អន្តរជាតិ
ចិន ជំទាស់សេចក្តីថ្លែងការណ៍ក្រុមប្រទេស G7 មកលើកិច្ចការផ្ទៃក្នុងខ្លួន
21, May 2023 , 11:19 am        
រូបភាព
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ នៅជប៉ុន។  រូបភាព AFP
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ នៅជប៉ុន។ រូបភាព AFP
ក្រសួងការបរទេសចិន នៅថ្ងៃទី២០ ខែឧសភា បានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងចិន ក៏ដូចជាជំរុញឱ្យប្រទេសមួយនេះដាក់សម្ពាធលើរុស្ស៊ី ក្នុងការបញ្ចប់សង្រ្គាម។

 
ក្រុមប្រទេសអ្នកមានទាំង ៧ នៅថ្ងៃទី២០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្នុងនោះក៏មានបញ្ហាផ្ទៃក្នុងកិច្ចពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ទីបេ និងតំបន់ស៊ីនជាំង, បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាម។ 
 
ក្រោយសេចក្តីថ្លែងការណ៍រួមខាងលើ ក្រសួងការបរទេសចិន នៅល្ងាចថ្ងៃដដែល បានចេញមកប្រតិកម្ម និងជំទាស់យ៉ាងខ្លាំង។ 
 
«ក្រុមប្រទេស G7 ទាមទារគ្រប់គ្រងលើបញ្ហាពាក់ព័ន្ធចិន បង្ខូច និងវាយប្រហារចិន»។ អ្នកនាំពាក្យក្រសួងការបរទេសចិនមួយរូប បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា ចិនបង្ហាញការមិនពេញចិត្តយ៉ាង និងដាក់ការតវ៉ាចំពោះក្រុមប្រទេស G7។ 
 
ស្របគ្នានេះ ក្រសួងការបរទេសចិន បានបន្ថែមថា ក្រុមប្រទេសអ្នកមានទាំង ៧ បានបង្ហាញពីការគាំទ្រសន្តិភាព និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែការពិតក្រុមប្រទេសមួយនេះ បានបំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងបំផ្លាញការអភិវឌ្ឍរបស់ប្រទេសដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របគ្នានេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេស បានជំរុញឱ្យប្រទេសលោកខាងលិច បញ្ចៀសការប្រើប្រាស់ក្រុមប្រទេស G7 និងវេទិកាផ្សេងទៀត ក្នុងការគាំទ្រឯកភាពរបស់តៃវ៉ាន់។ ប្រធានបទកោះតៃវ៉ាន់ ជាបញ្ហាដ៏សំខាន់មួយក្នុងរយៈពេលចុងក្រោយ ដោយប្រទេសលោកខាងលិច បានចោទចិនជាបន្តបន្ទាប់ ក្នុងការប្រើប្រាស់កម្លាំងយោធ ដើម្បីវាយប្រហារ។ 
 
សូមបញ្ជាក់ថា ក្រុមប្រទេសកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសអ្នកមានទាំង ៧ លើកទី៤៩ បានចាប់ផ្តើមឡើងពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២១ ខែឧសភា។ មេដឹកនាំនៃបណ្តាប្រទេសជាច្រើន បានមកជួបជុំគ្នានៅទីក្រុងHiroshima ដើម្បីជជែកពីបញ្ហាសំខាន់ផ្សេងៗ ជាពិសេសបញ្ហាចិន និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ 
 

Tag:
 ចិន
  G7
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com