អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ព្រមានចិនពីផលវិបាក បើហ៊ានវាយតៃវ៉ាន់
17, May 2023 , 5:59 pm        
រូបភាព
លោកស្រី Liz Truss អតីតនាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព AFP
លោកស្រី Liz Truss អតីតនាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព AFP
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃទី១៧ ខែឧសភា បានព្រមានចិនពីផលវិបាក និងទណ្ឌកម្មជាច្រើន ប្រសិនបើហ៊ានវាយប្រហារលើតៃវ៉ាន់។ ក្នុងដំណើរទស្សនកិច្ចទៅតៃវ៉ាន់ អតីតមេដឹកនាំរដ្ឋាភិបាលអង់គ្លេស បានអំពាវនាវឱ្យប្រទេសប្រជាធិបតេយ្យការពារតៃវ៉ាន់ផងដែរ។

 
លោកស្រី Liz Truss អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅថ្ងៃទី១៦ ខែឧសភា។ នេះជាអតីតនាយករដ្ឋមន្រ្តីអង់គ្លេសដំបូងដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់ បន្ទាប់ពីលោកស្រី Margaret Thatcher នៅក្នុងឆ្នាំ១៩៩៦។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៧ ខែឧសភា លោកស្រី Truss បានព្រមានពីផលវិបាកចំពោះចិន ប្រសិនហ៊ានវាយប្រហារលើតៃវ៉ាន់។ 
 
«វាពិតជាច្បាស់ណាស់ ដែលលោកប្រធានាធិបតីស៊ី ជិនភីង មានមហិច្ឆតាលើការយកតៃវ៉ាន់»។ អតីតមេដឹកនាំរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់បែបនេះ ដោយបន្តថា អ្វីដែលប្រទេសប្រកាន់ប្រជាធិបតេយ្យអាចធ្វើបាន គឺធានាថា តៃវ៉ាន់ត្រូវបានការពារ ហើយរដ្ឋាភិបាលចិន គួរតែយល់ថា វានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើព្យាយាមគ្រប់គ្រងតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំងយោធា។ 
 
ទន្ទឹមនេះ លោកស្រី Truss បានប្រាប់អ្នកសារព័ត៌មានទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវការសម្ព័ន្ធសន្តិសុខដែលមានប្រព័ន្ធដឹកនាំដូចអង្គការណាតូ ជាជាងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS និងដៃគូសន្តិសុខចតុភាគី QUAD ដើម្បីធានាសន្តិសុខ ក្នុងតំបន់។ 
 
លើសពីនេះ អតីតមេដឹនាំអង់គ្លេស បានអំពាវនាវឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ និងសហភាពអឺរ៉ុប ធ្វើការរួមគ្នា ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើចិន ដើម្បីផ្លាស់ប្តូរកាយវិការរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីកុំឱ្យគំរាមប្រទេសដទៃ។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Truss នៅតៃវ៉ាន់នេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេស​ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យអ្នកនយោបាយអង់គ្លេស បញ្ឈប់ការគាំទ្រកម្លាំងចង់បានឯករាជ្យតៃវ៉ាន់ និងកែប្រែកំហុសរបស់ខ្លួន។ បន្ថែមពីនេះ ចិន បានចាត់ទុកសកម្មភាពរបស់លោកស្រី Truss ធ្វើឱ្យមានការរីកសាយនៃភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់ផង៕ 
 

Tag:
 អង់គ្លេស
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com