អន្តរជាតិ
ប្រធានាធិបតីចិន បង្ហាញគម្រោងអភិវឌ្ឍទ្រង់ទ្រាយធំសម្រាប់តំបន់អាស៊ីកណ្ដាល
19, May 2023 , 9:59 pm        
រូបភាព
ប្រធានាធិបតីចិន​ ស៊ី ជិនភីង បានបង្ហាញគម្រោងអភិវឌ្ឍដ៏ធំមួយនៅចំពោះមុខមេដឹកនាំប្រទេសតំបន់អាស៊ីកណ្ដាល ស្របពេលដែលចិនកំពុងបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ដែលសម្បូរទៅដោយប្រភពថាមពល តែក៏ស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ីផងនោះ។

 
ប្រធានាធិបតីចិន ស៊ី ជិនភីង បានស្វាគមន៍មេដឹកនាំប្រទេសទាំង៥នៅអាស៊ីកណ្ដាលមានកាហ្សាក់ស្ថាន គៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថាននៅទីក្រុងស៊ីអាន ខេត្តសានស៊ី សម្រាប់ជំនួបកំពូលចិន-អាស៊ីកណ្ដាលនៅថ្ងៃទី១៩ ខែឧសភា។ លោក ស៊ី ក៏ប្រកាសពីផែនការរបស់ចិនក្នុងការអភិវឌ្ឍតំបន់មួយនេះចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម។
 
ចំពោះមុខមេដឹកនាំអាស៊ីកណ្ដាល ប្រធានាធិបតីចិន ក៏បញ្ជាក់ពីការត្រៀមខ្លួនរបស់ចិនក្នុងការសម្របម្រួលគោលនយោបាយអភិវឌ្ឍរបស់ប្រទេសទាំង៥ និងជំរុញការធ្វើទំនើបកម្មសម្រាប់ទាំងអស់គ្នា។ ប្រមុខដឹកនាំចិនរូបនេះក៏បញ្ជាក់ដែរថា ចិនត្រៀមខ្លួនជួយប្រទេសអាស៊ីកណ្ដាលលើការជំរុញការអនុវត្តច្បាប់ សន្តិសុខ និងការកសាងសមត្ថភាពការពារជាតិ។
 
«កិច្ចប្រជុំកំពូលនេះ បានបន្ថែមកម្លាំងរុញច្រានថ្មីដល់ការអភិវឌ្ឍ និងការងើបឡើងវិញរបស់ប្រទេសទាំង៦ និងបានបញ្ចូលថាមពលវិជ្ជមានដ៏រឹងមាំទៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់។» លោក ស៊ី បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាស៊ីកណ្តាល។ 
 
លោក ស៊ី ក៏បានប្រកាសពីការផ្ដល់លុយចំនួន៣,៨ពាន់លានដុល្លារជាកញ្ចប់ជំនួយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ សម្រាប់រយៈពេលវែង ចិនក៏នឹងសាងសង់ច្រករបៀបដឹកជញ្ជូនអន្តរជាតិនៅតាមសមុទ្រកាសព្យែន និងប្រព័ន្ធដឹកជញ្ជូនចិន-អឺរ៉ុបផងដែរ។
 
ជាមួយនឹងការក្រាលកម្រាលព្រំក្រហមទទួលមេដឹកនាំទាំង៥ ចិនកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនដើម្បីទាក់ទាញប្រទេសប្លុកអាស៊ីកណ្ដាលដែលកន្លងមកមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីក្នុងនាមជារដ្ឋអតីតសហភាពសូវៀតដូចគ្នា។ ទីក្រុងប៉េកាំង ក៏ត្រូវមើលឃើញថា ប្រជែងឥទ្ធិពលជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងតំបន់នេះដែរ៕
 

Tag:
 ចិន
  អាស៊ីកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com