អន្តរជាតិ
មេដឹកនាំអ៊ុយក្រែន អញ្ជើញឥណ្ឌាឱ្យគាំទ្រផែនការសន្តិភាពរបស់ខ្លួនក្នុងកិច្ចប្រជុំ G7
21, May 2023 , 4:39 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ពីក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ នៅជប៉ុន ក្នុងថ្ងៃទី២០ ខែឧសភា។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ពីក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ នៅជប៉ុន ក្នុងថ្ងៃទី២០ ខែឧសភា។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២០ ខែឧសភា បានជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ដោយបានអញ្ជើញភាគីឥណ្ឌាឱ្យគាំទ្រផែនការសន្តិភាពរបស់ខ្លួន ក្នុងការស្តារព្រំដែន និងសន្តិភាពឡើងវិញ ក្រោយរុស្ស៊ីឈ្លានពានខ្លួននៅឆ្នាំមុន។

 
ពីក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ (G7) លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ដោយជជែកពីកិច្ចសហប្រតិបត្តិការ ជាពិសេសសង្រ្គាមនៅអ៊ុយក្រែនតែម្តង។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម Twitter លោក ហ្សេលេនស្គី បានសង្ខេបពីផែនការសន្តិភាពអ៊ុយក្រែន ក៏ដូចជាអញ្ជើញមេដឹកនាំឥណ្ឌារូបនេះឱ្យគាំទ្រផែនការសន្តិភាពរបស់ខ្លួន ដូចជាការស្តារព្រំដែនឡើងវិញ សន្តិសុខស្បៀង នុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀត។ 
 
ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានអរគុណឥណ្ឌា ដែលបានគាំទ្របូរណភាពដែនដី អធិបតេយ្យ ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌អោយខ្លួន។ 
 
ចំណែកក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា លោកម៉ូឌី បានប្រាប់លោកហ្សេលេនស្គី ពីការគាំទ្ររបស់ខ្លួនលើកិច្ចពិភាក្សា និងការទូត ដើម្បីស្វែងរកច្រកចេញនៃសង្រ្គាម។ កន្លងមក ឥណ្ឌាមិនធ្លាប់រិះគន់រុស្ស៊ីឡើយ ជុំវិញការឈ្លានពានលើអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ឥណ្ឌាជាទីផ្សារប្រេងដ៏ធំសម្រាប់រុស្ស៊ី ក្នុងការនាំចេញប្រេងឆៅ៕ 
 

Tag:
 អ៊ុយក្រែន
  ឥណ្ឌា
  G7
© រក្សាសិទ្ធិដោយ thmeythmey.com