កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រដ្ឋាភិបាលកម្ពុជា ត្រូវចំណាយជិត២លានដុល្លារលើប្រាក់រង្វាន់មេដាយស៊ីហ្គេម
20, May 2023 , 10:19 am        
រូបភាព
ជិត២លានដុល្លារ នឹងត្រូវចំណាយលើប្រាក់រង្វាន់សម្រាប់អត្តពលិកកម្ពុជាដែលដណ្តើមបានមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ម្ចាស់ផ្ទះកម្ពុជាដែលមាន១១៥៨នាក់ រកបានមេដាយសរុបចំនួន២៨២ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។ កីឡាការិនីកម្ពុជា ប៉ាល់ ឆរស្មី ទទួលបានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១ ច្រើនជាងគេប្រចាំព្រឹត្តិការណ៍ចំណោមអត្តពលិកកម្ពុជា។


 
នៅមុនចាប់ផ្តើមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC) អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកកម្ពុជាគ្រប់រូបដែលដណ្តើមមេដាយទាំង៣ប្រភេទ ទាំងក្នុងស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកទី១២។ អត្តពលិករូបណាដណ្តើមបានមេដាយមាស១នឹងទទួលបានប្រាក់លើកទឹកចិត្ត៤០លានរៀល មេដាយ១ប្រាក់៣០លានរៀល និងសំរឹទ្ធទទួលបាន១៦លានរៀល។ 


 
ក្រោយបើកការប្រកួតប្រជែងជាផ្លូវការរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ក្រុមអត្តពលិកកម្ពុជាអាចដណ្តើមបានមេដាយសរុបច្រើនជាប្រវត្តិសាស្ត្រចំនួន២៨២មេដាយ។ ចំណោមមេដាយទាំង២៨២ មានមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។
 
បើតាមចំនួនមេដាយសរុបទាំង២៨២ រដ្ឋាភិបាលកម្ពុជានឹងត្រូវចំណាយប្រាក់ ៧,៤៩២លានរៀល (ជិត២លានដុល្លារអាម៉េរិក) ដើម្បីលើកទឹកចិត្តដល់អត្តពលិកខ្លួន ដែលដណ្តើមបានមេដាយជូនជាតិ។ 
 
ក្នុងចំណោមអត្តពលិកចូលរួមកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ទាំងអស់ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី និងកីឡាការិនីហែលទឹកសិង្ហបុរី Quah Ting Wen ដណ្តើមបានមេដាយច្រើនជាងគេ និងជាប់ជាកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ផងដែរ។ ឆរស្មី បានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១ ឯ Ting Wen ឈ្នះមេដាយមាស៦ ប្រាក់១។ ឈ្នះមេដាយដល់ទៅ៦ម្នាក់ឯង ឆរស្មី នឹងទទួលបានប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំនួន២០៦លានរៀល៕ 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com