ជាតិ
សង្គមជាតិ
ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រារព្ធបុណ្យផ្កាប្រាក់ ដើម្បីបន្តសង្គ្រោះជីវិតកុមារ នៅមន្ទីរពេទ្យកុមារអង្គរ
21, May 2023 , 7:59 am        
រូបភាព
គ្រូពេទ្យកំពុងពិនិត្យកុមារ ក្នុងមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។ រូបភាពពី មន្ទីរពេទ្យកុមារអង្គរ។
គ្រូពេទ្យកំពុងពិនិត្យកុមារ ក្នុងមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។ រូបភាពពី មន្ទីរពេទ្យកុមារអង្គរ។
សៀមរាប៖ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣មក ព្រះសង្ឃ ពុទ្ធបរិស័ទ បណ្ដស្ថាប័ន ក្រុមហ៊ុននានា និងបុគ្គលិកមន្ទីរពេទ្យ តែងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកា ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដល់កុមារកម្ពុជា។


 
ពិធីបុណ្យផ្កាប្រាក់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនានេះ ក្នុងឆ្នាំនេះ គឺជាឆ្នាំទី១០ហើយ ដែលត្រូវបានរៀបចំឡើង។ ចាប់តាំងពីឆ្នាំទី១ ដល់ឆ្នាំទី៩ ពិធីបុណ្យនេះ បានប្រមូលថវិកាបានចំនួនជិត ៩០ម៉ឺនដុល្លារអាម៉េរិក ស្របពេលដែលប្រតិបត្តិការក្នុងមន្ទីរពេទ្យនេះ ចំណាយប្រមាណរង្វង់៥ ទៅ៦លានដុល្លារក្នុងមួយឆ្នាំៗ។ 
 
សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យកុមារអង្គរ ថវិកាដែលមន្ទីរពេទ្យបានចំណាយមួយឆ្នាំៗ គឺ៧៥ភាគរយ បានពីសប្បុរសជននៅក្រីប្រទេស។ ចំណែកថវិកា ២៥ភាគរយទៀត បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ 

 រូបភាពពី មន្ទីរពេទ្យកុមារអង្គរ។ 
 
ជុំវិញពិធីបុណ្យនេះ នឹងមានការដង្ហែផ្កាប្រាក់ ចាប់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ឆ្ពោះទៅកាន់វត្តរាជបូណ៌ ដោយកាត់តាមផ្សារចាស់ និងតាមផ្លូវមាត់ស្ទឹងផងដែរ។ ការដង្ហែនេះទៀតសោត ក៏មានការចូលរួមពី បណ្តាស្ថាប័ននានា ក្រុមហ៊ុនឧបត្ថម្ភពិធីបុណ្យ និងសប្បុរសជនមួយចំនួន អមដោយភ្លេងឆៃយ៉ាំផងដែរ។ 
 
ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមបរិច្ចាគបច្ច័យផងដែរ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។ សប្បុរសជនអាចបរិច្ចាកតាម ធនាគារ វីង ខេមបូឌាឬភ្នាក់ងារ វីង ដែលមានលេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ), ធនាគារ អេប៊ីអេ (ABA)000 320 555, ធនាគារ អេស៊ីលីដា (ACLEDA)0100 0105 6968 28, ធនាគារ ហត្ថា (HATTHA) 168 000 384 857 និង ធនាគារ ស្ថាបនា (Sathapana)07808082834100102
ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ។ 
 
គួរជម្រាបផងដែរថា មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្នមន្ទីរពេទ្យនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងកម្ពុជា រាប់រយនាក់ក្នុងមួយឆ្នាំៗ៕


 រូបភាពពី មន្ទីរពេទ្យកុមារអង្គរ។ 
 

Tag:
 បុណ្យផ្កាប្រាក់
  ពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com