កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឈ្នះមេដាយមាសស៊ីហ្គេម កីឡាករបាល់ទាត់ឥណ្ឌូណេស៊ីបានប្រាក់រង្វាន់ម្នាក់២៧០០០ដុល្លារ
19, May 2023 , 4:44 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ U-22 ឥណ្ឌូណេស៊ីផ្នែកបុរស ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមរយៈការយកឈ្នះថៃទាំងចម្រូងចម្រាស ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ឈ្នះមេដាយមាសលើកដំបូងក្រោយរង់ចាំ៣២ឆ្នាំ U-22 ឥណ្ឌូណេស៊ី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលខ្លួនក្នុងម្នាក់២៧០០០ដុល្លារ ។



រដ្ឋាភិបាលឥណ្ឌូណេស៊ីបានត្រៀមថវិកាសរុបចំនួន ១៣០,៥ ពាន់លាន IDR (៨៧៤០០០ដុល្លារ) សម្រាប់ជាប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដែលឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា។ យ៉ាងណាក៏ដោយ ថវិការត្រៀមនេះ ទំនងជាមិនគ្រប់នោះឡើយ ដ្បិតអត្តពលិកឥណ្ឌូណេស៊ីឈ្នះមេដាយលើសផែនការ។ នេះបើតាមការផ្សាយរបស់កាសែតឥណ្ឌូណេស៊ី Ruetir នៅថ្ងៃទី១៧ ខែឧសភា។
 
អត្តពលិកឥណ្ឌូណេស៊ី បានជួយក្រុមប្រទេសពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីវៀតណាម និងថៃ ដោយទទួលបានមេដាយសរុប២៧៦ ក្នុងនោះមាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩។
 
តាមរយៈការផ្សាយរបស់កាសែតឥណ្ឌូណេស៊ីដដែល រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសផ្តល់រង្វាន់ដល់អត្តពលិកដែលឈ្នះមេដាយមាសក្នុងការប្រកួតឯកត្តជន ចំនួន៣៣០០០ដុល្លារ មេដាយប្រាក់២០០០០ដុល្លារ និងសំរឹទ្ធ១០០០០ដុល្លារ។ ដោយឡែកមេដាយមាសសម្រាប់ការប្រកួតជាគូ ទទួលបាន២៧០០០ដុល្លារ ប្រាក់១៦០០០ដុល្លារ និងសំរឹទ្ធ៨០០០ដុល្លារ។ សម្រាប់មេដាយមាសជាក្រុមទទួលបានក្នុងម្នាក់២៧០០០ដុល្លារ ប្រាក់៨០០០ដុល្លារ និងសំរឹទ្ធ៧០០០ដុល្លារ។
 
ជាមួយនឹងជ័យជម្នះរបស់ក្រុមបាល់ទាត់ U-22 ឥណ្ឌូណេស៊ី ក្រោយអាក់ខានតាំងពីស៊ីហ្គេមឆ្នាំ១៩៩១ ប្រាកដណាស់ពួកគេនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់២៧០០០ដុល្លារ ពីរដ្ឋាភិបាលរបស់ពួកគេ៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com