កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កម្ពុជាឈ្នះមាស១ ប្រាក់៤ សំរឹទ្ធ១ពីអុក​ចត្រង្គ និងសំរឹទ្ធ៣ពីអុក​ចិន
19, May 2023 , 3:12 pm        
រូបភាព
អុក​ចត្រង្គ ត្រូវបាន​ដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្ពុជា​ដណ្តើមបានមេដាយមាស១ ប្រាក់៤ និង​សំរឹទ្ធ១។ បន្ទាប់នៅទីតាំងដដែល អុក​ចិន (Xiangqi) បានបន្តដំណើរការប្រកួតពីថ្ងៃទី​១២​ ដល់ថ្ងៃទី​១៥ ខែឧសភា ដោយ​កម្ពុជា ទទួលបានមេដាយសំរឹទ្ធ៣ ផងដែរ។

 
សម្រាប់ប្រភេទកីឡាអុក​ចត្រង្គ ដែលបង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កីឡាករ-កីឡាការិនីពី​៧​ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម បាន​ប្រកួតប្រជែង​លើ​៧​វិញ្ញាសា។
 
អុកចត្រង្គ៖ មេដាយមាស​១ ប្រាក់៤ សំរឹទ្ធ១
លើវិញ្ញាសាអុក​ចត្រង្គទោលផ្នែក​បុរស៥នាទី (Singles 5-Minute) កម្ពុជាបានមេដាយ​២ គឺមេដាយមាស​រកបាន​ដោយកីឡាករ សុខ លឹមហេង រីឯមេដាយ​សំរឹទ្ធ បានទៅ​លើ​កីឡាករ នូ ចាន់​ផានិត។ 
 
ក្នុងការប្រកួតជម្រុះពូល A សុខ លឹមហេង បានយកឈ្នះកីឡាករហ្វីលីពីន Edmundo Oseo Gatos, កីឡាករីមីយ៉ាន់ម៉ា Naing Myo Lin, កីឡាករវៀតណាម Nguyen Quang Trung, កីឡាករឡាវ Heuangboutsy Inthanouphet ហើយស្មើជាមួយកីឡាករថៃ Tupfah Khumnorkaew។
 
ជ័យជម្នះ៤ និងស្មើ១ នាំឱ្យ សុខលីមហេង កីឡាករ សុខ លឹមហេង ដែលជាម្ចាស់ជើងឯកអង្គ​សង្គ្រាន្តឆ្នាំ២០២៣  ឈរលើកំពូល​តារាងពូល A ដោយត្រូវប៉ះកីឡាករវៀតណាម Nam Thang Hoang នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
 
រីឯនៅក្នុងពូល B កីឡាករកម្ពុជា នូ ចាន់ផានិត ក៏ឈរលើកំពូលតារាងផងដែរក្រោយឈ្នះ៤ ស្មើ១ ដូចគ្នា ពោលគឺឈ្នះកីឡាករហ្វីលីពីន Young Abuno Angelo, កីឡាករមីយ៉ាន់ម៉ា Aung Naing, កីឡាករវៀតណាម Nam Thang Hoang, កីឡាករឡាវ Khongsavanh Senglek និងស្មើកីឡាករថៃ Meechai Kaewfainok។
 
កីឡាករ នូ ចាន់ផានិត បាន​ឡើងទៅ​ប្រកួតវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយប៉ះជាមួយ​លេខ​២ពូល​ A គឺ​កីឡាករវៀតណាម Nguyen Quang Trung។ កីឡាករ ចាន់ផានិត បាន​រងបរាជ័យ ហើយទទួលបានមេដាយ​សំរឹទ្ធស្ទួនជាមួយ​កីឡាករវៀតណាម Nam Thang Hoang។
 

ក្រោយយក​ឈ្នះ​ Nam Thang Hoang កីឡាករ សុខ លីមហេង បាន​បន្តយកឈ្នះ Nguyen Quang Trung ម្តងទៀត ហើយទទួលបាន​មេដាយ​មាស​ដំបូង​សម្រាប់កម្ពុជាពីកីឡាអុក​ចត្រង្គ។
 
បន្ថែមពីលើនេះ កម្ពុជា​បាន​ទទួលមេដាយ​ប្រាក់​ចំនួន​៤។ កីឡាករ សំ កក្កដា បាន​លើ​វិញ្ញាសាបុរស​ទោល​៦០នាទី (Singles 60-Minute) ក្រោយចាញ់​កីឡាករថៃ Boonsueb Saeheng នៅវគ្គផ្តាច់ព្រ័ត្រ។ នាជំនួប​វគ្គជម្រុះតាមពូល កក្កដា បានយកឈ្នះកីឡាករហ្វីលីពីន Edmundo Oseo Gatos, កីឡាករឡាវ Chi Yang, កីឡាករថៃ Tinnakrit Arunnuntapanich, កីឡាករមីយ៉ាន់ម៉ា Aung Naing តែចាញ់កីឡាករវៀតណាម Vo Thanh Ninh។
 
ឈានដល់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សំ កក្កដា បានយកឈ្នះកីឡាករវៀតណាម Khoa Bao ប៉ុន្តែបានខកឱកាសមេដាយមាស ក្រោយចាញ់កីឡាករថៃ Boonsueb Saeheng។ កីឡាករវៀតណាមទាំងពីររូប គឺ Vo Thanh Ninh និង Khoa Bao ទទួលបានមេដាយសំរឹទ្ធស្ទួន។
 
សម្រាប់វិញ្ញាសាគូបុរស៦០នាទី (Doubles 60-minute) កីឡាករ ប៊ូ ប៊ុណ្ណម៉ាលីកា និងយ៉ាន សុខលាង បានមេដាយ​ប្រាក់។ នៅ​ការប្រកួត​វិលជុំ ក្រុម​កម្ពុជា បានឈរចំណាត់ថ្នាក់លេខ២ ដោយ​ឈ្នះ៥ និងចាញ់១ ពោលគឺ​ឈ្នះក្រុម​វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, ម៉ាឡេស៊ី តែចាញ់ក្រុមថៃ។
 
សរុបលទ្ធផលគ្រប់ការប្រកួត ក្រុមកីឡាករថៃ Warot Kananub និង Worathep Timsri បានមេដាយមាស, កីឡាករកម្ពុជា ប៊ូ ប៊ុណ្ណម៉ាលីកា និងយ៉ា សុខលាង។ មេដាយសំរឹទ្ធស្ទួន បាន​លើក្រុម​ហ្វីលីពីន Jan Emmanuel Encarnacion Garcia និង Paulo Sales Bersamina រួមជាមួយក្រុមវៀតណាម Quang Trung Nguyen និង Trong Binh Phan។
 
មេដាយប្រាក់១ទៀត បានលើ​វិញ្ញាសា៣ទល់៣រយៈពេល​៦០នាទី (Triples 60-Minute) ដោយមាន​កីឡាករ ជា ស៊ីដេត, ឈាវ បូរ៉ា និង​សុខ លឹមហេង។ នៅវគ្គជម្រុះ កម្ពុជា បានយកឈ្នះ​ក្រុម​មីយ៉ាន់ម៉ា, វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ប៉ុន្តែចាញ់ក្រុមថៃ។
 
សរុបពិន្ទុរួម ក្រុមថៃ Warot Kananub, Wisuwat Teerapabpaisit និង Worathep Timsri បានមេដាយមាស, ក្រុមកម្ពុជា ជា ស៊ីដេត, ឈាវ បូរ៉ា និង​សុខ លឹមហេង បានមេដាយ​ប្រាក់ រីឯមេដាយ​សំរឹទ្ធស្ទួន​បាន​លើក្រុមវៀតណាម Dương Thế Anh, Hoàng Nam Thắng និង Trần Quốc Dũng និងក្រុមមីយ៉ាន់ម៉ា Nay Oo Kyaw Tun, Nyein Chan, Win Zaw Htun។
 
ក្នុង​វិញ្ញាសា​៤ទល់៤ រយៈពេល​៦០នាទី (Quadruples 60-minute) ក្រុម​កីឡាករកម្ពុជា ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ ក៏ទទួលបានមេដាយ​ប្រាក់ផងដែរ ក្រោយបានយកឈ្នះក្រុមហ្វីលីពីន, មីយ៉ាន់ម៉ា, ស្មើក្រុមវៀតណាម និងចាញ់ក្រុមថៃ។
 
ក្រុមថៃ Wisuwat Teerapabpaisit, Ekkalak Ngammeesri, Tinnakrit Arunnuntapanich និង Boonsueb Saeheng បានមេដាយមាស។ ក្រុម​កម្ពុជា ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ បានមេដាយប្រាក់ រីឯក្រុមហ្វីលីពីន Rogelio Madrigal Antonio, Darwin Rosales Laylo, Paulo Sales Bersamina និង Jan Emanuel Encarnacion Garcia រួមទាំងក្រុម​វៀតណាម Bảo Khoa, Dương Thế Anh, Trần Quốc Dũng និង Võ Thành Ninh បានសំរឹទ្ធស្ទួន។
 
ចំណែក​វិញ្ញាសានារីទោល​៦០នាទី និងគូនារី​៦០នាទីវិញ កម្ពុជាមិនទទួលបាន​លទ្ធផលល្អឡើយ ដោយ​វៀតណាមទទួលបានមេដាយមាសទាំងពីរវិញ្ញាស ហើយ​ហ្វីលីពីន ក៏ទទួលមេដាយ​ប្រាក់ទាំង​ពីរវិញ្ញាសាដូចគ្នា​ផងដែរ។
 
សម្រាប់តារាងមេដាយ​លើប្រភេទកីឡាអុកចត្រង្គនេះ ថៃឈរលេខ១ ដោយឈ្នះមេដាយមាស៤ និងសំរឹទ្ធ១, វៀតណាមបានមេដាយមាស​២ ប្រាក់១ សំរឹទ្ធ៧, កម្ពុជា បានមេដាយមាស១ ប្រាក់៤ សំរឹទ្ធ១, ហ្វីលីពីន បាន​មេដាយ​ប្រាក់២ សំរឹទ្ធ៣ រីឯមីយ៉ាន់ម៉ា បាន​មេដាយ​សំរឹទ្ធ២។
 
អុកចិន៖ សំរឹទ្ធ៣
ងាកទៅ​កីឡាអុកចិន (Xiangqi) ឯណោះវិញ កម្ពុជាទទួលបានមេដាយ​សំរឹទ្ធចំនួន​៣ក្នុងការប្រកួតប្រជែង​សរុប​៤វិញ្ញាសា។ វិញ្ញាសា Standard Single បានទៅលើកីឡាករ Keung On Chan ដោយប្រកួតឈ្នះ២ ស្មើ២ និងចាញ់មួយ។ 
 
កីឡាករកម្ពុជារូបនេះ បានមេដាយសំរឹទ្ធស្ទួន ជាមួយ​កីឡាករវៀតណាម Nguyen Thanh Bao ខណៈកីឡាករវៀតណាមមួយរូបទៀត គឺ Lai Ly Huynh បានមេដាយមាស រីឯកីឡាករសិង្ហបុរី Alvin Woo Tsung Han បានមេដាយប្រាក់។


សម្រាប់វិញ្ញាសា Men’s Rapid Team វិញ ក្រុម​កីឡាករកម្ពុជា ហេង ចំណាន និងជូ យូគឿន បានសំរឹទ្ធស្ទួនជាមួយ​ក្រុមសិង្ហបុរី Junyang Ng និង Low Yi Hao។ មេដាយមាស​បានលើក្រុម​វៀតណាម Dang Cuu Tung Lan និង Nguyen Quang Nhat, មេដាយប្រាក់បាន​លើក្រុមម៉ាឡេស៊ី Tan Yu Huat និង Yeoh Thean Jern។ សម្រាប់វិញ្ញាសានេះ ក្រុមកម្ពុជាបានឈ្នះ២ និងស្មើ៣ នាការប្រកួតជម្រុះ។
 
មេដាយសំរឹទ្ធចុងក្រោយ បានលើវិញ្ញាសា Men’s Blitz Team ដែលមានកីឡាករ ហេង ចំណាន និង Keung On Chan។ កម្ពុជាបាន​ស្ទួនជាមួយ​ក្រុមម៉ាឡេស៊ី Sim Yip How និង Yeah Thean Jern។ ក្រុម​សិង្ហបុរី Alvin Woo Tsung Han និង Low Yi Hao បានមេដាយមាស, ក្រុម​វៀតណាម Chu Tuan Hai និង Ha Van Tien បានមេដាយ​ប្រាក់។ នាវគ្គជម្រុះ ក្រុមកម្ពុជាបានប្រកួតឈ្នះ២ និងចាញ់៣។
 
សម្រាប់ប្រភេទកីឡាអុកចិននេះ វៀតណាមឈរលេខ១ ដោយ​ឈ្នះមេដាយមាស​២ ប្រាក់២ សំរឹទ្ធ១​, សិង្ហបុរី លេខ២ ជាមួយមេដាយ​មាស​២ ប្រាក់១ សំរឹទ្ធ២, ម៉ាឡេស៊ី បានមេដាយ​ប្រាក់១ សំរឹទ្ធ២ និងកម្ពុជាបានមេដាយសំរឹទ្ធ៣៕ 
 
រាយការណ៍បន្ថែមដោយ គឹម មករា, ជា យូគៀង, ឌួក ដែន
 

© រក្សាសិទ្ធិដោយ thmeythmey.com