
មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហា
18, May 2023 , 7:59 am        
រូបភាព
មន្ទីរពេទ្យតេជោសែនកោះធំ បានសាងសង់រួចរាល់។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
មន្ទីរពេទ្យតេជោសែនកោះធំ បានសាងសង់រួចរាល់។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
មន្ទីរពេទ្យតេជោសែនកោះធំ បានសាងសង់រួចរាល់ហើយ ដោយរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តប៉ុណ្ណោះ ។ មន្ទីរពេទ្យនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហាខាងមុខ។



លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) នៃគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត ដែលគ្រោងបំពាក់ក្នុងមន្ទីរពេទ្យតេជោសែនកោះធំ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការនៅថ្ងៃទី១៧ ខែឧសភា។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស បានចុះ MOU នៃគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត
 
មន្ទីរពេទ្យតេជោសែនកោះធំ ដែលបានសាងសង់រួចរាល់ ១០០ភាគរយ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុងប៉ុណ្ណោះ។ មន្ទីរពេទ្យតេជោសែនកោះធំ នឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣។
 
បើតាមក្រសួងសាធារណការ មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។
 
សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ​ខេត្តតាកែវ​។ 
 
មន្ទីរពេទ្យតេជោសែនកោះធំ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ បានសាងសងលើផ្ទៃដីប្រមាណ ១,៣ហិកតា ដែលមានអគារថ្មីចំនួន ៣ខ្នង ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ​បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើការព្យាបាលអ្នកជំងឺ៕ 
 

Tag:
 មន្ទីរពេទ្យតេជោសែនកោះធំ
© រក្សាសិទ្ធិដោយ thmeythmey.com