អន្តរជាតិ
អ៊ុយក្រែនប្រាប់ចិនថា ក្រុងកៀវមិនយកសំណើបញ្ចប់សង្រ្គាមជាមួយក្រុងមូស្គូឡើយ បើបាត់បង់ទឹកដី
18, May 2023 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba  បានជួបជាមួយលោក Li Hui ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការតំបន់ Eurasia នៅថ្ងៃទី១៧ ខែឧសភា។ រូបភាព Reuters
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបជាមួយលោក Li Hui ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការតំបន់ Eurasia នៅថ្ងៃទី១៧ ខែឧសភា។ រូបភាព Reuters
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់ប្រេសិតចិនថា រដ្ឋាភិបាលក្រុងកៀវ មិនទទួលយកសំណើណាមួយក្នុងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីឡើយ ប្រសិនដែនដីខ្លួននៅតែបន្តបាត់បង់។ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៧ ខែឧសភា។

 
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃទី១៧ ខែឧសភា បានជួបជាមួយលោក Li Hui ប្រេសិតពិសេសរបស់ចិន និងជាអតីតអគ្គរដ្ឋទូតប្រចាំនៅរុស្ស៊ី ដើម្បីជជែកពីបញ្ហាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាការបញ្ឈប់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។ 
 
«លោក Kuleba បានបញ្ជាក់ថា អ៊ុយក្រែនមិនទទួលយកសំណើណាមួយឡើយ ដែលពាក់ព័ន្ធនឹងការបាត់បង់ដែនដី ឬធ្វើឱ្យជម្លោះមិនត្រូវបានដោះស្រាយឡើយ»។ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា ការស្តារសន្តិភាពឡើងវិញ គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែនជាលើកដំបូងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភានេះ លោក Li Hui ក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ។ យ៉ាងណាមិញ ភាគីចិន មិនបានបញ្ជាក់ពីសម្តីរបស់លោក Li ឡើយ។ 
 
តាមក្រសួងការបរទេសចិន ប្រេសិតរបស់ខ្លួនរំពឹងធ្វើទស្សនកិច្ចនៅរុស្ស៊ូ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ដើម្បីជជែកពីមធ្យោបាយស្វែងរកដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីជួបភាគីជម្លោះទាំងអស់។ 
 
កន្លងមក រុស្ស៊ី បានអះអាងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុងកៀវ បានតបថា កិច្ចចរចានឹងកើតមាន លុះត្រាតែក្រុងមូស្គូ ដកទ័ពចេញពីដែនដីរបស់ខ្លួនទាំងអស់។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅតែបន្តកើតមាន ខណៈជំនួយអាវុធជាច្រើនពាន់លានដុល្លារពីសំណាក់លោកខាងលិច ត្រូវបានបញ្ជូនមកអ៊ុយក្រែនជាបន្តបន្ទាប់ ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com